ជាតិ
សម្ដេច ស្នើ​ចិន ព​ន្លឿ​ន​ការសង់​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-​ព្រះសីហនុ ដែល​ចំណាយ​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​
14, Nov 2017 , 10:54 am        
រូបភាព
សម្ដេច ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាង ក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ វិច្ឆិកា
សម្ដេច ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីចិន លោក លី ខឹឈាង ក្រោយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៣ វិច្ឆិកា
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​ភាគី​ចិន ព​ន្លឿ​ន​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ជួយ​ដល់​ចរន្ត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ការស្នើ​របស់​សម្ដេច ហ៊ុន សែន ធ្វើឡើង​នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាង ក្រោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​ប្រជុំ​ពាក់ព័ន្ធ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។



​ក្នុងជំនួប​ទ្វេរ​ភាគី​នេះ សម្ដេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ចិន អនុវត្ត​គម្រោង​កសាង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​សេដ្ឋកិច្ច ដ៏​សំខាន់​មួយ​របស់​កម្ពុជា​។ ឆ្លើយតប​នឹង​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ចិន លោក លី ខឹ​ឈាង បាន​សន្យាថា​នឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ក្នុង​ការជួយ​ជំរុញ​ឲ្យ​ការកសាង​ផ្លូវ​ល្បឿន​លឿន​នេះ ឲ្យ​បា​នស​ម្រ​ច​ទៅ​ឆាប់រហ័ស ដើម្បី​ចូលរួម​វិភាគទាន​ជំរុញ​កំណើនសេដ្ឋកិច្ច និង​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។​

​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ គឺជា​ជំនួយ​របស់​ភាគ​ចិន ដែល​គ្រោង​ចំណាយ​ថវិកា​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ។ ក្រៅពីនេះ​ចិន ក៏​គ្រោង​ជួយ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ក្រោម​កិច្ចសន្យា​អាជីវកម្ម BOT រយៈពេល ៥៥ ឆ្នាំ​ដែល​ចំណាយ​ថវិកា​ជាង ៩០០​លាន​ដុល្លារ​អាមេរិក​។ ហើយ​អាកាសយានដ្ឋាន​ថ្មី​នេះ ស្ថិត​ចម្ងាយ​ជាង ៥០​គីឡូម៉ែត្រ​ពី​តំបន់​អង្គរវត្ត និង​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​៧០០​ហិកតា​។ គម្រោង​ទាំងពីរ​នេះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​-​ចិន ចុះហត្ថលេខា​ព្រមព្រៀងគ្នា​រួចរាល់​ហើយ ដោយ​ជឿជាក់ថា នឹង​ជំរុញ​កំណើន​ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា​នាពេល​អនាគត​៕


Tag:
 ហ៊ុន សែន​
 ​ ចិន​
  ​ផ្លូវ​ល្បឿន​លឿន​
© រក្សាសិទ្ធិដោយ thmeythmey.com