កីឡាជាតិ
ជាតិ
ទន្ទឹមនឹង​ទទួលស្គាល់​លទ្ធផល​ចាញ់​ទាំងពីរ​ប្រកួត​លោក ប្រាក់ សុវណ្ណារ៉ា រីករាយ​ទទួល​ការរិះគន់​
16, Nov 2017 , 4:28 pm        
រូបភាព
ដោយ:
​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក ប្រាក់ សុវណ្ណារ៉ា ក្រោយ​បញ្ចប់​ភារកិច្ច​ក្នុងការ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បានប្រកាស​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​ចំពោះ​លទ្ធផល​ក្រោម​ការ​របស់ខ្លួន​។ លើសពីនេះ លោក ព្រម​ទទួល​រាល់​ការ​និន្ទា​គ្រប់​រូបភាព​របស់​អ្នកគាំទ្រ​ដោយ​ក្តី​រីករាយ​ផងដែរ​។ ទន្ទឹមនឹងនេះ លោក​បាន​សរសើរ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ​សម្រាប់​ពីរ​ប្រកួត​កន្លងមកនេះ​។​



​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ប្រាក់ សុវណ្ណារ៉ា បាន​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ក្នុងនោះ​ចាញ់​មី​យ៉ាន់​ម៉ា ២-១ នា​ការប្រកួត​មិត្តភាព​អន្តរជាតិ និង​ចាញ់​ហ្សកដានី ១-០ ក្នុង​វគ្គ​ជម្រុះ AFC Asian Cup 2019 នា​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា ដែល​ការ​ចាញ់​នេះ​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ឱកាស​ឡើងទៅ​វគ្គ​បន្ត​។

​ទោះបី​កម្ពុជា​នៅសល់​មួយ​ប្រកួត​ជាមួយ​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន​នៃ​ព្រឹត្តិការណ៍ AFC Asian Cup នា​ឆ្នាំ​២០១៨ ខាងមុខ​ក៏ដោយ ប៉ុន្តែ​លោក ប្រាក់ សុវណ្ណារ៉ា ដែល​ចុះកិច្ចសន្យា​តែ​ពីរ​ប្រកួត​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានបញ្ចប់​ភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​។ ក្រោយ​បំ​ភារកិច្ច​រួចរាល់​តាម​កា​រ​កំណត់​លោក ប្រាក់ សុវណ្ណារ៉ា ដែល​មិន​គាប់ប្រសើរ​ជាមួយ​លទ្ធផល តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​បានប្រកាស​ទទួលខុសត្រូវ​គ្រប់បែបយ៉ាង​ចំពោះ​លទ្ធផល និង​រីករាយ​ទទួល​ការរិះគន់​ពី​អ្នកគាំទ្រ​។ 

​ទន្ទឹមនឹង​ប្រកាស​ចប់​ភារកិច្ច​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​សម្រាប់​ជំនួប​ដែល​នៅ​សេសសល់​ក្នុង​ឆ្នាំ​២០១៧ គ្រូបង្វឹក​រូបនេះ​បាន​កោតសរសើរ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​របស់​កីឡាករ​ផងដែរ​។ លោក​បាន​បន្ថែមថា​៖«​ខ្ញុំ​សូម​ទទួលខុសត្រូវ​គ្រប់យ៉ាង​ចំពោះ​លទ្ធផល​ដែល​ក្រុម​យើង​ទទួលបាន​។ ហើយក៏​រីករាយ​នឹង​ទទួលយក​នូវ​រាល់​ការ​និន្ទា​គ្រប់យ៉ាង ទោះ​ក្រោមរូបភាព​បែបណាក៏ដោយ​។ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ទស្សនិកជន​ដែល​តែងតែ​គាំទ្រ​ក្រុម​ជម្រើសជាតិ​ជា​រៀង​រហូតមក ហើយក៏​សង្ឃឹមថា​បងប្អូន​នឹងមិន​បោះបង់​ក្រុម​ជម្រើសជាតិ​ចោល​ឡើយ​»៕


Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  ក្រុម​ជម្រើសជាតិ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com