កីឡាអន្តរជាតិ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
មួយថ្ងៃ​ក្រោយ​តុលាការ​រំលាយ CNRP សភា​បន្ត​សម័យប្រជុំ​ធម្មតា​របស់ខ្លួន​
17, Nov 2017 , 9:10 am        
រូបភាព
ដោយ: ថ្មីៗ
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៦៥​រូប បន្ត​សម័យប្រជុំ​របស់​ខ្លួន ពោលគឺ​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បានឈ្នះ​កៅអី​ចំនួន​៥៥​ពី​ការបោះឆ្នោត ត្រូវ​រំលាយ​ដោយ​សាលដីកា​តុលាការ​កំពូល​។​



​កិច្ចប្រជុំសភា ដែលមាន​ការចូលរួម​ពី​សំណាក់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​នោះ ផ្តោតលើ​របៀបវារៈ​សំខាន់​ចំនួន​៣ គឺ ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​បន្ថែមចំនួន​០២​រូប សម្រាប់​គណៈកម្មាធិការ​នានា​នៃ​រដ្ឋសភា ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨ និង​ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​មួយចំនួនទៀត​។​



អត្ថបទទាក់ទង
 
​សេចក្តីព្រាងច្បាប់​ផ្សេងទៀត​ដែល​ត្រូវ​ពិភាក្សា និង​អនុម័ត​នោះ មានដូចជា​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​សឹង្ហ​បុរី ស្ដីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ កិច្ចព្រមព្រៀង​រវាង​ក​ម្ពុ​ជា និង ចិន ស្ដីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​។ កិច្ចព្រមព្រៀង​រវាង​ក​ម្ពុ​ជា និង​ប្រ៊ុយណេ ស្ដីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល ។ កិច្ចព្រមព្រៀង​រវាង កម្ពុជា និង ថៃ ស្ដីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល ។​

​ការពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៦ ក៏​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​ផងដែរ​។​

​នេះ​អាច​ចាត់ទុកជា​ថ្ងៃ​ដំបូង​នៃ​ដំណើរការ​កិច្ចប្រជុំសភា ដោយ​មិនចាំបាច់​រង់ចាំ​មើល​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​ក្នុងចំណោម​មន្ត្រីជាន់ខ្ពស់ CNRP ១១៨​រូប ដែល​តុលាការ​កំពូល​ពិន័យ​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​៕


Tag:
 ​រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com