អន្តរជាតិ
នយោបាយអន្តរជាតិ
មន្ត្រីរដ្ឋាភិបាលសិង្ហបុរីម្នាក់ប្រឈមជាប់គុក២ឆ្នាំពីបទទម្លាយព័ត៌មានទៅអ្នកកាសែត
× មន្ត្រីម្នាក់ដែលបម្រើការនៅក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) របស់រដ្ឋាភិបាលសិង្ហបុរី បានឡើងសវនាការកាលពីថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ក្រោមបទចោទប្រកាន់ «ទម្លាយព័ត៌មានសម្ងាត់» ទៅអ្នកសារព័ត៌មាន។ បើតាមច្បាប់ មន្ត្រីរូបនេះ ប្រឈមជាប់ពន្ធនាគារ២ឆ្នាំ។
លោក Ng Han Yuan អាយុ២៥ឆ្នាំ ដែលជាមន្ត្រីជំនាញនៅក្រុមប្រឹក្សាលំនៅដ្ឋាន និងអភិវឌ្ឍន៍ (HDB) របស់រដ្ឋាភិបាលសិង្ហបុរី បានរងការចោទប្រកាន់ថា បានទម្លាយព័ត៌មានប្រាប់អ្នកស្រី Janice Tai មកពីកាសែត The Straits Times ទាក់ទងនឹងគម្រោងរបស់រដ្ឋាភិបាលក្នុងការដាក់ឲ្យដំណើរការវែបសាយផ្លូវការមួយ ដោយអនុញ្ញាតឲ្យមន្ត្រីរដ្ឋាភិបាលប្រកាសលក់បន្តនូវលំនៅដ្ឋានដែលរដ្ឋផ្តល់ឲ្យ។
ការទម្លាយព័ត៌មានដោយគ្មានការអនុញ្ញាតបែបនេះ ធ្វើឲ្យលោក Ng Han Yuan ត្រូវបានព្យួរពីការងារ មុននឹងបញ្ជូនសំណុំរឿងទៅតុលាការ។ យោងតាមការផ្សាយរបស់ Today Online មន្ត្រីវ័យ២៥ឆ្នាំរូបនេះ ត្រូវរង់ចាំការប្រកាសសាលក្រមនៅថ្ងៃទី១៥ ខែធ្នូ ប៉ុន្តែនៅក្នុងសវនាការ គាត់បានទទួលស្គាល់កំហុស និងមិនត្រូវការមេធាវីការពារក្តីនោះឡើយ។
បើតាមរបាយការណ៍របស់ប៉ូលិស អ្នកកាសែត Janice Tai របស់ The Straits Times បានទាក់ទងស្ថាប័នជំនាញជាច្រើនដើម្បីសាកសួរព័ត៌មានស្តីពីគម្រោងបង្ហោះវែបសាយស្តីពីលំនៅដ្ឋានរបស់មន្ត្រីរដ្ឋាភិបាល ក្នុងនោះមានក្រុមប្រឹក្សា HDB ផងដែរ។
សិង្ហបុរី ត្រូវបានចាត់ទុកជាប្រទេសដែលមានការរឹតត្បិតផ្នែកសារព័ត៌មាន។ បើតាម AFP កាលពីឆ្នាំ២០០៣ អ្នកសេដ្ឋកិច្ច៣នាក់ និពន្ធនាយក១នាក់ និងអ្នកកាសែត១នាក់ បានរងការពិន័យពីបទបង្ហាញទិន្នន័យទាក់ទងនឹងកំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីនាត្រីមាសទីពីរនៃឆ្នាំ១៩៩២ ៕
© រក្សាសិទ្ធិដោយ thmeythmey.com