Bonn៖ សកម្មជនបរិស្ថានអាល្លឺម៉ង់ និងបណ្តាក្រុមអ្នកការពារបរិស្ថានមកពីកោះប៉ាស៊ីហ្វិក (Climate Warriors) បាននាំគ្នាបាតុកម្មដោយក្រាលកម្រាលក្រហមមួយដែលមានអក្សរថា «ទុកវាក្នុងដី» (Keep it in the Ground) ដើម្បីដាក់សម្ពាធអធិការបតីអាល្លឺម៉ង់ ឲ្យបញ្ឈប់ឧស្សាហកម្មធ្យូងថ្ម។ សកម្មភាពនេះកើតឡើងពេលលោកស្រីអញ្ជើញផ្តល់សុន្ទរកថាទៅកាន់តំណាងប្រទេសសមាជិកអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់។
លោកស្រី អេនជេឡា មឺហ្គែល (Angela Merkel) នឹងថ្លែងសុន្ទរកថា បើកសម័យប្រជុំពេញអង្គសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះ ចំពោះមុខប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល និងបណ្តាអ្នកការទូតតំណាងរដ្ឋាភិបាលដែលមានវត្តមាននោះ។
គ្រប់គ្នារង់ចាំមើលសុន្ទរកថារបស់លោកស្រីដែលនឹងបង្ហាញជំហររបស់អាល្លឺម៉ង់ក្នុងនាមជាប្រទេសដែលជួយរៀបចំកិច្ចប្រជុំអង្គការសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ជំនួសឲ្យហ្វីជីដែលជាប្រធានកិច្ចប្រជុំឆ្នាំនេះ។
សកម្មជនបរិស្ថានជាច្រើនមកពីអាល្លឺម៉ង់ផង និងបណ្តាកោះនៅប៉ាស៊ីហ្វិកផងបាននាំគ្នាបាតុកម្មដោយក្រាលកម្រាលក្រហមដែលមានអក្សរថា «ទុកវាក្នុងដី»នៅកន្លែងដែលប្រតិភូដើរឆ្លងកាត់ដើម្បីស្វាគមន៍វត្តមានលោកស្រីអធិការបតី និងទទូចឲ្យលោកស្រីបញ្ចប់ឧស្សាហកម្មធ្យូងថ្មនៅក្នុងប្រទេសផង។
លោកស្រី Hoda Baraka ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ
350.org ដែលដឹកនាំសកម្មភាពបាតុកម្មផងនោះបានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា គោលដៅនៃការក្រាលកម្រាលក្រហមនេះគឺ អំពាវនាវឲ្យលោកស្រីប្រកាសពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុដោយឧស្ម័នផ្ទះកញ្ចក់ រហូតដល់៤០ភាគរយនៅត្រឹមឆ្នាំ ២០២០ ដោយបញ្ឈប់ឧស្សាហកម្មធ្យូងថ្មឲ្យបានកាន់តែឆាប់។
«វាជាពេលដែលលោកស្រី មឺហ្គែល ត្រូវចេញមុខបង្ហាញភាពជាអ្នកដឹកនាំសម្រាប់ពិភពលោកក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ វាជាមធ្យោបាយតែមួយគត់ដែលអាចសម្រេចកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសបាន និងអាចកម្រិតសីតុណ្ហភាពកុំឲ្យកើនឡើងហួស ១,៥ អង្សាសេត្រឹមឆ្នាំ ២១០០នោះ»។ លោកស្រី Hoda Baraka បានបន្ថែមដូច្នេះ។
តាមពិតទៅ បញ្ហាជជែកដេញដោលគ្នាពាក់ព័ន្ធឧស្សាហកម្មធ្យូងថ្មក្លាយជារឿងក្តៅក្នុងបរិបទនយោបាយជាតិអាល្លឺម៉ង់ បន្ទាប់ពីលោកស្រីឈ្នះឆ្នោតជាថ្មីប៉ុន្តែត្រូវព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះទាំងលំបាកលំបិននោះ។
ពេលសាកសួរថា ក្នុងករណីដែលរដ្ឋាភិបាលមិនលើកឡើងពីការជំហរក្នុងការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម ប្រធានគម្រោងនៃអង្គការ 350.org លោកស្រី Olivia Langhoff បានឆ្លើយតបថា ក្រុមសកម្មជនទាំងអស់នឹងបន្តសកម្មភាពរបស់ខ្លួនដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអាល្លឺម៉ង់ឲ្យប្រឹងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
លោកស្រី Olivia បន្តថា៖« យើងនឹងបន្តសកម្មភាពនេះជាមួយប្រជាជននៅក្នុងប្រទេសអាល្លឺម៉ង់និងប្រទេសដទៃផ្សេងទៀតទូទាំងពិភពលោក។ វាមានវិធីច្រើនណាស់ដែលប្រជាជននៅតាមមូលដ្ឋានចូលរួមក្នុងកម្រិតសហគមន៍ ហើយយើងជំរុញឲ្យមានប្រើប្រាស់ថាមពលករកើតឡើងវិញ។ បន្ថែមពីនេះយើងអាចជំរុញការហាមឃាត់ការប្រើប្រាស់ថាមពលផូស៊ីលឥន្ធនៈតាមស្ថាប័នរដ្ឋ សាលារៀន ធនាគារជាដើមដើម្បីសម្រេចជោគជ័យ»៕