ជាតិ
សមត្ថកិច្ច បានបញ្ជូនអតីតបុគ្គលិកអាស៊ីសេរី ទៅស្នងការដ្ឋាននគរបាល ក្រោយឆែកឆេររកភស្តុតាងបន្ថែម រូបពីហ្វេសប៊ុកលោក យាង សុជាមេត្តា៖ រាប់ពីឆ្វេងលោក អ៊ួន ឈិន លោក យាង សុជាមេត្តា (ខាងស្តាំ)
× ភ្នំពេញ៖ សមត្ថកិច្ច បានបញ្ជូនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២នាក់ ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីបញ្ចប់ការស្វែងរកភស្តុតាង នៅក្នុងផ្ទះសំណាក់ម៉ារ៉ាឌី ដែលត្រូវបានអាជ្ញាធរសង្ស័យថា លួចផលិតព័ត៌មានពីកម្ពុជា ហើយផ្ញើទៅស្ថាប័នអាស៊ីសេរី ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក ។ ស្ថាប័នវិទ្យុអាស៊ីសេរី បានផ្អាកការិយាល័យនៅភ្នំពេញ កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៧ កន្លងមក។
អតីតបុគ្គលិកអាស៊ីសេរី២នាក់ គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី ១៤ វិច្ឆិកា ក្រោមហេតុផលថា ពួកគេបានរៀបចំបើកអាជីវកម្មថតរូបមិនបានសុំច្បាប់អនុញ្ញាត និង លួចផលិតព័ត៌មានផ្ញើទៅក្រៅប្រទេស។
មកដល់ពេលនេះលោក អ៊ួន ឈិន និងលោក យាង សុជាមេត្តា ត្រូវបានសមត្ថកិច្ចបញ្ចូនទៅស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីសាកសួរបន្ថែមទៀត ក្រោយពីអាជ្ញាធរ បាននាំខ្លួនអតីតបុគ្គលិកអាស៊ីសេរីទាំងរូបនេះ មកឆែកឆេររកភស្តុតាងនៅផ្ទះសំណាក់ម៉ារ៉ាឌី ដែលពួកគាត់បានជួលស្នាក់នៅ និងរៀបចំកន្លែងស្ទូឌីយូ។
ប៉ុន្តែជុំវិញការសង្ស័យរបស់សមត្ថកិច្ចនេះ ត្រូវបានអតីតបុគ្គលិកវិទ្យុអាស៊ីសេរីលោក អ៊ួន ឈិន បានលើកឡើងថា លោកបានជួលបន្ទប់ផ្ទះសំណាក់មួយនេះ ដើម្បីបើកជាស្ទូឌីយូសម្រាប់ច្រៀងខារ៉ាអូខេ ថតវីដេអូក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ ឬពិធីបុណ្យផ្សេងៗ និងគ្រោងរៀបចំថតចម្រៀងសម្រាប់លក់
កម្សាន្តជាគ្រួសារប៉ុណ្ណោះ។ នេះបើតាមកំណត់ហេតុរបស់អាជ្ញាធរខណ្ឌមានជ័យ ដែលបានសួរនាំលោក អ៊ួន ឈិន។
វិទ្យុអាស៊ីសេរី ដែលមានវត្តមាននៅកម្ពុជាជិត២០ឆ្នាំ មកហើយនោះ បានប្រកាសផ្អាកការិយាល័យព័ត៌មាន នៅរាជធានីភ្នំពេញមួយរយៈសិន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ។ វិទ្យុអាស៊ីសេរី បានអះអាងថា ការចាត់វិធានក្តៅរបស់រដ្ឋាភិបាលកម្ពុជា គឺជាមូលហេតុដែលខ្លួនត្រូវបង្ខំចិត្តផ្អាកការិយាល័យព័ត៌មាន៕
© រក្សាសិទ្ធិដោយ thmeythmey.com