អន្តរជាតិ
ឌូ​ទើ​តេ​ទៅកាន់​ត្រាំ ៖ ហ្វីលីពីន ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក
14, Nov 2017 , 8:59 pm         1027
រូបភាព
លោក Donald Trump និងលោក Rodrigo Duterte អំឡុងអាហារពេល​ល្ងាច​នាកិច្ច​ប្រជុំអាស៊ាននៅក្រុងម៉ានីល កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា។ រូបថត រក្សាសិទ្ធិ AFP
លោក Donald Trump និងលោក Rodrigo Duterte អំឡុងអាហារពេល​ល្ងាច​នាកិច្ច​ប្រជុំអាស៊ាននៅក្រុងម៉ានីល កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា។ រូបថត រក្សាសិទ្ធិ AFP
ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់​ត្រាំ និង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ បានចាប់ផ្តើម​ឡើងជា​មួយ​នឹង​ការបិទបាំង ។ ភាគី​ទាំងពីរ បានត្រឹមតែ​អះអាងថា អាមេរិក និង​ហ្វីលីពីន គឺជា​សម្ព័ន្ធមិត្ត និង​មាន​ទំនាក់ទំនង​ពិសេស​នឹង​គ្នា ខណៈ​បញ្ហា​សេដ្ឋកិច្ច និង​ជាពិសេស​នោះ បញ្ហា​សិទ្ធិមនុស្ស​មិនត្រូវ​បាន​ឲ្យ​ដឹងថា​មាន​ក្នុងជំនួប​នោះ​ឬ​យ៉ាងណា ។


«​ខ្ញុំ គ្រាន់តែ​ចង់​និយាយ​សង្ខេប​ខ្លីៗ ។ យើង​(​ហ្វីលីពីន​) គឺជា​សម្ព័ន្ធមិត្ត​របស់​អ្នក​(​អាមេរិក​) ។ យើង គឺជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អ្នក​។​» នេះ គឺជា​ការ​ថ្លែង​ចំណាប់អារម្មណ៍​របស់លោក​ប្រធានាធិបតី ឌូ​ទើ​តេ នៅ​ថ្ងៃ​១៣ វិច្ឆិកា ទៅកាន់​អ្នកសារព័ត៌មាន មុន​ចាប់ផ្តើម​កិច្ចពិភាក្សា​ជាមួយនឹង​លោក​ប្រធានាធិបតី ត្រាំ ដែល​ស្ថិត​នៅក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នោះ ។

​តប​ជាមួយនឹង​ការលើកឡើង​នេះ លោក​ប្រធានាធិបតី ត្រាំ ក៏​មិនបាន​ឲ្យ​ហ្វីលីពីន​ខក​ចិ​ត្តិ​ដែរ ។ លោក ត្រាំ ក៏បាន​បញ្ជាក់ដែរថា​៖«​យើង មាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយនឹង​គ្នា ហើយ​នេះ​គឺជា​រឿង​ដ៏​ជោគជ័យ​មួយ​»​។  លោក​ប្រធានាធិបតី ក៏បាន​ឆ្លៀតឱកាស​សរសើរ​ហ្វីលីពីន​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​យ៉ាង​ល្អ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ផងដែរ ។

​យ៉ាងណាក៏ដោយ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅពេលដែល​អ្នកសារព័ត៌មាន​សួរ​ទៅកាន់​ប្រធានាធិបតី​អាមេរិក ត្រាំ ថា​តើ​លោក​ត្រាំ​នឹង​លើក​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​កិច្ចពិភាក្សា​ឬ​យ៉ាងណា លោក ឌូ​ទើ​តេ បាន​តប​ទាំង​ចម្អក​ថា នេះ​មិនមែនជា​សន្និសីទកាសែត​ឡើយ នេះ​គឺជា​កិច្ចប្រជុំ​ទ្វេភាគី ។

​សូម​ជម្រាប​ផងដែរ​ថា អាមេរិក និង​ហ្វីលីពីន គឺជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​នឹង​គ្នា​ជាច្រើន​ទសវត្សរ៍​មកហើយ ។ តែ​ទំនាក់ទំនង​ទ្វេភាគី​នៃ​ភាគី​ទាំងពីរ ហាក់ដូចជា​បាន​ឃ្លាត​ពីគ្នា​បន្តិច បន្ទាប់ពី លោក​ប្រធានាធិបតី ឌូ​ទើ​តេ ឡើងកាន់​អំណាច ។​

​ឃ្លាត​ពីគ្នា​នោះ ក៏​ព្រោះតែ លោក ឌូ​ទើ​តេ មិន​ពេញចិត្ត​ចំពោះ​ការរិះគន់​របស់​រដ្ឋបាល​ដឹកនាំ​ចាស់​របស់​អាមេរិក ដែល​បាន​រិះគន់​លោក រឿង​បញ្ហា​បង្ក្រាប​គ្រឿងញៀន ដែលជា​គោលនយោបាយ​អាទិភាព​របស់លោក ឌូ​ទើ​តេ​នោះ ។ លោក ឌូ​ទើ​តេ ថែមទាំង​ធា្ល​ប់​ប្រើប្រាស់​ពាក្យពេជន៍​ធ្ងន់ៗ​ទៅកាន់​មេដឹកនាំ​អាមេរិក​ទៀតផង ៕

Tag:
 ហ្វីលីពីន​
  អាមេរិក​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next