ជាតិ
គ​.​ជ​.​ប ប្រាប់​ពលរដ្ឋ ឲ្យ​ទៅពិនិត្យ​ឈ្មោះ​បោះឆ្នោត ដែល​បិទ​ផ្សាយ​នៅតាម​ឃុំ​-​សង្កាត់​
14, Nov 2017 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ជី​ឈ្មោះ​បោះឆ្នោត ត្រូវបាន​បិទ​ផ្សាយ នៅតាម​ឃុំ​-​សង្កាត់ ចាប់ពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ តទៅ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ទៅពិនិត្យ​ឈ្មោះ​របស់ខ្លួន ដើម្បី​ឲ្យ​ដឹង​ប្រាកដថា មាន​ភាពត្រឹមត្រូវ និង​អាច​ចូលរួម​បោះឆ្នោត​បាន នៅក្នុង​ឆ្នាំ​២0១៨​។



​តាមរយៈ​សេចក្តីអំពាវនាវ គ​.​ជ​.​ប បាន​បញ្ជាក់ថា ប្រសិនបើ​ទិន្នន័យ​ឬ​ព័ត៌មាន​របស់ខ្លួន​ក្នុង​បញ្ជី​បោះឆ្នោត មាន​បញ្ហា​ត្រង់ចំណុច​ណាមួយ ដូចជា ការសរសេរ​ឈ្មោះ​មិនបាន​ត្រឹមត្រូវ​ជាដើម ប្រជាពលរដ្ឋ អាច​ប្តឹងតវ៉ា ដើម្បី​សុំ​កែតម្រូវ​ឡើងវិញ​។ ម្យ៉ាងទៀត ប្រជាពលរដ្ឋ ក៏​អាច​ប្តឹង​ជំទាស់​ផងដែរ ប្រសិនបើ​សង្កេតឃើញថា មាន​ភាពមិនប្រក្រតី​កើតឡើង​ក្នុង​បញ្ជី​បោះឆ្នោត ដូចជា​មានឈ្មោះ​ស្ទួន ជាដើម​។

​ការប្តឹងតវ៉ា និង​ការប្តឹង​ជំទាស់ ត្រូវធ្វើ​នៅ​សាលាឃុំ​-​សង្កាត់ ដែលមាន​រយៈពេល​១0​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​។ នេះ​បើ​ផ្អែកលើ​សេចក្តីអំពាវនាវ​របស់​គ​.​ជ​.​ប ដដែល​។

​សូមបញ្ជាក់ ប្រជាពលរដ្ឋ​ជាង ៨.៣​លាន​នាក់ មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨៕


Tag:
 បោះឆ្នោត​
  គ​.​ជ​.​ប​
© រក្សាសិទ្ធិដោយ thmeythmey.com