ជាតិ
សង្គមជាតិ
អាមេរិក បន្ត​រយៈពេល​ផ្តល់ជំនួយ​ដល់​CMAC
16, Nov 2017 , 12:02 pm        
រូបភាព
លោក ហេង រតនា អគ្គនាយកCMAC (រូបពីហ្វេសប៊ុកCMAC Cambodia)
លោក ហេង រតនា អគ្គនាយកCMAC (រូបពីហ្វេសប៊ុកCMAC Cambodia)
​ភ្នំពេញ​៖ អង្គការ​ស៊ីម៉ាក់ នឹង​ទទួលបាន​ជំនួយ​រយៈពេល​២​ខែ​ទៀត នៅ​ដើមឆ្នាំ​២០១៨ ។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្តថា អាមេរិក បន្ត​ជំនួយ​រយៈពេល​២​ខែ​នេះ គឺ​ដើម្បី​ឲ្យ​ស៊ីម៉ាក​រៀបចំ​ឯកសារ​ដេញថ្លៃ​យក​ជំនួយ​រយៈពេល​វែង​។



​សហរដ្ឋអាមេរិក សម្រេច​បន្ត​ផ្តល់ជំនួយ​ដល់​មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា សម្រាប់​រយៈពេល​២​ខែ​នៅ​ដើមឆ្នាំ​២០១៨ ដើម្បី​ទុកពេល​ឲ្យ​ស្ថាប័ន​នេះ រៀបចំ​ឯកសារ​ដេញថ្លៃ​យក​ជំនួយ​រយៈពេល​វែង​។ នេះ​បើតាម​លោក ហេង រតនា អគ្គនាយក CMAC បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ ដោយ​យោងតាម​លិខិត​ពី​ស្ថានទូត​អាមេរិក ដែល​លោក​ទទួលបាន​កាលពីរ​សៀ​ល​ថ្ងៃទី​១៥ ខែវិច្ឆិកា​។ អគ្គនាយក CMAC ថ្លែងប្រាប់​សារព័ត៌​មា​ថ្មីៗ​ដូច្នេះ​ថា​៖«​ជំនួយ​រយៈពេល​ខ្លីៗ​(២-៣​ខែ​)​នេះ គេ​ហៅថា​ជំនួយ​ចម្លង​ទៅរក​ជំនួយ​រយៈពេល​វែង​។ នេះ​ជា​នីតិវិធី​របស់​អា​មេ​រិ ហើយ​នីតិវិធី​នេះ​ភាគី​អាមេរិក​ក៏​ធ្លាប់ធ្វើ​កន្លងមក​ដែរ មុនពេល​ផ្តល់ជំនួយ​ឲ្យ​មក​ស៊ីម៉ាក​»​។

​អគ្គនាយក CMAC បាន​ថ្លែង​ស្វាគមន៍ ចំពោះ​ការបន្ត​ផ្តល់ជំនួយ​នេះ និង​សុំ​ការគាំទ្រ​ការផ្តល់​ជំនួយ​រយៈពេល​វែង ពី​ភាគី​អាមេរិក ក្នុង​ភាពជា​ដៃគូ​ជាមួយ​កម្ពុជា ដើម្បី​ឲ្យ​ស្ថាប័ន​ជំនាញ​នេះ រៀបចំ​ពេលវេលា និង​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ដើម្បី​ដោះ​គ្រាប់​យុទ្ធភណ្ឌ​ឲ្យ​អស់ពី​ទឹកដី​កម្ពុជា​។ លោក បន្ថែម​ដូច្នេះ​៖«​យើង​ចង់បាន​ការកំណត់​ការផ្តល់​ជំនួយ​ជាក់លាក់ ពីព្រោះ​ការងារ​ដោះមីន​នេះ យើង​ត្រូវមាន​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ហើយ​យើង​ក៏​ចង់​ព​ន្លឿ​ន​ការដោះស្រាយ​បញ្ហា​មីន​នេះ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​បន្តទៀត​»​។​

​តាម​លោក ហេង រតនា ភាគី​អាមេរិក​មិន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​ជំនួយ​នោះទេ ប៉ុន្តែ​បើ​ផ្អែកលើ​ជំនួយ​ប​ច្ចុច​ប្បន្ន ដែល​ស៊ីម៉ាក​ទទួលបាន​ពី​សហ​រដ្ឋា​អាមេរិក ចំនួន​២​គម្រោង មាន​ទឹកប្រាក់​ជាង​៣៥​ម៉ឺន​ដុល្លារ ហើយ​លោក ក៏​រំពឹងថា​ជំនួយ​រយៈពេល​២​ខែ​ទៀត​នេះ មាន​ទំហំ​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​នេះដែរ​។ 

​សូមបញ្ជាក់ថា កាលពីដើម​សប្តាហ៍​មុន សហរដ្ឋអាមេរិក​បាន​ប្រកាស​ផ្តាច់ជំនួយ​ដល់​អង្គការ​ស៊ីម៉ាក ដែល​ការ​ផ្តាច់ជំនួយ​នេះ ជា​គោលនយោបាយ​កាត់បន្ថយ​ចំណាយ​ក្រសួងការបរទេស​រប​ស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ​។ យ៉ាងណា​បើ​គោលនយោបាយ​នេះ ត្រូវអនុម័ត​មែន​នៅ​ចុងឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​កម្ពុជា នឹង​ធានារ៉ាប់រង​ផ្ដល់ជំនួយ​ជំនួស​អាមេរិក ក្នុងការ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​អាមេរិក​។ ជំនួយ​របស់​អាមេរិក ផ្តល់​ដល់​ស៊ីម៉ាក​ក្នុង​មួយឆ្នាំៗ មាន​ទឹកប្រាក់​ពី​២​លាន ទៅ​២,១ លាន​ដុល្លារ​។ នេះ​បើតាម  អគ្គនាយក​ស៊ីម៉ាក​ដដែល​។​

​គួរ​បញ្ជាក់ថា អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ ២​លាន ៧​សែន​តោន ក្នុងអំឡុង​សង្គ្រាម​នា​ទសវត្ស​១៩៧០ រវាង​កងទ័ព​សាធារណរដ្ឋ​កម្ពុជា ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក និង​កងទ័ព​តស៊ូ​រប​ស់​ខ្មែរក្រហម ក្រោយពេល​ពួកគេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ នា​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០៕


Tag:
 CMAC
 ​ ជំនួយ​
 ​ គ្រាប់បែក​
© រក្សាសិទ្ធិដោយ thmeythmey.com