អន្តរជាតិ
ចិន​-​អាស៊ាន ព្រមព្រៀងគ្នា​ចាប់ផ្តើម​ចរចា​ធ្វើ​«​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​»
14, Nov 2017 , 3:05 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បានសម្រេច​ព្រមព្រៀងគ្នា​ក្នុងការ​ចាប់ផ្តើម​នីតិវិធី​ក្នុងការ​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (CoC) ដើម្បី​បង្កើត​ឲ្យ​មាន​លិ​ខិ​តូ​បក​រណ៍​រួមគ្នា​គ្រប់គ្រង​សកម្មភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ជម្លោះ​រវាង​រដ្ឋ​អាស៊ាន និង​ចិន​នោះ ។



​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន Harry Roque បាន​អះអាងថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​អាស៊ាន​-​ចិន មេដឹកនាំ​អាស៊ាន និង​ចិន នៅ​ថ្ងៃ​១៣ វិច្ឆិកា បាន​ព្រមព្រៀងគ្នា​ក្នុងការ​ចាប់ផ្តើម​ការចរចា​ដើម្បី​ធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ហ្វីលីពីន ABS-CBN ។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ អ្នកនាំពាក្យ​ហ្វីលីពីន ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​អាស៊ាន​រូបនោះ បាន​សង្កត់ធ្ងន់ថា​៖«​លទ្ធផល​ផ្លែផ្កា​មួយ​នៃ​កិច្ចប្រជុំ គឺជា​ការចាប់ផ្តើម​ចរចា​លើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ប្រសិទ្ធភាព និង​ប្រាកដប្រជា​មួយ​»​។​

​សូម​ជម្រាប​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនសមុទ្រ​ដ៏​មាន​សក្តានុពល​ផ្នែក​ធនធានធម្មជាតិ​មួយ ដែល​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ពាក់ព័ន្ធ​អាស៊ាន និង​ចិន មានរឿង​ប្រទាំង​ប្រទើស​គ្នា​ដោយសារតែ​ការទាមទារ​ដែន​អធិបតេយ្យ​ត្រួតស៊ីគ្នា ។ ជម្លោះ ដែល​អូសបន្លាយ​ជាច្រើន​ទសវត្សរ៍​មកនេះ កន្លងមក មាន​រដ្ឋ​សមាជិក​អាស៊ាន​ខ្លះ​ទាមទារ​ឲ្យ​ដោះស្រាយ​រួម ខណៈ​ចិន ជំទាស់​ដាច់ខាត​ថា ត្រូវ​ដោះស្រាយ​ដោយ​ទ្វេភាគី ។​

​ជុំវិញ​នៃ​ការព្រមព្រៀង​គ្នា​ដើម្បី​ធ្វើ​ក្រម​ប្រតិបត្តិ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​មើលឃើញថា វា​ជាស​ញ្ញាណ​វិជ្ជមាន​មួយ ។ យោងតាម​សេចក្តីថ្លែងការណ៍​ក្រសួង​ការ​បរ​ទស​ចិន​ចុះ​ថ្ងៃ​១៣ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី លី ឃឺ​ឈាំ​ង ដែលជា​តំណាង​ចិន​ក្នុង​កិច្ចប្រជុំ​នោះ បានបង្ហាញ​ពី​ជំហរ​ចិន​យ៉ាង​ដូច្នេះ​ថា​៖«​ក្តីសង្ឃឹម​ធំ​បំផុត​របស់​ចិន​នោះ​គឺ សន្តិភាព និង​ស្ថិរភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​»​។

​លោកនាយក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ចិន ក៏​សង្ឃឹម​ដែរ​ថា ការចរចា​លើ​ក្រម​ប្រតិបត្តិ​នឹង​ជួយ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​មាន​ទំនុកចិត្ត និង​ការយោគយល់​គ្នា​រួម ហើយ​ចិន នឹង​ព្យាយាម​សម្រេច​ឲ្យ​បាន​ឯកច្ឆន្ទ​ភាព​លើ​បញ្ហា​នេះ ។ តែ​យ៉ាងណាក៏ដោយ លោក មិនអាច​បញ្ជាក់​ពី​ពេល​កំណត់ ដែល​ការចរចា​អាច​ត្រូវ​បានបញ្ចប់​ដោយ​ជោគជ័យ​នៅពេលណា​ឡើយ ៕


Tag:
 ចិន​
  អាស៊ាន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com