ជាតិ
COP23៖ អ្នក​បរិស្ថាន​ទទូច​ឲ្យ​កម្ពុជា​គោរព​ការប្តេជ្ញាចិត្ត​ថែរក្សា​ព្រៃឈើ​
16, Nov 2017 , 8:39 pm        
រូបភាព
ប្រតិភូកម្ពុជាដែលអញ្ជើញមកចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣នៅទីក្រុង Bonn
ប្រតិភូកម្ពុជាដែលអញ្ជើញមកចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៣នៅទីក្រុង Bonn
​(Bonn)៖ តាមរយៈ​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ (Paris Climate Agreement) កម្ពុជា​បាន​ប្តេជ្ញាចិត្ត​បង្កើន​គំរប​ព្រៃឈើ​ឲ្យ​បាន ៦០​ភាគរយ​ត្រឹម​ឆ្នាំ ២០៣០ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​សកល​។ ប៉ុន្តែ​អ្នក​បរិស្ថាន​យល់ឃើញថា វា​នៅតែ​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ និង​ពិបាក​សម្រេច​សម្រាប់កម្ពុជា បើ​គ្មាន​ការប្រឹងប្រែង​ទប់ស្កាត់​បញ្ហា​កាត់​បំផ្លាញ​ព្រៃឈើ​ឲ្យ​បាន​ខ្លាំងក្លា​ទេនោះ​។



​ខណៈ​ប្រតិភូ​កម្ពុជា​កំពុង​ចូលរួម​ក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ (COP23) នៅ​ទីក្រុង Bonn ប្រទេសអាល្លឺម៉ង់ អ្នក​បរិស្ថាន​និង​សកម្មជន​ព្រៃឈើ​បាន​អំពាវនាវ​ឲ្យ​កម្ពុជា​បង្កើន​ការប្រឹងប្រែង​រក្សា​និង​ដាំ​ដុះ​ព្រៃឈើ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកា​ធាតុ តាម​ការ​តាម​ការសន្យា​របស់ខ្លួន​ស្របតាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។

​លោក ស ម៉ូ​រី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា (Cambodia Youth Network) បាន​ទទូច​ឲ្យ​តំណាង​កម្ពុជា​ដែល​ចូលរួម​សន្និសីទ​អង្គការ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុលើកទី២៣ បំពេញ​តាម​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ដែល​កំណត់​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។ លោក​យល់ថា វា​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​កម្ពុជាក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់ប្រជា​ពល​កម្ពុជា និង​ពិភពលោក​នោះ​។​


                  លោក ស ម៉ូរី អនុប្រធានបណ្តាញយុវជនកម្ពុជា

​ក្រោម​កិច្ចព្រមព្រៀង​អាកាសធាតុ​ឆ្នាំ ២០១៥ ដែល​ស​ម្រ​ច​បាន​នៅ​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២១ (COP21) នៅ​ក្រុងប៉ារីស  រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​បង្កើន​ទំហំ​ព្រៃឈើ​គ្របដណ្តប់​ផ្ទៃដី​ឲ្យ​បាន ៦០​ភាគរយ​ដើម្បី​ចូលរួម​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទៅ​បរិយាកាស​ត្រឹម​ឆ្នាំ ២០៣០​ខាងមុខ​។​

«​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ឆ្នាំ ២០១៥ នៅ COP 21 បាន​ប្តេជ្ញាចិត្ត​ធ្វើ​យ៉ាង​សម្រេចបាន​នូវ​គំរប​ព្រៃឈើ​ឲ្យ​បាន ៦០​ភាគរយ​ត្រឹម​ឆ្នាំ ២០៣០ ដោយ​រក្សា​ព្រៃ​នៅសល់​ផង និង​ដាំ​បន្ថែម​ផង​ដើម្បី​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ឥ​ណ្ឌ​ទាន​កាបូន (REDD+)»​។​លោក ស ម៉ូ​រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​។

​សូម​បើក​វង់ក្រចក​បន្តិច​ថា គម្រោង REDD+ ជា​យន្តការ​កាត់បន្ថយ​ឧស្ម័ន​ពុល​ដែល​បណ្តា​លពី​ការបាត់បង់ និង​រេចរឹល​នៃ​ព្រៃឈើ​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​។​

​យ៉ាងណាមិញ បើតាម​អ្នកជំនាញ​បរិស្ថាន​រូបនេះ កម្ពុជា​ទំនង​មិនអាច​ការប្តេជ្ញាចិត្ត​រប​ស់​កម្ពុជា​ខ្លួន​តាម​កាលកំណត់​ឡើយ វា​លែង​តែមាន​ការប្រឹងប្រែង​ខ្លាំង​ក្នុងការ​រក្សា ការពារ និង​ដាំ​ដុះ​ព្រៃឈើ​ឡើងវិញ​។

«​តាម​ស្ថានភាព​ជាក់ស្តែង មិនមែន​និយាយ​ពី​កម្រិត​គោលនយោបាយ យើង​ឃើញថា ទៅដល់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត ខេត្តក្រចេះ កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ​ការកាប់​ព្រៃ​អ​នា​អធិបតេយ្យ​នៅតែមាន​ទោះបីជា​រដ្ឋាភិបាល​ឈប់​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក៏ដោយ​។ ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​មិនសូវមាន​ទេ ការបន្ត​កាប់​នៅតែមាន​។ ដូច្នេះ​ខ្ញុំ​យល់ថា កម្ពុជា​យើង​ទំនងជា​មិនអាច​សម្រេចបាន​តាម​កា​រ​សន្យា​របស់ខ្លួន​ដើម្បី​បង្កើន​គំរប​ព្រៃឈើ​ឲ្យ​ដល់ ៦០​ភាគរយ​ឡើយ​នៅត្រឹម​២០៣០ តាម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​»​។ នេះ​ជាការ​ពន្យល់​របស់លោក ស ម៉ូ​រី ។​

«​វា​លើកលែងតែ​វា​មាន​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ខ្លាំង​មែនទែន​ទប់ស្កាត់​បទ​ល្មើ​ព្រៃឈើ​ខ្លាំង​មែនទែន​។ ជាពិសេស​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ឧ​ទ្យា​នុ​រក្ស​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​ប្រឆាំង​បទល្មើស​ព្រៃឈើ និង​បទល្មើស​ធនធានធម្មជាតិ​»​។ 

​សូមបញ្ជាក់​បន្តិច​ថា តំបន់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត​ដែលមាន​ទំហំ​ជាង ៤០ ម៉ឺន​ហិកតា ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា​ដាក់​ជា​ដែនជម្រកសត្វព្រៃ​កាលពី​ខែឧសភា ឆ្នាំ​២០១៥​។ ប៉ុន្តែ​បើតាម​របាយការណ៍​ចងក្រង​ដោយ​សាកលវិទ្យាល័យ Copenhagen ប្រទេស​ដា​ណឺ​ម៉ាក ចេញផ្សាយ​កាលពី​ខែកុម្ភៈ​ឆ្នាំ ២០១៧​នេះ ចន្លោះ​ពី​ខែសីហា​ឆ្នាំ ២០១៦ ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៧ បទល្មើស​ព្រៃឈើ​បាន​ថយចុះ ប៉ុន្តែ​ការកាប់​ឈើ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​បារម្ភ​។​

​ដោយឡែក​ពាក់ព័ន្ធ​ការសម្រេច​តាម​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​ការបង្កើន​គំរប​ព្រៃឈើ ប្រតិ​ភ​កម្ពុជា​ដែល​ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បានលើកឡើង​ថា វា​ជា​ផ្លូវ​ដែល​កម្ពុជា​ត្រូវ​ដើរ ប៉ុន្តែ​កម្ពុជា​កំពុង​ប្រឹងប្រែង​ខ្លាំង​រួចហើយ​ដើម្បី​ការពារ​ព្រៃឈើ​ដូចជា​ដាក់​ព្រៃ​ក្នុង​តំបន់​ការពារ និង​ការអនុវត្ត​គម្រោង​អភិរក្ស និង​ធានា​ការគ្រប់គ្រង​ព្រៃ​ជា​និរន្តរភាព​ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ផងដែរ​។​

​ពេល​សាក​សួរថា កម្ពុជា​អាច​សម្រេចបាន​តាម​គោលដៅ​របស់ខ្លួន​ក្នុងការ​បង្កើន​គំ​រប​ព្រៃឈើ​ឬ​អត់​តាម​ពេល​កំណត់ លោក ជួប ប៉ារីស៍ អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ការអភិវឌ្ឍ​ដោយ​ចី​រ​ភាព (NCSD) បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ «​យើង​មិនទាន់​អាចនិយាយបាន​ឡើយ​ពី​ការសម្រេចបាន ឬ​មិនបាន​ប៉ុន្មាន​ភាគរយ​នោះ​។ ប៉ុន្តែ​នៅពេល​បច្ចុប្បន្ននេះ​យើង​កំពុង​ប្រឹងប្រែង​ធ្វើ​ម៉េច​ការពារ​ព្រៃឈើ​យើង​ឲ្យ​បាន​»​។


លោក ជួប ប៉ារីស៍ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិដើម្បីការអភិវឌ្ឍដោយចីរភាព

​លោក​អះអាង​បន្ត​ថា​៖ «​ក្នុងការ​កែទម្រង់​ព្រៃ​ថ្មីៗ​នេះ ព្រៃឈើ​ត្រូវ​បានដាក់​ការពារ​ច្រើនណាស់​។ គ្រាន់តែ​ព្រៃឈើ យើង​ដាក់​ការពារ​៧,៥​លាន​ហិកតា​ទៅហើយ ហើយ​វា​ស្មើ ៤០​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​រួចទៅហើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យើង​នឹង​ការពារ​ព្រៃ​ផ្សេងទៀត តាម​គម្រោង REDD+»៕


Tag:
 ស ម៉ូ​រី​
 ​ជួប ប៉ារីស៍​
  Paris Climate Agreement
  COP23
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com