ជាតិ
សេដ្ឋកិច្ច
កម្ពុជា និងចិន ចុះ MOU លើគម្រោងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតជាង ១០
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងភាគីចិន បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ចំនួនពីរស្ដីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ដែលមានគោលបំណងសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតមួយចំនួននៅក្នុងប្រទេស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
MOU ទី១ ត្រូវបានធ្វើឡើងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម តំណាង រដ្ឋាភិបាលកម្ពុជា និងភាគីចិន តំណាងដោយធនាគារ Export-import bank of china និងក្រុមហ៊ុន CITIC group corporation នៅថ្ងៃទី១៣ខែវិច្ឆិកា។ MOUទី១នេះមានគោលបំណងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនៃប្រទេសទាំងពីរ ដើម្បីធានាភាពជោគជ័យនៃគម្រោង។ MOU ទី២ ត្រូវបានបង្កើតឡើងរវាងក្រសួងទាំងពីរខាងលើ និងភាគីចិនដោយក្រុមហ៊ុន CITIC construction និងក្រុមហ៊ុន Henan yuguang international economic & technical cooperation ដោយមានគោលបំណងកំណត់មូលដ្ឋានសម្រាប់រៀបចំ និងអនុវត្តគម្រោង ដែលរួមមាន ការសាងសង់ ប្រតិបត្តិការ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធគម្រោង។
គម្រោងដែលត្រូវបានចុះ MOU នេះមានទិសដៅបង្កើតឃ្លាំងស្តុកស្រូវ-អង្ករ ដែលផ្អែកតាមការសិក្សារបឋម គម្រោងនឹងសាងសង់ឃ្លាំងស្តុក និងឡសម្ងួតចំនួន ១៥ ដែលមានសម្ថភាពសម្ងួតស្រូវដល់ទៅ ១៩៥០០ តោនក្នុងមួយថ្ងៃ និងអាចស្តុកស្រូវបានដល់ ១លានតោន។ គម្រោងនេះនឹងអនុវត្តក្នុងខេត្តចំនួន ១១ ដែលមានសក្ដានុពលផ្នែកស្រូវអង្ករ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះឲ្យដឹងថា គម្រោងនេះក៏នឹងសម្របសម្រួលការផ្ដល់ប្រាក់កម្ចីរបស់ធនាគារដល់កសិករ និងពាណិជ្ជករផងដែរ តាមរយៈយន្តការយកស្តុកស្រូវជាវត្ថុបញ្ចាំ ដែលនឹងជួយដល់ការបង្វិលសាច់ប្រាក់ក្នុងវិស័យនេះ។
ពេលវេលាអនុវត្តគម្រោង និងថវិកា មិនត្រូវបានបញ្ជាក់នៅក្នុងប្រកាសព័ត៌មាននេះឡើយ តែក្រសួងបានឲ្យដឹងថា រដ្ឋាភិបាលនឹងស្នើប្រើប្រាស់ឥណទានសម្បទានពីភាគីចិន ដើម្បីអនុវត្តគម្រោងនេះ។
នេះទំនងជាគ្រោងដែលកម្ពុជា និងចិនបានជជែកគ្នាច្រើនឆ្នាំដែរហើយ ដែលរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១៥ បានបញ្ជូនសំណើខ្ចីប្រាក់ពីចិនប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំងស្តុក និងឡសម្ងួតមួយចំនួននៅក្នុងប្រទេស៕
© រក្សាសិទ្ធិដោយ thmeythmey.com