អន្តរជាតិ
នយោបាយអន្តរជាតិ
អាស៊ានទទូចឲ្យប្រទេសអភិវឌ្ឍរក្សាសន្យាជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ នៅប្រទេសជប៉ុន (AFP)
× Bonn៖ បណ្តាប្រទេសអាស៊ានទទូចឲ្យប្រទេសអភិវឌ្ឍគោរពការសន្យារបស់ខ្លួនក្នុងការជួយគាំទ្រប្រទេសកំពុងអភិវឌ្ឍដើម្បីអនុវត្តគម្រោងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុជាពិសេសផ្តល់ជំនួយហិរញ្ញវត្ថុអនុលោមតាមកិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុក្រុងប៉ារីស។
បណ្តាប្រទេសអាស៊ានបានអំពាវនាវទៅកាន់បណ្តាប្រទេសជាភាគីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសដែលកំពុងចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣ នៅទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ឲ្យរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុជាពិសេសផ្តល់ជំនួយហិរញ្ញវត្ថុ។
«អាស៊ានអំពានាវឲ្យប្រទេសអភិវឌ្ឍគោរព និងបំពេញតាមការប្តេជ្ញាចិត្តបន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយក្នុងនោះមានការផ្តល់ហិរញ្ញវត្ថុដែលមានទំហំ ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ស្របតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស»។ នេះបើតាមសេចក្តីថ្លែងការណ៍រួមដែលអាស៊ានត្រូវបានថ្លែងដោយសមាជិកព្រឹទ្ធសភាហ្វីលីពីនលោកស្រី Loren B.Legarda តំណាងរដ្ឋាភិបាលហ្វីលីពីននៅសម័យប្រជុំពេញអង្គនៃសន្និសីទអាកាសធាតុ។
មិនត្រឹមតែប៉ុណ្ណោះអាស៊ានក៏ទទួចឲ្យ មូលនិធិ Green Climate Fund នៃ អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ឲ្យជួយសម្រួលដល់ការទទួលបានកញ្ចប់ហិរញ្ញវត្ថុរបស់ប្រទេសអាស៊ាន និងប្រទេសដទៃទៀតដែរ។
ក្រោមកិច្ចព្រមព្រៀងក្រុងប៉ារីស ប្រទេសជាភាគី ១៩៧ បានឯកភាពគ្នាធ្វើយ៉ាងណាកម្រិតកំណើនសីតុណ្ហភាពកុំឲ្យលើសពី ២ អង្សាសេ នៅត្រឹមឆ្នាំ ២១០០។ លើសពីនោះវាក៏មានការឯកភាពគ្នាប្រមែរប្រមូលជំនួយហិរញ្ញវត្ថុឲ្យបានក្នុងមួយឆ្នាំ ១០០ពាន់លានដុល្លារត្រឹមឆ្នាំ ២០២០ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងនេះនៅប្រទេសកំពុងអភិវឌ្ឍដែរក្រោមគោលការណ៍បញ្ហាប្រឈមរួមគ្នា ទំនួលខុសត្រូវផ្សេងគ្នាតាមស្ថានភាពរបស់ភាគីនីមួយៗ។
ដោយឡែក អាស៊ានស្នើឲ្យប្រទេសរីកចម្រើនបន្ថែមការគាំទ្រដើម្បី និងលើកស្ទួយសេដ្ឋកិច្ចដែលបញ្ចេញឧស្ម័នកាបូនិចទាបនៅអាស៊ាន និងបង្កើនភាពធន់ទប់ទល់អាកាសធាតុនៃទីក្រុងនៅអាស៊ាន។ អង្គការតំបន់នេះក៏ទទូចឲ្យបណ្តាភាគីហត្ថលេខីបន្តគាំទ្រ និងផ្តល់មធ្យោបាយដល់អាស៊ានក្នុងការអនុវត្តដំណោះស្រាយនៃការប្រែប្រួលអាកាសធាតុផង ជាពិសេសជួយពង្រឹងសមត្ថភាពឆ្លើយតបរបស់អាស៊ានដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយគ្រោះថ្នាក់ស្ថិតក្រោមកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងនិងឆ្លើយតបគ្រោះមហន្តរាយ( AADMER)
សូមបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមនេះត្រូវព្រាងឡើងដោយក្រុមការងារអាស៊ានទទួលបន្ទុកប្រែប្រួលអាកាសធាតុដែលមានសិង្ហបុរីជាប្រធាន ហើយវាត្រូវបានអនុម័តជាផ្លូវការដោយមេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានថ្ងៃ ១៤ ខែវិច្ឆិកា៕
Tag:
អាស៊ាន
Paris Climate Agreement
Bonn
© រក្សាសិទ្ធិដោយ thmeythmey.com