ជាតិ
អាជ្ញាធរ យោធា និង​ក្រុមអ្នកច្បាប់ ត្រៀម​បង្ក្រាប​ក្រុម​អ្នកបះបោរ​ផ្តួល​រដ្ឋាភិបាល​ស្របច្បាប់​
14, Nov 2017 , 4:19 pm        
រូបភាព
​រដ្ឋអំណាច​បានបង្ហាញ​សញ្ញា​នៃ​ការ​ប្រុង​ជើងការ​ខ្ពស់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។ ជាពិសេស នៅពេលដែល​សវនាការ​នៃ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់តែ​ខិត​មកដល់​នា​ថ្ងៃទី​១៦​ខែវិច្ឆិកា​ក្នុង​សប្តាហ៍​នេះ​។​



​ទាំង​មេដឹកនាំ​ក្នុង​ក្របខណ្ឌ​អាជ្ញាធរ​ដែនដី និង​ទាំង​មេដឹកនាំ​កងទ័ព សុទ្ធតែ​បាន​បញ្ជា​ឲ្យ​កម្លាំង​ក្រោមបង្គាប់ ប្រុងប្រយ័ត្ន​ចំពោះ​ក្រុម​ចលនា​ប៉ះ​បោរ​ណាមួយ​ដែល​អាចធ្វើ​សកម្មភាព​អំឡុង​នៃ​ការជម្រះ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​។​

​នៅ​ថ្ងៃទី​១៣​ខែវិច្ឆិកា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ផ្ញើ​សេចក្តីជូនដំណឹង​មួយ​ទៅ​បណ្តា​អភិបាលខេត្ត​នៅ​ទូទាំងប្រទេស ដោយ​ស្នើ​ឲ្យ​មានការ​រៀបចំ​ក្រុមការងារ​តាមដាន​សភាពការណ៍ ដែល​អាច​បង្កដោយ​ក្រុម​ចលនា​ប្រឆាំង​រដ្ឋាភិបាល​។ បញ្ជា​របស់លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សរសេរ​ច្បាស់ៗ​យ៉ាង​ដូច្នេះ​៖«​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​រៀបចំ​ក្រុមការងារ សម្រាប់​តាមដាន និង​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្តួលរំលំ​រដ្ឋអំណាច​ស្របច្បាប់​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២0១៧​តទៅ ហើយ​ត្រូវ​រាយការណ៍​មក​ក្រសួងមហាផ្ទៃ​»​។​

​ចំណែក​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក៏​មិនបាន​នៅ​ស្ងៀម​ដែរ​។ តាំងពី​ថ្ងៃទី​៩​ខែវិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា និង​ជា​ថ្ងៃ​ខួបកំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ មេទ័ព​របស់​កម្ពុជា​រូបនេះ​បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយចោល ហើយ​លោក​បាន​ប្រាប់​ឲ្យ​កងទ័ព​ត្រៀមកម្លាំង ដើម្បី​ទប់ស្កាត់​ចលនា​បដិវត្ត​ពណ៌ ទោះជា​ត្រូវ​លះបង់​ក្នុងតម្លៃ​អ្វី​ក៏ដោយ​។ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ ប្រាប់​ទៅ​កងទ័ព​យ៉ាង​ដូច្នេះ​៖«​យើង​បានបញ្ជាក់​ហើយ បញ្ជា​ក់ទៀត គឺ​មិន​ឲ្យ​បដិវត្ត​ពណ៌ កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ដាច់ខាត​»​។​

​លើសពី​កង​ប្រដាប់អាវុធ អ្នកនាំពាក្យ​នៃ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ក៏បាន​ព្រមាន​ពី​ការ​ប្រឈម​នឹង​ផ្លូវច្បាប់​ផងដែរ ប្រសិនបើ​ក្រុម​ណាមួយ​ប្រមូល​ផ្តុំគ្នា ដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ដែល​នឹង​បើកសវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ «​អាជ្ញាធរ មាន​ភារកិច្ច​អនុវត្ត​វិធានការ​ចាំបាច់​នានា ដើម្បី​ទប់ស្កាត់​នូវ​អំពើ​ល្មើស​ខាងលើនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក គឹម សន្តិភាព ជាមួយ​សារព័ត៌មាន ហ្វ្រេស​ញូ (Fresh News )​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​វិធានការ​របស់​រដ្ឋអំណាច ដើម្បី​ការពារ​សន្តិភាព ស្ថេរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សាធារណៈ​។ ម្យ៉ាងទៀត លោក​យល់ថា ការចាត់វិធានការ​ដើ​ម្បី​ទប់ស្កាត់​បាតុភាព​អនាធិបតេយ្យ គឺជា​ការផ្តល់​ឱកាស​ឲ្យ​តុលាការ​កំពូល បាន​បើកសវនាការ​ជំនុំជម្រះ​ក្តី ដោយមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ប៉ុន្តែ វា​ទំនងជា​គ្មាន​ការប្រមូលផ្តុំ​អ្វី​ឡើយ នៅ​ថ្ងៃ​សវនាការ​ជម្រះ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។ នេះ​បើ​គេ​ស្តាប់ឮ​ការអះអាង​របស់លោក អ៊ូ ច័ន្ទ​រ័ត្ន ដែលជា​មន្ត្រីជាន់ខ្ពស់រ​បស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។ លោក អ៊ូ ច័ន្ទ​រ័ត្ន បញ្ជាក់​យ៉ាងច្បាស់​លាស់​យ៉ាង​ដូច្នេះ​៖«​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​ហើយ គឺ​យើង​មិនមាន​គម្រោង ដើម្បី​ប្រមូលផ្តុំ ឬ​កែន​កម្លាំង​មហាជន​អ្វី​ទាំងអស់​»​។

​ថ្មីៗ​នេះ ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ ដែល​ដើរតួ​ជាដើម​បណ្តឹង បាន​យក​ភស្តុតាង​ជាច្រើន​ផ្សេងទៀត ទៅ​ជួន​តុលាការ​កំពូល ដើម្បី​ដាក់បន្ទុក​បន្ថែម លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លើសពីនេះ ក្រុម​មេធាវី​របស់​ក្រសួងមហាផ្ទៃ ក៏បាន​ធ្វើបញ្ជី​មួយ ដោយមាន​ឈ្មោះ​និង​រូបថត​នៃ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៧​រូប ទៅជូន​តុលាការ​កំពូល​ផងដែរ ដើម្បី​សុំ​ឲ្យ​តុលាការ​សម្រេច​ផ្អាក​សកម្ម​នយោបាយ​របស់​ពួកគេ​ចំនួន​៥​ឆ្នាំ​។

​រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ភាគី​រង​បណ្តឹង​វិញ បែរជា​មិន​ត​តប​អ្វី​ទាំងអស់​។ គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​មិន​ដាក់​ឯកសារ ឬ​មេធាវី ដើម្បី​តតាំង​ជាមួយ​ក្រសួងមហាផ្ទៃ​នៅក្នុង​តុលាការ​កំពូល​នោះទេ​។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ អ្វីដែល​កំពុង​កើតឡើង​នៅពេលនេះ ជា​សំណុំរឿង​នយោបាយ ដែល​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​បែប​នយោបាយ​វិញ​៕
 


Tag:
 CNRP
  តុលាការ​
  រំលាយ​
  សន្តិសុខ​
© រក្សាសិទ្ធិដោយ thmeythmey.com