ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាសនៈ CNRP នឹងត្រូវ​បែងចែក​ក្នុង​រយៈពេល​២​សប្តាហ៍​យ៉ាងយូរ​
16, Nov 2017 , 7:28 pm        
រូបភាព
​ក្រោយ​តុលាការ​កំពូល​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជាង​មួយ​ម៉ោង​រួចមក ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​តាមរយៈ​វីដេអូ ដែល​បាន​ផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍ ធំៗ​ក្នុងស្រុក និង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ពន្យល់ថា អាសនៈ​របស់ CNRP នឹងត្រូវ​បែងចែក យ៉ាងយូរ​ក្នុង​រយៈពេល​២​សប្តាហ៍​ខាងមុខ​។​

​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹងត្រូវ​បែងចែក​ទៅ​គណបក្ស​ផ្សេង យ៉ាងយូរ​២​សប្តាហ៍​ទៀត ទាំង​អាសនៈ​ក្នុង​រដ្ឋសភា និង​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។ នេះ​បើតាម​ប្រសាសន៍​របស់​នាយករដ្ឋមន្ត្រី នៅ​យប់​ថ្ងៃទី​១៦ វិច្ឆិកា​នេះ​។ ក្រៅពី​ប្រកាស​អំពី​កាលបរិច្ឆេទ​កំណត់​ថ្ងៃ​បែងចែក​អាសនៈ​បក្ស​សង្គ្រោះ​ជាតិ​ហើយ​នោះ សម្តេច ហ៊ុន សែន ក៏​មិន​ភ្លេច​បន្ត​អំពាវនាវ​ដល់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ឱ្យចូល​រួម​ក្នុង​គណបក្សនយោបាយរ​បស់​សម្តេច​ដែរ​។ សម្តេច​បញ្ជាក់ថា ឱកាស​នៅមាន​សម្រាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មុន​ថ្ងៃ​បែងចែក​អាសនៈ ហើយ​ពួកគេ​អាច​នៅ​រក្សា​ដំណែង​របស់​ខ្លួនគេ​ជា​ដដែល​។​

​យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ឱកាស​នេះ សម្រាប់តែ​សមាជិក​បក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ស្ថិតក្នុង​បញ្ជី​ឈ្មោះ ដែល​តុលាការ​សម្រេច​ផ្អាក​សកម្មភាព​នយោបាយរ​យៈ​ពេល​៥ ឆ្នាំ​តែប៉ុណ្ណោះ​។​
 
​គួររម្លឹកថា នៅ​រសៀល​ថ្ងៃទី​១៦ វិច្ឆិកា​នេះ តុលាការ​កំពូល​បានសម្រេច​រំលាយ​បក្សប្រឆាំង ក្រោម​ហេតុផល​ថា គណបក្ស​សង្គ្រោះ​ជាតិ ពិតជា​បាន​ឃុបឃិត​ជាមួយ​បរទេស ក្នុង​គោលបំណង​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល ដែលជា​បដិវត្ត​ពណ៌ ខុសច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​។ ក្រៅពី​រំលាយ​គណបក្សប្រឆាំង​នេះ តុលាការ​កំពូល​ក៏​សម្រេច​ផ្អាក​សកម្មភាព​ថ្នាក់ដឹកនាំ​នយោបាយ​របស់​គណបក្ស ចំនួន​១១៨​នាក់ ក្នុង​រយៈពេល​៥​ឆ្នាំ តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​ផងដែរ ។ តុលាការ​បិទផ្លូវ​តវ៉ា​លើ​ករណីនេះ ដោយ​ដាក់​ឲ្យ​អនុវត្ត​សាលដីកា ចាប់ពី​ថ្ងៃទី​១៦ វិច្ឆិកា តទៅ​៕


© រក្សាសិទ្ធិដោយ thmeythmey.com