អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ា​ក្រុង ប្រកាស​ជំនួស​តំណែង​អាមេរិក​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សកល
16, Nov 2017 , 4:26 am        
រូបភាព
ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅ German Pavilion នាសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP23 (រូបភាព៖ AFP)
ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅ German Pavilion នាសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP23 (រូបភាព៖ AFP)
Bonn៖ ថ្លែង​សុន្ទរកថា​នៅ​កិច្ចប្រជុំ​អាកាសធាតុ​នៅ​ទីក្រុង Bonn ថ្ងៃ​ពុធ​ទី ១៥ វិច្ឆិកា ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បានប្រកាស​ផ្តល់​លុយ ២​លាន​ដុល្លារ​ទៅ​ស្ថាប័ន​វាយតម្លៃ​ផ្នែក​វិទ្យាសាស្ត្រ​ពាក់ព័ន្ធ​ការប្រែប្រួល​អាកាសធាតុ​ស្ថិតក្រោម​អង្គការសហប្រជាជាតិ (IPCC) ក្រោយ​អាមេរិក​ឈប់​ផ្តល់ជំនួយ​នោះ​។ លោក​ក៏​សន្យា​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ជាពិសេស​កម្រិត​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទៅ​បរិយាកាស​។​

​ខណៈដែល​មិនមាន​វត្តមាន​មេដឹកនាំ​អាមេរិក  ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ក្លាយជា​តួឯក​ម្តងទៀត​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ស្តីពី​អាកាសធាតុ​លើក​ទី ២៣ (COP23) ដែល​កំពុង​រៀបចំឡើង​នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង​។ អ្វីដែល​សំខាន់ មេដឹកនាំ​រូបនេះ​សន្យា​ជំនួស​តំណែង​អាមេរិក​ក្នុងនាម​ជា​មេដឹកនាំ​ពិភពលោក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ 
 
«​ខ្ញុំ​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប​ជំនួស​តំណែង​អាមេរិក ហើយ​បារាំង​នឹង​ប្រឹងប្រែង​សម្រេច​។ ខ្ញុំ​ចង់​ឲ្យ​បណ្តា​ប្រទេស​អឺរ៉ុប​ចូលរួម​ជា​យើង​។ ដូច្នេះ​យើង​អាចបំពេញ​កង្វះខាត​ហិរញ្ញវត្ថុ​ជំនួស​អាមេរិក​បាន​ហើយ​។ ខ្ញុំ​អាច​ធានាថា IPCC នឹងមាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​សម្រាប់​បំពេញតម្រូវការ​របស់​ខ្លួន និង​អាចជួយ​គាំទ្រ​ដល់​ការសម្រេចចិត្ត​របស់​យើង​បាន​។ វា​នឹងមិន​ខ្វះ​សូម្បី​តែមួយ​អឺរ៉ូ​»​។  ប្រធានាធិបតី​បារាំង​បានបញ្ជាក់​បេ​ប​នេះ​ចំពោះមុខ​មេដឹកនាំ​ពិភពលោក​។ 
 
«​ខ្ញុំ​សង្ឃឹមថា អឺរ៉ុប​នឹង​អាច​ជំនួស​អាមេរិក​ក្នុងនាម​ជា​មេដឹកនាំ​ពិភពលោក​ដែល​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​ថា បារាំង​ត្រៀមខ្លួន​រួចហើយ​»​។​
 
​បន្ថែម​ពីនេះ លោក ម៉ា​ក្រុង​បាន​អំពាវនាវ​ឲ្យ​សហភាព​អឺរ៉ុប​កំណត់​ពន្ធ​ពិសេស​ចំពោះ​ភាគី​ឬ​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​មិន​ចូលរួម​អនុវត្ត​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ បន្ថែម​ពីនេះ​លោក​ក៏​សន្យា​ដំឡើង​តម្លៃ​កាបូន​មួយ​តោន ៣០ អឺរ៉ូ ដើម្បី​ធ្វើ​ឲ្យ​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ទាំងអស់​ផ្លាស់ប្តូរ​ជំហរ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ផង​។​
 
​អនុលោម​តាម កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ បណ្តា​ប្រទេស​ហត្ថលេខី​សន្យា​សម្រេច​ឲ្យ​បាន​នូវ​ការកម្រិត​សីតុណ្ហភាព​មិន​ឲ្យ​កើន​លើស ២ អង្សា​សេ​ត្រឹម​ឆ្នាំ ២១០០ និង​ធានា​ប្រមែប្រមូល​ឲ្យ​បាន​ហិរញ្ញវត្ថុ ១០០​ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​នៅត្រឹម​ឆ្នាំ ២០២០​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ​នេះ​៕

Tag:
 ​អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  IPCC
  Bonn
  COP23
© រក្សាសិទ្ធិដោយ thmeythmey.com