អន្តរជាតិ
ឌូទើតេទៅកាន់ត្រាំ ៖ ហ្វីលីពីន ជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក លោក Donald Trump និងលោក Rodrigo Duterte អំឡុងអាហារពេលល្ងាចនាកិច្ចប្រជុំអាស៊ាននៅក្រុងម៉ានីល កាលពីថ្ងៃទី១២ ខែវិច្ឆិកា។ រូបថត រក្សាសិទ្ធិ AFP
× ជំនួបទ្វេភាគីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូទើតេ បានចាប់ផ្តើមឡើងជាមួយនឹងការបិទបាំង ។ ភាគីទាំងពីរ បានត្រឹមតែអះអាងថា អាមេរិក និងហ្វីលីពីន គឺជាសម្ព័ន្ធមិត្ត និងមានទំនាក់ទំនងពិសេសនឹងគ្នា ខណៈបញ្ហាសេដ្ឋកិច្ច និងជាពិសេសនោះ បញ្ហាសិទ្ធិមនុស្សមិនត្រូវបានឲ្យដឹងថាមានក្នុងជំនួបនោះឬយ៉ាងណា ។
«ខ្ញុំ គ្រាន់តែចង់និយាយសង្ខេបខ្លីៗ ។ យើង(ហ្វីលីពីន) គឺជាសម្ព័ន្ធមិត្តរបស់អ្នក(អាមេរិក) ។ យើង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អ្នក។» នេះ គឺជាការថ្លែងចំណាប់អារម្មណ៍របស់លោកប្រធានាធិបតី ឌូទើតេ នៅថ្ងៃ១៣ វិច្ឆិកា ទៅកាន់អ្នកសារព័ត៌មាន មុនចាប់ផ្តើមកិច្ចពិភាក្សាជាមួយនឹងលោកប្រធានាធិបតី ត្រាំ ដែលស្ថិតនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននោះ ។
តបជាមួយនឹងការលើកឡើងនេះ លោកប្រធានាធិបតី ត្រាំ ក៏មិនបានឲ្យហ្វីលីពីនខកចិត្តិដែរ ។ លោក ត្រាំ ក៏បានបញ្ជាក់ដែរថា៖«យើង មានទំនាក់ទំនងដ៏អស្ចារ្យជាមួយនឹងគ្នា ហើយនេះគឺជារឿងដ៏ជោគជ័យមួយ»។ លោកប្រធានាធិបតី ក៏បានឆ្លៀតឱកាសសរសើរហ្វីលីពីនដែលបានដឹកនាំកិច្ចប្រជុំយ៉ាងល្អក្នុងនាមជាប្រធានអាស៊ានផងដែរ ។
យ៉ាងណាក៏ដោយ អ្វីគួរឲ្យកត់សម្គាល់នោះ នៅពេលដែលអ្នកសារព័ត៌មានសួរទៅកាន់ប្រធានាធិបតីអាមេរិក ត្រាំ ថាតើលោកត្រាំនឹងលើកពីបញ្ហាសិទ្ធិមនុស្សក្នុងកិច្ចពិភាក្សាឬយ៉ាងណា លោក ឌូទើតេ បានតបទាំងចម្អកថា នេះមិនមែនជាសន្និសីទកាសែតឡើយ នេះគឺជាកិច្ចប្រជុំទ្វេភាគី ។
សូមជម្រាបផងដែរថា អាមេរិក និងហ្វីលីពីន គឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចនឹងគ្នាជាច្រើនទសវត្សរ៍មកហើយ ។ តែទំនាក់ទំនងទ្វេភាគីនៃភាគីទាំងពីរ ហាក់ដូចជាបានឃ្លាតពីគ្នាបន្តិច បន្ទាប់ពី លោកប្រធានាធិបតី ឌូទើតេ ឡើងកាន់អំណាច ។
ឃ្លាតពីគ្នានោះ ក៏ព្រោះតែ លោក ឌូទើតេ មិនពេញចិត្តចំពោះការរិះគន់របស់រដ្ឋបាលដឹកនាំចាស់របស់អាមេរិក ដែលបានរិះគន់លោក រឿងបញ្ហាបង្ក្រាបគ្រឿងញៀន ដែលជាគោលនយោបាយអាទិភាពរបស់លោក ឌូទើតេនោះ ។ លោក ឌូទើតេ ថែមទាំងធា្លប់ប្រើប្រាស់ពាក្យពេជន៍ធ្ងន់ៗទៅកាន់មេដឹកនាំអាមេរិកទៀតផង ៕
Tag:
ហ្វីលីពីន
អាមេរិក
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com