ជាតិ
​បច្ចេកវិទ្យា
បច្ចេកវិទ្យា Blockchain អាចជួយ​ជ្រោមជ្រែង​តម្លាភាព​នៅ​តំបន់​អាស៊ីអាគ្នេយ៍
14, Nov 2017 , 7:59 pm        
រូបភាព
ដោយ: VOA
​ភ្នំពេញ ៖ ចូរ​អ្នក​ស្រមៃ​មើលថា អ្នក​អាច​យក​អេក្រង់​ទូរស័ព្ទ​មក​ស្កែ​ន​លើ​ត្រី​ដាក់លក់​នៅ​ផ្សារ​ទំនើប​មួយ ហើយ​ភា្ល​មៗ​នោះ​អ្នកនឹង​ឃើញ​កំណត់ត្រា​អំពី​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទាំងស្រុង​នៃ​ត្រី​ទាំងនោះ​។​



​ចាប់ពី​បច្ចេកទេស​ប្រើប្រាស់​ដោយ​អ្នកនេសាទ ដែល​បាន​ចាប់​ត្រី​ទាំងនោះ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី រហូតដល់​ពេលដែល​ត្រី​នោះ​ត្រូវបាន​ដឹកជញ្ជូន​ចេញ និង​របៀប​ធ្វើ​ត្រី​នោះ​ក្នុង​រោងចក្រ​មួយ​នៅ​ប្រទេស​របស់​អ្នក (​គឺថា​) អ្វីៗ​ទាំងអស់នេះ​មាននៅ​ក្នុង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។​

​គម្រោង​សាកល្បង​បច្ចេកវិទ្យា​ដូចខាងលើ​នេះ គឺជា​ការពិនិត្យ​ពិ​ច្ច័​យ​ទៅលើ​សក្តានុពល​របស់​ប​ច្ចេក​វិទ្យា Blockchain ដើម្បី​លើកកម្ពស់​តម្លាភាព​នៅក្នុង​វិស័យ​នានា ដែល​មិនមាន​ប្រសិទ្ធភាព ឬ​ដែល​លាក់បាំង នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​

​បច្ចេកវិទ្យា Blockchain ដែលជា​បច្ចេកវិទ្យា​បង្កើតឡើង​ដំបូង​ដើម្បី​ដោះដូរ និង​បញ្ជាក់​ភាព​ពិតប្រាកដ​របស់​រូបិយប័ណ្ណ​ឌីជីថល Bitcoin ជា​មូលដ្ឋាន គឺ​ការធ្វើ​បញ្ជី​គណនេយ្យ​មួយ ដែលមាន​ទម្រង់​ជា​ប្រព័ន្ធ​សំណុំ​កុំព្យូទ័រ មិនអាច​កែប្រែបាន​។​

​ខ្សែស្រឡាយ​បណ្តុំ​ព័ត៌មាន ប្រទាក់ក្រឡា​គ្នា នៅក្នុង​សំណុំ​កុំព្យូទ័រ អនុញ្ញាត​ឲ្យ​មានការ​ត្រួតពិនិត្យ​បញ្ជី​ទិន្នន័យ​នៃ​កុំព្យូទ័រ ដោយ​អ្នកប្រើប្រាស់​ពី​ម្នាក់​ទៅ​ម្នាក់​។ បច្ចេកវិទ្យា Blockchain អាច​ប្រើ​ដើម្បី​បញ្ជាក់​លម្អិត​ការធ្វើ​បញ្ជី​គណនេយ្យ​នៅ​គ្រប់​ទម្រង់​ណាមួយ ដែលមាន​លើសពី​រូបិយប័ណ្ណ​ឌីជីថល​ទៅទៀត​។​

​អ្នកស្រី Alisa Dicaprio ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន R3 ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កម្មវិធី​កុំព្យូទ័រ​ផ្នែក​ប្រ​ត្តិ​ប​ត្តិ​ការ​ហិរញ្ញវត្ថុ​សម្រាប់​សាជីវកម្ម ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចែកចាយ​បញ្ជី​គណនេយ្យ​ជា​សាធារណៈ​តាម​បណ្តាញ​កុំព្យូទ័រ​នេះ បាន​និយាយថា​៖

«​បច្ចេកវិទ្យា​នេះ​លុបចោល​នូវ​តម្រូវការ ដែល​ទាមទារ​ឲ្យ​មាន​អាជ្ញាធរកណ្តាល ដែល​នៅក្នុង​បរិបទ​នេះ ជា​រដ្ឋាភិបាល​»​។​

​នៅក្នុង​តំបន់ ដែល​កំណត់ត្រា​សំខាន់ៗ ដូចជា​ជា ឯកសារ​បញ្ជាក់​អត្តសញ្ញាណ និង​កម្មសិទ្ធិ ត្រូវបាន​ភាគី​ខាងក្រៅ​ពិនិត្យមើល​តិចតួច ឬ​មិន​ពិនិត្យមើល​ទាល់តែសោះ បច្ចេកវិទ្យា Blockchain ផ្តល់​ជា​អត្ថប្រយោជន៍​ជាច្រើន​។​

​អ្នកស្រី Erin Murphy ស្ថាបនិក និង​នាយក​ក្រុមហ៊ុន Inle Advisory Group ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អាជីវកម្ម ដែល​ផ្តោតទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ទីផ្សារ​ទើប​ចាប់ផ្តើម​រីកដុះដាល បាន​និយាយថា តំបន់​ជំនួញ​ធំៗ​នៅ​អាស៊ី​កំពុងតែ​ពិនិត្យមើល​ទៅលើ​បច្ចេកវិទ្យា Blockchain ដើម្បី​ជម្រះ​ករណី​កេង​បន្លំ និង​សម្រួល​ប្រតិបត្តិការ​នានា​។​

​អ្នកស្រី​បាន​សរសេរ​នៅក្នុង​សារ​អេ​ឡិច​ត្រូ​និ​ចមួយ​ថា​៖

«​អ្វីដែល​ប្រសើរ​បំផុត​នោះ គឺ​យើង​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain ជា​ផ្លូវការ​ក្នុង​តំបន់​។ ប៉ុន្តែ​ប្រហែល​មិនមែនជា​ការគួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ដែល​រដ្ឋាភិបាល​កំពុង​ដឹកនាំ​ការប្រើប្រាស់​បច្ចេកវិទ្យា Blockchain ភាគច្រើន​ជា រដ្ឋាភិបាល​ដែលមាន​អំពើពុករលួយ​តិចតួច​រួចទៅហើយ​»​។​

​អ្នកស្រី​បាន​បន្តថា រដ្ឋាភិបាល​មួយ​នៅក្នុង​ចំណោម​នោះ​គឺ រដ្ឋាភិបាល​សិង្ហ​បុរី ដែល​កំពុងតែធ្វើការ​ជាមួយនឹង​ធនាគារ​ធំៗ​នៅលើ​ផ្នែក​បច្ចេកវិទ្យា Blockchain ដើម្បី​ចាត់​របៀប និង​លើកកម្ពស់​សេវាកម្ម​ចំពោះ​អ្នកប្រើប្រាស់​។​

​នៅតាម​បណ្តា​ប្រទេស​ដទៃទៀត បច្ចេកវិទ្យា Blockchain ត្រូវបាន​ប្រើ​សម្រាប់​ហេតុផល​ផ្សេង​ទាំងស្រុង​។ នៅ​ប្រទេស​ហ្វីលីពីន ទីផ្សារ​ប្រាក់​បញ្ជូន​ត្រឡប់​មកពី​ក្រៅ ប្រទេស មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ ត្រូវបាន​វាតទី​ដោយ​ក្រុមហ៊ុន​នានា ដែល​ផ្តល់​សេវាកម្ម​ថោក ដោយ​ផ្អែកលើ​បច្ចេកវិទ្យា Blockchain និង​រូបិយប័ណ្ណ Bitcoin ដែល​អ្នកប្រើប្រាស់​អាចធ្វើ​ប្រតិបត្តិ​ការជួញដូរ ដោយ​មិនចាំបាច់​មាន​គណនី​ធនាគារ​។​

​អ្នកស្រី Murphy បាន​និយាយថា​៖

«​រាល់​ជំហាន ដែល​ត្រូវបាន​ធ្វើឡើង​ដំបូង​ឡើយ ប្រហែល​មិនត្រូវ​បាន​គេ​មើលឃើញ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ប្រឆាំង​អំពើពុករលួយ​នោះទេ ហើយ​ប្រហែល​បច្ចេកវិទ្យា​នេះ​ត្រូវបាន​យកទៅ​ដោះស្រាយ​បញ្ហា​ពុករលួយ​ទៅវិញ​។ បច្ចេកវិទ្យា [Blockchain]​ទំនង​នឹង​ត្រូវគេ​មើលឃើញ​ក្នុង​បរិបទ​អភិវឌ្ឍន៍ ដើម្បី​ជំរុញ​ការកាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​វិស័យ​នានា​ឲ្យ​ដល់​កម្រិតស្តង់ដារ​អន្តរជាតិ ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស​»​។​

​លើសពី​រូបិយប័ណ្ណ​

​មាន​គម្រោង​សាកល្បង​បច្ចេកវិទ្យា Blockchain ជាច្រើន ដែលមាន​គោលដៅ​បម្រើការ​ច្បាស់លាស់ នៅ​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន​ទាំង​ប្រព័ន្ធ​ផ្តល់​កម្មសិទ្ធិ​ដីធ្លី ដែល​កំពុងស្ថិត​ក្រោម​កា​រ​អភិវឌ្ឍ​នៅ​ប្រទេស​ស៊ុយអែត និង​ជប៉ុន​។​

​កាលពី​ខែមិថុនា អង្គការសហប្រជាជាតិ​បានបង្ហាញ​ប្រព័ន្ធ​មួយ​ដោយ​ផ្អែកទៅលើ​បច្ចេកវិទ្យា Blockchain ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​សហការ​ជាមួយនឹង​ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Accenture ដែល​ផ្តល់​ឲ្យ​ក្រុម​ជនភៀសខ្លួន ដែល​មិនមាន​ទីតាំង​ស្នាក់អាស្រ័យ​ជាក់លាក់ នូវ​អត្តសញ្ញាណ​អចិន្ត្រៃយ៍​មួយ ដោយ​ផ្អែកលើ​ទិន្នន័យ​ផ្នែក​ជីវសាស្ត្រ​។​

​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត អ្នក​អាច​ឃើញ​លទ្ធផល​នៃ​ការសាកល្បង ដែល​ត្រូវបាន​បញ្ចេញ​កាលពី​ខែឧសភា ដែល​បាន​តាមដាន​ខ្សែសង្វាក់​ផលិតកម្ម​សំលៀកបំពាក់​ពី​អ្នក​រចនា​ម៉ូដ អ្នកស្រី Martine Jarlgaard នៃ​ក្រុមហ៊ុន Alpaca Mirror Jumper មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុង​ដ៍ ពី​កសិដ្ឋាន​មួយ​នៅ​ក្រុង Dulverton ចក្រភព​អង់គ្លេស តាម​គ្រប់​ជំហាន​នៃ​ខ្សែសង្វាក់​ផលិតកម្ម​បន្តបន្ទាប់​រហូតដល់​ក្រុង​ឡុង​ដ៍ ដែល​រួមមាន ទីតាំង សមាសធាតុ និង​តែម​បញ្ជាក់​ពេលវេលា​។​

​អ្នកស្រី DiCaprio នៃ​ក្រុមហ៊ុន R3 បាន​និយាយថា នៅ​ត្រូវការ​ពេលវេលា​យូរ ដើម្បី​អាច​សម្រេច​ឲ្យ​បាន​នូវ​ការដាក់បញ្ចូល​បច្ចេកវិទ្យា ដែល​ទើបនឹង​បង្កើតឡើង​ថ្មី ទៅក្នុង​វិស័យ​មួយ ដែលមាន​ភាពស្មុគស្មាញ​។​

​អ្នកស្រី​បាន​និយាយថា​៖

«​សមត្ថភាព​បច្ចេកវិទ្យា​នៅក្នុង​ការសម្រេច​ឲ្យ​បាន​ដំណើរការ​បច្ចេកវិទ្យា Blockchain គឺមាន​នៅក្នុង​ប្រទេស​កំ​ពុង​អភិវឌ្ឍន៍​ភាគច្រើន​។ ប្រទេស​ទាំងនោះ​មាន​វិស្វករ ដែល​អាច​សរសេរ​កូដ​លើ​បច្ចេកវិទ្យា Blockchain បាន​។ ប៉ុន្តែ​ការយល់ដឹង​ពី​របៀប​នៅក្នុង​ការប្រើប្រាស់​បច្ចេក​វិទ្យា​នេះ​ក្នុង​បរិបទ​ធុរកិច្ច គឺ​នៅមានកម្រិត​នៅឡើយ​។​

​អ្នកស្រី DiCaprio ប៉ាន់​ស្មានថា គេ​ត្រូវ​ប្រើពេល​ប្រហែល​ប្រាំ​ឆ្នាំ មុនពេល​យើង​អាច​ឃើញ​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ក្នុង​ទម្រង់​ធំ ហើយ​អ្នកស្រី​ជឿថា ឥទ្ធិពល​ខ្លាំងក្លា​ជាងគេ​នឹង​កើតមានឡើង​នៅ​កម្រិត​ម៉ាក្រូសេដ្ឋកិច្ច​។​

​អ្នកស្រី​បានលើកឡើង​ថា​៖

«​ជា​ឧទាហរណ៍ វិស័យ​មួយ ដែល​កំពុងតែ​វិ​វត្ត​ទៅមុខ​យ៉ាង​លឿន​នោះ គឺ​វិស័យ​ជំនួញ​ហិរញ្ញវត្ថុ​។ ហើយ​ក្នុង​វិស័យ​ជំនួញ​ហិរញ្ញវត្ថុ ជាទូទៅ​អ្នក​និយាយ​ពី​ក្រុមហ៊ុន​ធំៗ នៅ​អាស៊ី ដែល​ភាគច្រើន​ធ្វើការ​នាំចេញ ឬ​នាំចូល ពី​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​»​។​

​អ្នកស្រី​បាន​បន្ថែមថា ប្រតិបត្តិ​ការជួញដូរ​ហិរញ្ញវត្ថុ​លឿន​ជាង​មុន ថោក​ជាង​មុន និង​ប្រកបដោយ​តម្លាភាព​ជាង​មុន គួបផ្សំ​ជាមួយនឹង​ការកាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឲ្យ​កម្ចី និង​សុំ​កម្ចី នឹងមាន​ទៅដល់​កម្រិត​ភូមិ​ឃុំ​។​

​ឯករាជ្យភាព​ពី​អាជ្ញាធរកណ្តាល​

​សហគមន៍​អ្នកគាំទ្រ​បច្ចេកវិទ្យា Blockchain មានការ​ខ្វែងគំនិត​គ្នា​យ៉ាងខ្លាំង​ទៅលើ​តម្លៃ​បែងចែក​។​

​មនុស្ស​មួយចំនួន​យល់ឃើញថា បច្ចេកវិទ្យា Blockchain ដែលមាន​ពាក្យស្លោក​ថា «​ជា​ធនាគារ​ដោយ​ខ្លួនឯង​» ជា​បច្ចេកវិទ្យា​មួយ ជា​មូលដ្ឋាន​អាច​ពង្រឹង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅលើ​ពិភពលោក ដែល​ពួកគេ​ជឿថា បច្ចុប្បន្ន​ប្រកបដោយ​អំពើពុករលួយ​។​

​អ្នកជំនួញ​រូបិយប័ណ្ណ​ឌីជីថល Bitcoin ម្នាក់ ដែលមាន​មូលដ្ឋាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ដែល​ផ្តល់​តែ​ឈ្មោះ​ក្រៅ​របស់លោក​ថា FlippingABitCoin ដោយ​ព្រួយបារម្ភ​ថា ខ្លួន​អាច​ប្រឈម​នឹង​ការ​លួច​ប្លន់ បាន​និយាយថា​៖

«​មានឱកាស​យ៉ាង​ធំ​សម្រាប់​ពួកយើង​នៅទីនេះ ក្នុង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ ដោយ​មិន​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​»​។​

​នាពេល​បច្ចុប្បន្ន មនុស្ស​រាប់ពាន់​លាន​នាក់ ដែល​ត្រូវបាន​កាត់ផ្ដាច់​ចេញពី​ប្រព័ន្ធ​ធនាគារ​ផ្លូវការ នឹងមាន​លទ្ធភាព​ប្រើប្រាស់​លុយ​សិប្ប​និមិត្ត ដែលមាន​ទូទាំង​ពិភពលោក ដោយ​មិនចាំបាច់​មាន​ឈ្មូ​ញ​កណ្តាល និង​ដោយ​មិន​ប្រើប្រាស់​អ្វី​ផ្សេង​ក្រៅពី​ទូរស័ព្ទដៃ​។​

​លោក​បាន​និយាយថា​៖ «​បច្ចេកវិទ្យា​នេះ​នឹងធ្វើ​ឲ្យ​ការប្រកួតប្រជែង​ស្មើភាព​ជាង​មុន​»​។​

​ក្រុម​អ្នកគាំទ្រ​មួយក្រុម​ទៀត បាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​នានា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា Blockchain ដូចដែល​ប្រទេស​កាណាដា សិង្ហ​បុរី ចិន និង​អាល្លឺម៉ង់​ធ្លាប់​បានធ្វើ ដែល​ប្រទេស​ទាំងនេះ​អាច​កំពុងតែ​ស្វែងយល់ ឬ​ធ្វើការ​សាកល្បង​ផ្ទាល់​ទៅលើ​រូបិយប័ណ្ណ​ឌីជីថល ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា Blockchain​។​

​លោក Michael Hsieh ដែលជា​សមាជិក​មិនមែន​អចិន្ត្រៃយ៍​នៅ​មជ្ឈមណ្ឌល​សម្រាប់​សន្តិសុខ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ Stanford បាន​សរសេរ​នៅក្នុង​សា​រអា​ឡិច​ត្រូ​និ​ចមួយ​ថា​៖

«​នៅក្នុង​រយៈពេល​វែង យើង​ជឿថា ប្រសិនបើ​មានការ​គំរាមកំហែង​ណាមួយ​ទៅលើ​រដ្ឋាភិបាល​នានា នោះ​គឺ ការប្រើប្រាស់​បច្ចេកវិទ្យា Blockchain នៅក្នុង​ការបង្កើត​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដែល​បង្ក​ឲ្យ​មាន អំពើពុករលួយ​ថយចុះ តម្លាភាព និង​សន្តិសុខ​ខ្ពស់ ដែល​នឹង​នាំ​ឲ្យ​មាន ជំនឿ​ទុកចិត្ត​លើ​ផ្នែក​ជំនួញ ការវិនិយោគ និង​ទៅលើ​ម្ចាស់​ភាគហ៊ុន​»​។​

​លោក​បាន​បន្តថា​៖

«​ប្រទេស​ណា ដែល​នឹង​នាំមុខគេ​នៅក្នុង​ការប្រកួតប្រជែង​ផ្នែក​ច្នៃប្រឌិត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សតវត្សរ៍​ទី​២១​នេះ នឹង​កេងចំណេញ​ពី​មូលធន និង​ផលិតភាព​ពី​ប្រទេស​ណា ដែល​យឺតយ៉ាវ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com