អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
COP23៖ អាមេរិក​មិន​បោះបង់​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ប៉ារីស​ឡើយ ​
14, Nov 2017 , 6:24 pm        
រូបភាព
លោក Paul Bodnar អតីតអ្នកចរចារឿងប្រែប្រួលអាកាសធាតុក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា
លោក Paul Bodnar អតីតអ្នកចរចារឿងប្រែប្រួលអាកាសធាតុក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា
(Bonn)៖ ទោះជា​​ប្រធានាធិបតីអាមេរិក​លោក ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ក្រុងប៉ារីស (Paris Agreement) បណ្តា​ទីក្រុង និង​រដ្ឋ​ជាច្រើន​ជាពិសេស​កាលីហ្វ័រ​នីញ៉ា​មិនបាន​បោះបង់​ការប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឡើយ​។ អតីត​អ្នកចរចារឿងអាកាស​ធាតុ​ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​បញ្ជាក់​ផងដែរ​ថា អាមេរិក មិន​បោះបង់​ទំនួល​ខុសត្រូវ​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ឡើយ​។​
 

អាមេរិក​នៅតែ​បញ្ជូន​ប្រតិភូ​របស់ខ្លួន​មក​ចូលរួម​ចរចាក្នុងសន្និសីទអង្គការសហប្រ​ជា​ជាតិស្តីពីការប្រែប្រួលអាកាស​ធាតុលើកទី ២៣ (COP23) ខណៈដែល​បណ្តា​មេដឹកនាំ​អាមេរិក​តំណាង​រដ្ឋ ទីក្រុង និង​ក្រុមហ៊ុន​អាមេរិក​បង្កើត​យុទ្ធនាកា​រ​មួយ​មាន​ឈ្មោះថា America’s Pledge ដើម្បី​ប្រាប់​ពិភពលោក​ថា អាមេរិក​មិន​បែរខ្នង​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​ឡើយ ទោះ​រដ្ឋបាល ដូ​ណា​ល់ ត្រាំ សម្រេច​ដកចេញ​កាលពី​ខែមិថុនា​កន្លងទៅ​ក៏ដោយ​។ 
 
​អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា Jerry Brown និង​បេសកជន​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ទីក្រុង និង​ការប្រែប្រួល​អាកាសធាតុ បានប្រកាស​ពី​គម្រោង America’s Pledge នៅក្នុង​ស​ន្នី​សីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ អតីត​អ្នកចរចា​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៃ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក Paul Bodnar បាន​ថ្លែង​ដូច្នេះ​៖ «​ខ្ញុំ​បានធ្វើ​ការងារ​ជាមួយ​តំណាង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Michael Bloomberg និង អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​Jerry Brown  និង​បណ្តា​មេដឹកនាំ​ផ្សេងទៀត ដើម្បី​បង្ហាញ​ទៅ​ពិភពលោក​ថា អាមេរិក​នៅតែ​ប្តេជ្ញាចិត្ត​ចូលរួម​ជាមួយ​ពិភពលោក​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​»​។ 
 
​អ្នកការទូត​រូបនេះ​បន្តបាន​បន្តថា បណ្តា​ទីក្រុង និង​រដ្ឋ​រួមទាំង​ក្រុមហ៊ុន​ធំៗ​ដែល​បន្ត​ប្តេជ្ញាចិត្ត​គាំទ្រ​កិច្ចព្រមព្រៀង​ប្រែ​ប្រូ​ល​អាកាសធាតុ​នោះ​នឹង​បន្ត​ប្រឹងប្រែង​បន្ត​កាត់បន្ថយ​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
 
 «​តាមពិតទៅ បណ្តា​រដ្ឋ និង​ទីក្រុង​ដែល​បានប្រកាស​គាំទ្រ​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​កម្រិត​ទំហំ​នៃ​ការបញ្ចេញ​ថាមពល​ឧស្ម័ន​កាបូ​និ​ច​ទៅកាន់​បរិយាកាស​។ ដូច្នេះ​សារ​របស់ខ្ញុំ​គឺ យើង​នៅទីនេះ​។ យើង​នៅក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​»​។  នេះ​ជាស​ម្តី​របស់លោក Paul Bodnar ឆ្លើយក្នុងបទសម្ភាសន៍ជា​មួយ​អ្នកសារព័ត៌មាន​ថ្មីៗ​ពាក់ព័ន្ធ​ការប្តេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ ២០១៥ ។​
 
​លោក Bodnar បាន​បន្តថា វា​ជា​ពេលដែល​ត្រូវ​បញ្ចប់​នយោបាយ​ការទូត​អាកាសធាតុ ដែល​គ្រប់គ្នា​ផ្តោត​តែ​លើ​ការចរចា​ឥត​ឈប់​ពី​បញ្ហា​ប្រឈម​។ វា​ជា​ពេលដែល​គ្រប់គ្នា​ត្រូវ​ចាប់ផ្តើម​ចាប់ដៃគ្នា​ដើម្បី​ដោះស្រាយ​ប​ញ្ហ​ប្រែប្រួល​អាកាសធាតុ​សកល​នេះ​៕
 

Tag:
 COP23
  ប្រែប្រួលអាកាសធាតុ
  ដូណាល់ ត្រាំ
  Paul Bodnar
© រក្សាសិទ្ធិដោយ thmeythmey.com