កីឡាជាតិ
ជាតិ
ក្រោនសងសឹកវេស្ទើនមុនអគ្គិសនីស្វាគមន៍បឹងកេតនិងអាស៊ីអឺរ៉ុបប៉ះណាហ្គាវើល
× ក្រោយសម្រាក២សប្តាហ៍ការប្រកួតបាល់ទាត់ពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំឆ្នាំ២០១៧បានវិលមកវិញហើយ ដោយនៅថ្ងៃសៅរ៍ ទី១៨ វិច្ឆិកា សប្តាហ៍នេះក្រុមភ្នំពេញក្រោនជួបសងសឹកជាមួយវេស្ទើនភ្នំពេញនៅកីឡដ្ឋានវេស្ទើនភ្នំពេញ។ ចំណែកក្រុមអាស៊ីអឺរ៉ុបត្រូវតទល់ជាមួយក្រុមបឹងកេតនៅកីឡដ្ឋានស្តាតចាស់ ខណៈអគ្គិសនីកម្ពុជាជួបបឹងកេតនៅកីឡដ្ឋានខេត្តស្វាយរៀង។
អតីតជើងឯក៤រដូវកាលភ្នំពេញក្រោនត្រូវជួបប្រកួតសងសឹកជាមួយក្រុមវេស្ទើនភ្នំពេញដែលពួកគេបានបរាជ័យ ៣-១ ក្នុងជើងទី១នៅលើដីខ្លួននាម៉ោង៣:៣០នាទីរសៀលថ្ងៃទី១៨ វិច្ឆិកា នេះនៅកីឡដ្ឋានវេស្ទើនភ្នំពេញ។ បច្ចុប្បន្នភ្នំពេញក្រោនដែលទើបផ្លាស់ប្តូរគ្រូបង្វឹកថ្មីបានរបូតពីតំបន់ Top 4 មកឈរលេខរៀងទី៥ដោយមាន៣៣ពិន្ទុជាមួយជ័យជម្នះ៩លើក ស្មើ៦ និងចាញ់៤។ រីឯក្រុមវេស្ទើនភ្នំពេញឈរលេខរៀងទី៨ដោយមាន២២ពិន្ទុជាមួយ៦ប្រកួតឈ្នះ ៤ស្មើ និង៩ចាញ់។
បើមើលពីស្ថិតិ៣ប្រកួតកន្លងមករបស់ក្រុមទាំងពីរភ្នំពេញក្រោនស្មើ២ ចាញ់១ ក្នុងនោះស្មើ ២-២ ជាមួយក្រុមខេមបូឌានថាយហ្គឺរក្នុងសប្តាហ៍ទី១៩ ចាញ់ក្រសួងការពារជាតិ ១-០ ក្នុងសប្តាហ៍ទី១៨ និងស្មើ ១-១ ជាមួយណាហ្គាវើលក្នុងសប្តាហ៍ទី១៧ដោយការប្រកួតទាំងនេះរៀបចំនៅកីឡដ្ឋាន R.S.N។ ចំណែក៣ប្រកួតរបស់វេស្ទើនភ្នំពេញឈ្នះ២ ចាញ់១ ក្នុងនោះចាញ់ណាហ្គាវើល ៤-០ ក្នុងសប្តាហ៍ទី១៩ មុនឈ្នះអាស៊ីអឺរ៉ុប, គីរីវង់សុខសែនជ័យ ៤-៣ និង ២-១ ក្នុងសប្តាហ៍១៨ និង១៧ជាបន្តបន្ទាប់។
តែយ៉ាងណាគេសង្កេតឃើញ៣ប្រកួតរបស់ក្រុមទាំងពីរគូប្រកួតរបស់ភ្នំពេញក្រោនភាគច្រើនមានសមត្ថភាពខ្លាំង ខណៈគូប្រកួតរបស់វេស្ទើនភ្នំពេញភាគច្រើនមានសមត្ថភាពប្រហាក់ប្រហែលគ្នាលើកលែងតែណាហ្គាវើលតែប៉ុណ្ណោះ។
ក្រៅពីជំនួបសងសឹកខាងលើក៏មានការប្រកួតសងសឹកពីរគូទៀតផងដែរក្នុងនោះក្រុមអគ្គិសនីកម្ពុជាបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀងសងសឹកបឹងកេងដែលខ្លួនធ្លាប់ចាញ់ ៤-០ នៅម៉ោង៦ល្ងាច ខណៈអាស៊ីអឺរ៉ុបសងសឹកណាហ្គាវើលដែលបានយកឈ្នះពួកគេ ៤-០ ក្នុងជើងទី១នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ៕
Tag:
Cambodian League 2017
បឹងកេត
ណាហ្គាវើល
© រក្សាសិទ្ធិដោយ thmeythmey.com