Bonn៖ ខណៈលំហូរហិរញ្ញវត្ថុដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅជាប្រធានបទចម្រូងចម្រាសក្នុងសន្និសីទអង្គការសហប្រជាជាតិនៃការប្រែប្រួលអាកាសធាតុលើកទី ២៣ (COP23) កម្ពុជាចង់ឃើញប្រទេសអភិវឌ្ឍបន្តប្តេជ្ញាចិត្តជួយផ្តល់ហិរញ្ញវត្ដុ ចែករម្លែកបច្ចេកវិទ្យា ក៏ដូចជាជួយប្រទេសក្រីក្រកសាងសមត្ថភាព។ នេះជាការលើកឡើងរបស់ប្រតិភូកម្ពុជាដែលមកចូលរួមសន្និសីទនេះ។
ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ នៅក្រុង Bonn ប្រទេសអាល្លឺម៉ង់ កម្ពុជាផ្តោតលើការតាមដានកិច្ចការងារដែលត្រូវធ្វើបន្តដើម្បីអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ហើយបញ្ហាលំហូរថវិកាជាបញ្ហាសំខាន់។
លោក ជួប ប៉ារីស៍ អគ្គនាយករងនៃអគ្គលេខធិការងនៃក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាព (NCSD) បានថ្លែងប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ក្រោមកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុ យើងត្រូវប្រើប្រាស់វិធានការចំនួនពីរគឺ បន្សាំ (Adaptation) និងបន្ថយ (Mitigation)។ មួយទៀតគឺ លំហូរហិរញ្ញវត្ថុជួយប្រទេសក្រីក្រសម្រាប់ការអនុវត្តវាឲ្យបានជោគជ័យ»។
«ដូច្នេះហើយ យើងមកសន្និសីទនេះ (COP) គឺដើម្បីជជែកត្រូវដោះស្រាយ និងតាមការងារនេះ។ គោលការណ៍ណែនាំ វិធីសាស្ត្រអនុវត្ត ការអនុវត្ត ជាពិសេសការបង្ហូរថវិកាសម្រាប់ទ្រទ្រង់គម្រោងប្រែប្រួលអាកាសធាតុជាដើមជាអ្វីដែលយើងកំពុងជជែកគ្នា»។
ក្រោមកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ កម្ពុជាក៏ដូចជាបណ្តារដ្ឋដទៃទៀតនៅទូទាំងពិភពលោកត្រូវប្រឹងប្រែងធ្វើយ៉ាងណាធានាកម្រិតសីតុណ្ហភាពកុំឲ្យកើនលើស ២ ភាគរយគិតត្រឹមឆ្នាំ ២១០០ ខាងមុខ។
បន្ថែមពីនេះដើម្បីសម្រេចគោលដៅ ប្រទេសសមាជិក ១៩៧ ទូទាំងពិភពលោកប្តេជ្ញាប្រមែរប្រមូលថវិកាឲ្យបាន ១០០ពាន់លានក្នុងមួយឆ្នាំដើម្បីជួយប្រទេសក្រីក្រ និងងាយរងគ្រោះត្រឹមឆ្នាំ ២០២០។ យ៉ាងណាក៏ដោយ ប្រមែរប្រមូលហិរញ្ញវត្ថុនេះនៅតែជាបញ្ហាចម្រូងចម្រាសសម្រាប់ការចរចារវាងប្រទេសពាក់ព័ន្ធ។
សម្រាប់មន្ត្រីក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាពខាងលើ កម្ពុជាត្រូវការកសាងសមត្ថភាព ចែករម្លែកបច្ចេកវិទ្យា និងថវិកាដើម្បីអនុវត្តគម្រោងនានាពាក់ព័ន្ធការដោះស្រាយបញ្ហាអាកាសធាតុខ្លាំងជាងគេ។ ប្រទេសនេះក៏ចង់ឲ្យប្រទេសអភិវឌ្ឍបន្តសម្រួលដើម្បីឲ្យប្រទេសក្រីក្រងាយស្រួលទទួលបានហិរញ្ញវត្ថុដើម្បីគាំទ្រគម្រោងនានាដូចជាកម្មវិធីបន្សាំ និងកាត់បន្ថបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនេះ។
សូមបញ្ជាក់ថា កម្ពុជាត្រូវបានគេស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេដោយសារការប្រែប្រួលអាកាសធាតុនេះ។ កម្ពុជាប្រឈមគ្រោះមហន្តរាយធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត និងរលកកម្តៅកើតឡើងថែមទៀតកន្លងមកនេះ៕