ជាតិ
គ.ជ.ប ប្រាប់ពលរដ្ឋ ឲ្យទៅពិនិត្យឈ្មោះបោះឆ្នោត ដែលបិទផ្សាយនៅតាមឃុំ-សង្កាត់
× ភ្នំពេញ៖ បញ្ជីឈ្មោះបោះឆ្នោត ត្រូវបានបិទផ្សាយ នៅតាមឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅពិនិត្យឈ្មោះរបស់ខ្លួន ដើម្បីឲ្យដឹងប្រាកដថា មានភាពត្រឹមត្រូវ និងអាចចូលរួមបោះឆ្នោតបាន នៅក្នុងឆ្នាំ២0១៨។
តាមរយៈសេចក្តីអំពាវនាវ គ.ជ.ប បានបញ្ជាក់ថា ប្រសិនបើទិន្នន័យឬព័ត៌មានរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត មានបញ្ហាត្រង់ចំណុចណាមួយ ដូចជា ការសរសេរឈ្មោះមិនបានត្រឹមត្រូវជាដើម ប្រជាពលរដ្ឋ អាចប្តឹងតវ៉ា ដើម្បីសុំកែតម្រូវឡើងវិញ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ ក៏អាចប្តឹងជំទាស់ផងដែរ ប្រសិនបើសង្កេតឃើញថា មានភាពមិនប្រក្រតីកើតឡើងក្នុងបញ្ជីបោះឆ្នោត ដូចជាមានឈ្មោះស្ទួន ជាដើម។
ការប្តឹងតវ៉ា និងការប្តឹងជំទាស់ ត្រូវធ្វើនៅសាលាឃុំ-សង្កាត់ ដែលមានរយៈពេល១0ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។ នេះបើផ្អែកលើសេចក្តីអំពាវនាវរបស់គ.ជ.ប ដដែល។
សូមបញ្ជាក់ ប្រជាពលរដ្ឋជាង ៨.៣លាននាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕
Tag:
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com