ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល ​សម្រេច​រំលាយ​ CNRP​ និង​ផ្អាក​សកម្មភាព​ន​យោបាយ​ថ្នាក់​ដឹកនាំ១១៨នាក់
16, Nov 2017 , 5:11 pm        
រូបភាព
​ភ្នំពេញ​៖ នៅ​ទីបំផុត តុលាការ​កំពូល បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ តាម​បណ្ដឹង​របស់​ក្រសួងមហាផ្ទៃ ក្រោយពី​ចំណាយពេល​ពេញ​មួយថ្ងៃ ដើម្បី​បើកសវនាការ​លើ​សំណុំ​មួយ​នេះ​។​


 
តុលាការ​បានសម្រេច​រំ​លាយ​បក្សប្រឆាំង​នេះ ក្រោម​ហេតុផល​ថា គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលបំណង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល ដែលជា​បដិវត្ត​ពណ៌ ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។ ក្រៅពី​រំលាយ​គណបក្សប្រឆាំង​នេះ តុលាការ​កំពូល​ក៏​សម្រេច​ផ្អាក​សកម្មភាព​ថ្នាក់ដឹកនាំ​នយោបាយ​របស់​គណបក្ស ចំនួន​១១៨​នាក់ ក្នុងរយៈពេល៥ឆ្នាំ តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​ផងដែរ​ ។ តុលាការបិទផ្លូវតវ៉ាលើករណីនេះ ដោយដាក់ឲ្យអនុវត្តសាលដីកា ចាប់ពីថ្ងៃទី១៦ វិច្ឆិកា តទៅ។​ 
 
​សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បាន​យក​ករណី​របស់​ឯកឧត្តម កឹម សុខា ដែល​ត្រូវបាន​សង្ស័យថា​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ទៅ​ផ្សារភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល​។ ក្រសួងមហាផ្ទៃ យល់ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏​អាច​ជាប់ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ដូច​ឯកឧត្តម កឹម សុខា ដែរ ទើបបានជា​សុំ​ឲ្យ​តុលាការ​កំពូល រំលាយចោល ហើយ​ថែមទាំង​សុំ​ឲ្យ​ដកសិទ្ធិ​ពី​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក្នុង​ការធ្វើ​នយោបាយថែមទៀត​។
 
 
​សមាសភាព​ចៅក្រម​កាត់ក្តី​ចំនួន៩​រូប ដឹកនាំដោយ​លោក ឌិត មុន្ទី រួមទាំងសមាជិក ៨ រូប ផ្សេងទៀត មាន​លោក ជីវ កេង លោក​ឃឹម ប៉ុណ្ណ លោក យូរ ឧត្តរា លោក គង់ ស្រ៊ី​ម លោក គង់ តារា​ឆាត លោក សេង នាង លោកស្រី សែម ស​ក្កិ​កូ​ឡា និង​លោកស្រី ចាំង ស៊ី​ណាត​។ ចំណែក​អគ្គព្រះរាជអាជ្ញា​គឺ​លោកស្រី ជា លាង​៕

Tag:
 CNRP
 ​តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com