កីឡាជាតិ
ជាតិ
​លោក ប្រាក់ សុវណ្ណារ៉ា បកស្រាយ​ទៅនឹង​យុទ្ធសាស្ត្រ​ដែល​គេ​ហៅថា «​ចត​ឡានក្រុង​»
15, Nov 2017 , 8:39 pm        
រូបភាព
ដោយ:
​ទោះបី​ដឹងថា​ការប្រើប្រាស់​ទម្រង់​លេង​ការពារ​ច្រើន​ធ្វើ​ឲ្យ​ការប្រកួត​មិនសូវ​ល្អមើល និង​ប៉ះពាល់​អារម្មណ៍​អ្នកគាំទ្រ​ក៏ដោយ តែ​កាលៈទេសៈ​បាន​ជំរុញ​ឲ្យ​គ្រូបង្វឹក​កម្ពុជា​លោក ប្រាក់ សុវណ្ណារ៉ា បង្ខំចិត្ត​ធ្វើបែបនេះ ដើម្បី​ស្តារ​ស្ថានការណ៍​អាក្រក់​ដែល​កម្ពុជា​បាន​ជួប​ក្នុង​ជើង​ទី​១​។ ការបរាជ័យ ១-០ ក្រោម​ថ្វី​ជើង​ហ្សកដានី​អាចជា​លទ្ធផល​ល្អប្រសើរ​មួយ​សម្រាប់​កម្ពុជា ព្រោះ​ក្រុម​នេះ​អាច​ចាត់ទុកជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី​។



​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​កាលពី​យប់​ថ្ងៃទី​១៤ វិច្ឆិកា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ប្រាក់ សុវណ្ណារ៉ា បាន​សម្តែង​ការសោកស្តាយ​សម្រាប់​ការបាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​នៃ​ព្រឹត្តិការណ៍ AFC Asian Cup ក្រោយ​ចាញ់​ហ្សកដានី​ក្នុង​លទ្ធផល ១-០​។ ទន្ទឹមនឹង​ការសោកស្តាយ​គ្រូបង្វឹក​រូបនេះ ក៏បាន​សុំទោស​ទស្សនិកជន​ផងដែរ​ពាក់ព័ន្ធ​នឹង​ទម្រង់​លេង​បែប​ការពារ​ច្រើន​របស់​កម្ពុជា​។ លោក​ជឿជាក់ថា បើ​មិន​ប្រើ​ទម្រង់​បែបនេះ​ទេ​កម្ពុជា​អាច​បាត់បង់​គ្រាប់​បាល់​ច្រើនជាង​នេះ​។



«​ដំបូង​ខ្ញុំ​សុំទោស​បងប្អូន​ទស្សនិកជន​ដែល​គាំទ្រ​វិស័យ​កីឡាបាល់ទាត់ ពេលខ្លះ​បើ​យើង​លេង​បែប​វាយបក​ទៅ​បក​មក​យើង​អាច​បាត់បង់​គ្រាប់​បាល់​ច្រើនជាង​នេះ​។ ដូច​យើង​ដឹង​ហើយ​កាលពី​ជើង​ទី​១​ដោយសារ​ការ​វាយ​ទៅ​វា​យមក​នេះហើយ​ដែល​ធ្វើ​ឲ្យ​យើង​ចាញ់​គេ​(​ហ្សកដានី​)​រហូត ៧-០ នេះ​ជាហេតុ​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ប្រើប្រាស់​ទម្រង់​លេង​ការពារ​ច្រើនជាង​ប្រយុទ្ធ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ប្រាក់ សុវណ្ណារ៉ា​។

​ម្យ៉ាងទៀត ៤​ចំណុច​ដែល​ជាគ​ន្លឺះ​សំខាន់​សម្រាប់​ការប្រកួត​បាល់ទាត់​កម្ពុ​ជា​ហាក់​ចាញ់​ប្រៀប​ក្រុម​ហ្សកដានី​។ លោក​បាន​បន្ថែមថា​៖«​បើ​យើង​ប្រៀបធៀប​ទាំង​៤​ចំណុច ចំណុច​ណា​ក៏​យើង​ចាញ់​គេ​ដែរ មានតែ​ចិត្តសាស្ត្រ​និង​កម្លាំងចិត្ត​ប៉ុណ្ណោះ​ដែល​លើ​គេ​។ ប៉ុន្តែ​រាងកាយ​យើង​ចាញ់​គេ បច្ចេកទេស​ក៏​ក្រោម​គេ រីឯ​កលល្បិច​នៃ​ការប្រកួត​អាច​ប្រហាក់ប្រហែលគ្នា​។ ជា​ការពិត​ប្រសិនបើ​យើង​ប្រើ​ទម្រង់​លេង​បែប​ការពារ​ច្រើន​វា​អាច​មិនសូវ​ល្អមើល​បន្តិច តែ​សង្ឃឹមថា​អ្នកគាំទ្រ​នឹង​យល់​ពីអ្វី​ដែល​យើង​ចង់​ធ្វើ​»​។



​ទោះបី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចាញ់​ហ្សកដានី ១-០ តែ​លោក ប្រាក់ សុវណ្ណារ៉ា មើលឃើញថា កីឡាករ​កម្ពុជា​ធ្វើ​បានល្អ​ក្នុងជំនួប​មួយ​នេះ ហើយ​លោក​សប្បាយ​ចិត្តនឹង​ទទួលយក​លទ្ធផល​នេះ​។ ជាមួយគ្នានេះ លោក​ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ត្រូវខិតខំ​បង្កើន​ការហ្វឹកហាត់​របស់ខ្លួន​នៅតាម​ក្លិប​ដោយ​ដាក់​គោលដៅ​ដណ្តើមយក​ជម្រើស​១១​នាក់​ឲ្យ​បាន​សម្រាប់​ការប្រកួត​ក្នុង​ក្លិប​។​

​ដ្បិត​ឱកាស​ដឹកនាំ​ក្រុម​ជម្រើសជាតិ​មានតែ​ពីរ​ប្រកួត​ក៏ពិតមែន​តែ​គ្រូបង្វឹក​រូបនេះ​ពេញចិត្ត​យ៉ាងខ្លាំង​សម្រាប់​ការដឹកនាំ​រយៈពេល​ខ្លី​នេះ​ទោះបី​លទ្ធផល​មិនល្អ​ប្រសើរ​ក៏ដោយ​។ លើសពីនេះ លោក​គាំទ្រ​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក្នុងការ​ស្វែងរក​គ្រូបង្វឹក​ល្អៗ​ដើម្បី​អភិវឌ្ឍន៍​កីឡាបាល់ទាត់​នៅ​កម្ពុជា​។



«​ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ ទោះបី​ឱកាស​តិច​ឬ​ច្រើន​ខ្ញុំ​សប្បាយ​ចិត្តនឹង​ទទួលយក​ព្រោះ​ការសម្រេចចិត្ត​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​អាទិភាព ហើយ​ការព្យាយាម​ស្វែងរក​គ្រូបង្វឹក​របស់​សហព័ន្ធ​ទៀតសោត​ក្នុងន័យ​ដើម្បី​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង​។ ខ្ញុំ​មិន​និយាយ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​នោះទេ​មោទកភាព​គឺ​យើងទាំងអស់គ្នា​យើង​ជា​ខ្មែរ​យើង​អាចដឹកនាំ​ខ្មែរ​បាន ទោះបី​មិន​ឈ្នះ​តែ​អាច​ប្រសើរ​ជាង​មុន​។ នេះ​ជា​មោទកភាព​រួម​សម្រាប់​ក្រុម​ជម្រើសជាតិ​ក៏ដូចជា​ទស្សនិកជន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប្រាក់ សុវណ្ណារ៉ា​។​

​ការលះបង់​ស្លាក​លេខ​១០​របស់​កីឡាករ កែវ សុខ​ផេង ឲ្យ​កី​ឡករ គួច សុគ​ម្ភៈ និង​ការមិន​អន់ចិត្ត​របស់​កីឡាករ ច្រឹង ពលរដ្ឋ និង​កីឡាករ ទិ​ត្យ ឌី​ណា ដែល​ស្ថិតនៅ​ក្រៅបញ្ជី​ក្រុម​ជម្រើសជាតិ​ទាំង​២៣​នាក់​ត្រូវបាន​លោក ប្រាក់ សុវណ្ណារ៉ា ចាត់ទុកជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ការដឹកនាំ​រយៈពេល​ខ្លី​របស់លោក​។ ហើយ​លោក​ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់​ត្រូវរ​ក្សា​ទម្លាប់​ល្អ​បែបនេះ​ទោះបី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​រូប​ណាក៏ដោយ​៕      




Tag:
 បាល់ទាត់​
  AFC Asian Cup
  ប្រាក់ សុវណ្ណារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com