សង្គមអន្តរជាតិ​
អន្តរជាតិ
កាណាដា ផ្ដល់​ថវិកា​ជិត​៨​លាន​ដុល្លារ សម្រាប់​បណ្ដុះបណ្ដាល​ជំនាញ​យុវជន​អាស៊ាន​
14, Nov 2017 , 5:26 pm         737
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន ៖ ថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៤ វិច្ឆិកា
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន ៖ ថ្នាក់ដឹកនាំក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-កាណាដា លើកទី៤០ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១៤ វិច្ឆិកា
ដោយ: ថ្មីៗ
ភ្នំពេញ​៖ រដ្ឋាភិបាល​កាណាដា ផ្ដល់​ថវិកា​ជិត​៨​លាន​ដុល្លារ​អាមេរិក សម្រាប់​បណ្ដុះបណ្ដាល​យុវជន​នៅក្នុង​តំបន់​អាស៊ាន​។ ជំនួយ​របស់​ប្រទេស​កាណាដា​នេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​កាណាដា លើក​ទី​៤០ ដែល​ធ្វើឡើង​នៅ Reception Hall, PICC ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

 
​កម្មវិធី​អាហា​រូប​ករ​ណ៏​សំខាន់​ថ្មី​នៃ​គម្រោង​កម្មវិធី​ផ្លាស់ប្តូរ​វិស័យ​អប់រំ ដែលមាន​ថវិកា​១០​លាន​ដុល្លារ​កាណាដា (​ជិត​៨​លាន​ដុល្លារ​អាមេរិក​) គឺជា​ជំនួយ​សម្រាប់​ទ្រទ្រង់​ដល់​ការបណ្តុះបណ្តាល​ដល់​យុវជន អ្នកជំនាញ​វ័យ​កណ្តាល ជាពិសេស​ស្ត្រី​ពី​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន បាន​សើ្ន​ឲ្យ​រដ្ឋាភិបាល​កាណាដា បន្ត​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​អាស៊ាន ជាពិសេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ដើម្បី​លើក​កំពស់​ការអភិវឌ្ឍ​គម្រោង​នវានុវត្តន៍ (​គំនិត​បង្កើត​ថ្មី​) និង​កំណើនសេដ្ឋកិច្ច ព្រមទាំង​ការពិចារណា​ផ្តល់ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ផងដែរ​។​
 
​បន្ថែម​ពីនេះ​ថ្នាក់ដឹកនាំ​អាស៊ាន និង​កាណាដា បាន​ឯកភាពគ្នា​ក្នុងការ​ណែនាំ​ដល់​មន្ត្រី​សេដ្ឋកិច្ច ឲ្យ​ចាប់ផ្តើម​កិច្ចពិភាក្សា​រិះរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​- កាណាដា ដ៏​មាន​សក្តានុពល​មួយ​។​
 
​ក្រៅពីនេះ​មេដឹកនាំ​អាស៊ាន​-​កាណាដា ក៏​ពិចារណា​ផ្តួចផ្តើម​បង្កើត​ទិសដៅ​រួមគ្នា​មួយចំនួន ដូចជា ទី​១ កំណត់​ទិសដៅ​ទំហំ​ពាណិជ្ជកម្ម​សរុប​មួយ ដែល​អាច​សំរេចបាន​ក្នុង​រយៈពេល​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ខាងមុខ​។ ២ បង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ការទូត​អាស៊ាន​-​កាណាដា សម្រាប់​ផ្តល់​វគ្គ​បណ្តុះបណ្តាល ឬ​វគ្គ​ប្រហាក់ប្រហែល​ដល់​មន្ត្រីការទូត ឬ​មន្ត្រី​អាស៊ាន​។ ៣ ពិនិត្យ​លទ្ធភាព​បង្កើត​គំនិត​ផ្តួចផ្តើម​ស្តីពី​អ្នកការទូត​វ័យក្មេង​អាស៊ាន សម្រាប់​រយៈពេល​៥​ឆ្នាំ ដែល​អាច​ផ្តល់ឱកាស​ដល់​អ្នកការ​ទូត​វ័យក្មេង ចំនួន​បី​ប្រទេស ដែលជា​សមាជិក​អាស៊ាន និង​កាណាដា ដើម្បី​ពង្រឹង​ជំនាញ​របស់​ពួកគេ ក្នុង​អាជីព​ជា​អ្ន​ការទូត​ជាដើម​៕
Tag:
 ​ហ៊ុន សែន​
 ​កាណាដា​
 ​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1112next