កីឡាអន្តរជាតិ
អន្តរជាតិ
អាល្លឺម៉ង់ គាំទ្រ​អង់គ្លេស​ឲ្យ​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០៣០
14, Nov 2017 , 9:58 am        
រូបភាព
សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​គូប្រជែង​អាល្លឺម៉ង់​ដើម្បី​ឲ្យ​អង់គ្លេស​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់ FIFA World Cup ឆ្នាំ ២០៣០​។ នេះ​បើតាម​ការចុះផ្សាយ​របស់ DailyMail​។​



​បន្ទាប់ពី​បរាជ័យ​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ ម្តងមកហើយ​នោះ នៅពេលនេះ FA នៅ​មិនទាន់មាន​ការសម្រេចចិត្ត​ណាមួយ​ដើម្បី​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ World Cup សម្រាប់​ឆ្នាំ​២០៣០ ដែល​រំពឹងថា​នឹង​ធ្វើឡើង​ក្នុងប្រទេស​នៅ​ទ្វីបអឺរ៉ុប​នោះទេ​។​

​ប៉ុន្តែ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់​លោក Reinhard Grindel បានប្រកាស​នៅមុន​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​អាល្លឺម៉ង​និង​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​ទី​១១ ខែវិច្ឆិកា ថា​ប្រទេស​របស់លោក​នឹង​គាំទ្រ​អង់គ្លេស​យ៉ាង​ពេញទំហឹង​ក្នុងនាម​ជា​បេក្ខភាព​ក្នុង​តំបន់​អឺរ៉ុប​នេះ​។​


     លោក Reinhard Grindel ដែលគាំទ្រអង់គ្លេសធ្វើម្ចាស់ផ្ទះ World Cup 2030

​ការប្រកាស​គាំទ្រ​មុន​កាលកំណត់​នេះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង រួមទាំង​មានការ​លើកឡើង​អំពី​ប្រវត្តិសាស្ត្រ​ដែល​អង់គ្លេស​ធ្លាប់​គាំទ្រ​អាល្លឺម៉ង​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ពិភពលោក​នេះ​កាលពី​ឆ្នាំ​២០០៦ ហើយ​អា​ល្លឺ​ក៏​ធ្លាប់​គាំទ្រ​អង់គ្លេស​ធ្វើ​ម្ចាស់ផ្ទះ Euro ឆ្នាំ​១៩៩៦ ដែរ​។ ក្រុម​ទាំងពីរ​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀងៗ​ខ្លួន​។​

​លើសពីនេះ​ទៀត​នោះ លោក Aleksander Ceferin ដែលជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប ក៏​ចង់បាន​បេក្ខភាព​មកពី​ទ្វីបអឺរ៉ុប​គឺ​អង់គ្លេស​នេះ​តែម្តង​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០៣០​ផងដែរ​៕


Tag:
 បាល់ទាត់​
  FIFA World Cup
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com