ជាតិ
អាជ្ញាធរ យោធា និងក្រុមអ្នកច្បាប់ ត្រៀមបង្ក្រាបក្រុមអ្នកបះបោរផ្តួលរដ្ឋាភិបាលស្របច្បាប់
× រដ្ឋអំណាចបានបង្ហាញសញ្ញានៃការប្រុងជើងការខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាពិសេស នៅពេលដែលសវនាការនៃបណ្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិកាន់តែខិតមកដល់នាថ្ងៃទី១៦ខែវិច្ឆិកាក្នុងសប្តាហ៍នេះ។
ទាំងមេដឹកនាំក្នុងក្របខណ្ឌអាជ្ញាធរដែនដី និងទាំងមេដឹកនាំកងទ័ព សុទ្ធតែបានបញ្ជាឲ្យកម្លាំងក្រោមបង្គាប់ ប្រុងប្រយ័ត្នចំពោះក្រុមចលនាប៉ះបោរណាមួយដែលអាចធ្វើសកម្មភាពអំឡុងនៃការជម្រះបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ ហើយដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
នៅថ្ងៃទី១៣ខែវិច្ឆិកា សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានផ្ញើសេចក្តីជូនដំណឹងមួយទៅបណ្តាអភិបាលខេត្តនៅទូទាំងប្រទេស ដោយស្នើឲ្យមានការរៀបចំក្រុមការងារតាមដានសភាពការណ៍ ដែលអាចបង្កដោយក្រុមចលនាប្រឆាំងរដ្ឋាភិបាល។ បញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រីបានសរសេរច្បាស់ៗយ៉ាងដូច្នេះ៖«ក្រសួងមហាផ្ទៃ ស្នើឲ្យរៀបចំក្រុមការងារ សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២0១៧តទៅ ហើយត្រូវរាយការណ៍មកក្រសួងមហាផ្ទៃ»។
ចំណែកសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏មិនបាននៅស្ងៀមដែរ។ តាំងពីថ្ងៃទី៩ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់កម្ពុជា និងជាថ្ងៃខួបកំណើតនៃកងយោធពលខេមរភូមិន្ទ មេទ័ពរបស់កម្ពុជារូបនេះបានថ្លែងយ៉ាងម៉ឺងម៉ាត់ហើយថា គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយចោល ហើយលោកបានប្រាប់ឲ្យកងទ័ពត្រៀមកម្លាំង ដើម្បីទប់ស្កាត់ចលនាបដិវត្តពណ៌ ទោះជាត្រូវលះបង់ក្នុងតម្លៃអ្វីក៏ដោយ។ រដ្ឋមន្ត្រីការពារជាតិរូបនេះ ប្រាប់ទៅកងទ័ពយ៉ាងដូច្នេះ៖«យើងបានបញ្ជាក់ហើយ បញ្ជាក់ទៀត គឺមិនឲ្យបដិវត្តពណ៌ កើតមាននៅក្នុងប្រទេសកម្ពុជាដាច់ខាត»។
លើសពីកងប្រដាប់អាវុធ អ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ក៏បានព្រមានពីការប្រឈមនឹងផ្លូវច្បាប់ផងដែរ ប្រសិនបើក្រុមណាមួយប្រមូលផ្តុំគ្នា ដាក់សម្ពាធលើស្ថាប័នតុលាការ ដែលនឹងបើកសវនាការលើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧។ «អាជ្ញាធរ មានភារកិច្ចអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់នូវអំពើល្មើសខាងលើនេះ»។ នេះជាការលើកឡើងរបស់លោក គឹម សន្តិភាព ជាមួយសារព័ត៌មាន ហ្វ្រេសញូ (Fresh News )។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការរបស់រដ្ឋអំណាច ដើម្បីការពារសន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ។ ម្យ៉ាងទៀត លោកយល់ថា ការចាត់វិធានការដើម្បីទប់ស្កាត់បាតុភាពអនាធិបតេយ្យ គឺជាការផ្តល់ឱកាសឲ្យតុលាការកំពូល បានបើកសវនាការជំនុំជម្រះក្តី ដោយមានប្រសិទ្ធភាពខ្ពស់។
ប៉ុន្តែ វាទំនងជាគ្មានការប្រមូលផ្តុំអ្វីឡើយ នៅថ្ងៃសវនាការជម្រះបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិនោះ។ នេះបើគេស្តាប់ឮការអះអាងរបស់លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិនោះ។ លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់យ៉ាងច្បាស់លាស់យ៉ាងដូច្នេះ៖«គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានសម្រេចហើយ គឺយើងមិនមានគម្រោង ដើម្បីប្រមូលផ្តុំ ឬកែនកម្លាំងមហាជនអ្វីទាំងអស់»។
ថ្មីៗនេះ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ដែលដើរតួជាដើមបណ្តឹង បានយកភស្តុតាងជាច្រើនផ្សេងទៀត ទៅជួនតុលាការកំពូល ដើម្បីដាក់បន្ទុកបន្ថែម លើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិ។ លើសពីនេះ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ ក៏បានធ្វើបញ្ជីមួយ ដោយមានឈ្មោះនិងរូបថតនៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៧រូប ទៅជូនតុលាការកំពូលផងដែរ ដើម្បីសុំឲ្យតុលាការសម្រេចផ្អាកសកម្មនយោបាយរបស់ពួកគេចំនួន៥ឆ្នាំ។
រីឯគណបក្សសង្គ្រោះជាតិ ដែលជាភាគីរងបណ្តឹងវិញ បែរជាមិនតតបអ្វីទាំងអស់។ គណបក្សសង្គ្រោះជាតិ សម្រេចមិនដាក់ឯកសារ ឬមេធាវី ដើម្បីតតាំងជាមួយក្រសួងមហាផ្ទៃនៅក្នុងតុលាការកំពូលនោះទេ។ សម្រាប់គណបក្សសង្គ្រោះជាតិ អ្វីដែលកំពុងកើតឡើងនៅពេលនេះ ជាសំណុំរឿងនយោបាយ ដែលទាមទារឲ្យមានដំណោះស្រាយបែបនយោបាយវិញ៕
Tag:
CNRP
តុលាការ
រំលាយ
សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com