អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កាណាដា​,​អង់គ្លេស​ដឹកនាំ​ចលនា​អន្តរជាតិ​ជំរុញ​ការបញ្ឈប់​ឧស្សាហកម្ម​ធ្យូងថ្ម​ត្រឹម​ឆ្នាំ ២០៣០
16, Nov 2017 , 7:35 pm        
រូបភាព
(​Bonn)៖ គំនិត​ផ្តួចផ្តើម Powering Past Coal Alliance ដែល​ដឹកនាំ​ដោយ​កាណាដា និង​ចក្រភព​អង់គ្លេស​ដើម្បី​ជំរុញ​ការលុបបំបាត់​ការប្រើប្រាស់​ថាមពល​ធ្យូងថ្ម ត្រូវបាន​ប្រកាស​នៅក្នុង​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣​នៅ​ទីក្រុង Bonn ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ភាគី​យ៉ាងហោចណាស់ ២៥ ដែលមាន​បណ្តា​ប្រទេស​អាស៊ី អឺរ៉ុប អាមេរិក និង​រដ្ឋ​មួយចំនួន​របស់​សហរ​ដ្ឋ​អា​មេ​រិ​ប្រកាស​ចូលរួម​យុទ្ធនាការ​នេះ​។


 
​ខណៈដែល​ការបញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ពី​ឧស្សាហកម្ម​ធ្យូងថ្ម​នៅតែ​បញ្ហា​ធំ​សម្រាប់​ពិភពលោក កាណ​ដា និង​ចក្រភព​អង់គ្លេស​បានចេញ​មុខ​ប្រកាស​ដាក់ចេញ​គំនិត​ផ្តួចផ្តើម​មួយ​ជំរុញ​ការលុបបំបាត់​ការប្រើប្រាស់​ធ្យូងថ្ម​នៅត្រឹម​ឆ្នាំ ២០៣០ និង​ជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាត​វិញ​។​
 
​គំនិត​ផ្តួចផ្តើម​នោះ​មាន​ឈ្មោះថា Global Alliance to Energy Past Coal ហើយ​វា​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្រៅ​សន្និសីទ​អង្គការ​សហ​ប្រជា​តិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ នៅ​អាល្លឺម៉ង់​។ រដ្ឋមន្ត្រី​បរិស្ថាន​កាណាដា លោកស្រី Catherine McKenna និង​រដ្ឋមន្ត្រី​ប្រែប្រួល​អាកាសធាតុ​និង​ឧស្សាហកម្ម​អង់គ្លេស Claire Perry បាន​ធ្វើជា​អធិបតី​ក្នុង​កម្មវិធី​នេះ​ផងដែរ​។​
 
​ក្នុង​ស​ន្និ​សី​សារព័ត៌មាន​នោះ លោកស្រី Catherine McKenna បាន​លើកឡើងថា​ការបញ្ឈប់​ឧស្សាហកម្ម​ធ្យូងថ្ម​ជា​រឿង​ល្អ​សម្រាប់​ពិភពលោក និង​សម្រាប់​បរិយាកាស​ផែនដី​។ វា​នឹងធ្វើ​ឲ្យ​ផែនដី​មាន​សុខ​ភាពល្អ និង​ស្រស់បំព្រង​នៅពេល​អនាគត​។​
 
«​វា​ជា​ដំណឹង​ល្អ​សម្រាប់​ពិភពលោក និង​សម្រាប់​បរិយាកាស​ផែនដី សម្រាប់​សុខភាព និង​សម្រាប់​កូនចៅ​យើង​ជំនាន់​ក្រោយ​។ ធ្យូងថ្ម​បំពុល​ទីក្រុង​យើង ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជិត ១​លាន​នាក់​ស្លាប់​រៀងរាល់ឆ្នាំ​។ ខ្ញុំ​រីករាយ​ខ្លាំងណាស់​ចំពោះ​គោលជំហរ​ដែល​កើតមាន​ក្នុង​ការជំរុញ​ការប្តូរ​ទៅប្រើ​ប្រាស់​ថាមពល​ស្អាត​នោះ​។ នេះ​ជាការ​ចាប់ផ្តើម​មួយ​»​។ លោកស្រី Catherine McKenna បានបញ្ជាក់​ដូច្នេះ​។​
 
​ដោយឡែក​លោកស្រី Claire Perry តំណាង​រដ្ឋាភិបាល​អង់​គ្លេ​ស​ឯណោះ​វិញ ក៏បាន​លើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​ជំរុញ​ការបញ្ឈប់​ការប្រើប្រាស់​ធ្យូងថ្ម​ដែរ​។ លោកស្រី​ក៏​ស្វាគមន៍​ប្រទេស​ដទៃ និង​ភាគី​ពាក់ព័ន្ធ​ដែល​ចង់​ចូលរួម​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ដើម្បី​សង្គ្រោះ​ផែនដី​នេះដែរ​។​
 
​លោកស្រី Claire បានបញ្ជាក់​ដូច្នេះ​៖«​ការកាត់បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម​ទូទាំង​ពិភពលោក​គួរ​ជា​រឿង​សំខាន់ និង​អាទិភាព​សម្រាប់​ប្រទេស​នានា​លើ​ពិភពលោក​។  ការមិន​បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម​ជា​រឿង​អាក្រក់​បំផុត ហើយក៏​ជា​វិធី​អាក្រក់​បំផុត​ក្នុង​ការផលិត​អគ្គីសនី​ដែរ​»​។​
 
​តាមពិតទៅ អង់គ្លេស​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​ប្តេជ្ញាចិត្ត​បញ្ឈប់​ឧស្សាហកម្ម​ថាមពល​ប្រើប្រាស់​ធ្យូងថ្ម​នៅត្រឹម​ឆ្នាំ ២០២៥​។ ឆ្នាំ ២០១២ ថាមពល​នៅ​អង់គ្លេស ៤០​ភាគរយ​ពឹងផ្អែក​ធ្យូងថ្ម ប៉ុន្តែ​មកដល់​ខែវិច្ឆិកា​ឆ្នាំ ២០១៥ វា​ធ្លា​ក់មក​ត្រឹម ២​ភាគរយ​ប៉ុណ្ណោះ​។ វា​ជាស​ញ្ញា​វិជ្ជមាន​មួយ និង​បញ្ជាក់ថា ការលែង​ពឹង​ផ្អែកលើ​ធ្យូងថ្ម​ជា​រឿង​អាច​សម្រេចបាន​។​
 
​សម្ព័ន្ធ​អន្តរជាតិ​ជំរុញ​ការលះបង់​ថាមពលអគ្គីសនី​ផលិត​ចេញពី​ធ្យូងថ្ម​នេះ​បច្ចុប្បន្ន​មាន​ប្រទេស​ចូលរួម​យ៉ាងហោចណាស់​២០ ពី​ទ្វីបអាស៊ី​ដល់​អឺរ៉ុប និង​ដល់​អាមេរិក រួមជាមួយ​បណ្តា​រដ្ឋ​របស់​អាមេរិក​ផងដែរ​ដូចជា Vancouver និង វ៉ាស៊ីនតោន​។ ក្នុងពេល​ប្រកាស​ដាក់ចេញ​គំនិត​ផ្តួចផ្តើម​នេះ គេ​ក៏​ឃើញ​ប្រទេស​ជាច្រើន​ផ្សេងទៀត​បន្ត​ចូលរួម​ជាមួយ​គម្រោង​សាកល​ដើម្បី​ដោះស្រាយ​ប​ញ្ហ​ប្រែប្រួល​អាកាសធាតុ​នេះដែរ​។ ដៃគូ​ពាក់ព័ន្ធ​រំពឹងថា គម្រោង​នេះ​នឹងមាន​ភាគី​ចូលរួម​រហូតដល់ ៥០ នៅត្រឹម​ឆ្នាំក្រោយ​នា​សន្និសីទ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៤ នៅ​ប៉ូឡូញ​។ 
 
​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF) បាន​ស្វាគមន៍​ការដាក់ចេញ​គំនិត​ផ្តួចផ្តើម​នេះដែរ​។​ប្រធាន​កម្មវិធី​អាកាសធាតុ​សាកល និង​ថាមពល​នៃ​មូល​និ​ធី​សត្វព្រៃ​ពិភពលោក Manuel Pulgar បាន​លើកឡើងថា វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ធ្យូ​ថ្ម ដើម្បី​សម្រេចបាន​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​។​
 
​មន្ត្រី​អង្គការ​សត្វព្រៃ​ពិភពលោក​ខាងលើ​បាន​សង្កត់ធ្ងន់​ដូច្នេះ​៖ «​ឈប់​ប្រើប្រាស់​ធ្យូងថ្ម​ជា​សកម្មភាព​ដោះស្រាយ​បញ្ហា​អាកាសធាតុ​ដែលមាន​ឥទ្ធិពល​បំផុត ដោយសារ​វា​ជួយ​លើកស្ទួយ​សុខភាព​សាធារណៈ និង​សុខុមាលភាព​មនុស្ស​ទូទៅ​។ រាល់ថ្ងៃនេះ​យើង​មាន​ទំនុកចិត្ត​ដោយសារ​ឃើញ​ភាគី​ពាក់ព័ន្ធ​ដើរ​កាន់តែ​ជិត​ដល់​ពិភព​ដែល​ពឹង​ផ្អែកលើ​ថាមពល​ករ​កើតឡើង​វិញ​។​ប៉ុន្តែ​យើង​ត្រូវ​ព​ន្លឿ​ន​វា​បន្ថែមទៀត​ដោយសារ​វា​ស្ថិតក្នុង​ដំណាក់កាល​អន្ត​រ​កាល​ប៉ុណ្ណោះ​។ ដូច្នេះហើយ​បញ្ចប់​ការប្រើប្រាស់​ធ្យូងថ្ម ជា​វិធី​តែមួយគត់​ដែល​អាច​ធានា​និរន្តរភាព​នៃ​ថាមពល​សម្រាប់​ទាំងអស់គ្នា​»​។ 
 
​សូមបញ្ជាក់ថា​ការបញ្ឈប់​ការប្រើប្រាស់​ឧស្សាហកម្ម​ធ្យូងថ្ម​ជា​ចំណុច​សំខាន់បំផុត​មួយ​ក្នុងការ​សម្រេចបាន​នូវ​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ដែល​កម្រិត​សីតុណ្ហភាព​កុំ​ឲ្យ​កើនឡើង ២ អង្សា​សេ​នៅត្រឹម​ឆ្នាំ ២១០០​។ បើសិន​បើ​មិនមាន​ការបញ្ឈប់​ការប្រើប្រាស់​ធ្យូងថ្ម​ទេនោះ ការកម្រិត​កម្តៅ​ផែនដី​មិនអាច​សម្រេចបាន​នោះឡើយ​៕ 
 
 
 
 

Tag:
 ​ធ្យូងថ្ម​
  កាណាដា​
  អង់គ្លេស​
  Powering Past Coal Alliance
  Catherine Mckenna
  Claire Perry
© រក្សាសិទ្ធិដោយ thmeythmey.com