កីឡាអន្តរជាតិ
ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភា​ជាន់​ទាប និង​ជាន់ខ្ពស់​ថា តុលាការ​កំពូល​បាន​អនុវត្តតាម​គោលការណ៍​នីតិរដ្ឋ​
17, Nov 2017 , 9:19 pm        
រូបភាព
សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា (ឆ្វេង) និងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា
សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា (ឆ្វេង) និងសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា
ដោយ: រួបរួម
​ព្រឹទ្ធសភា និង​រដ្ឋសភា​របស់​ក​ម្ពុ​ជា បានចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន ដោយ​បង្ហាញ​ជំហរ​គាំទ្រ​សាលដីកា​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ក្នុងការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​ការធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​របស់​មន្ត្រីជាន់ខ្ពស់ CNRP ១១៨​រូប​។



​ស្ថាប័ន​នីតិបញ្ញត្តិ​ទាំងពីរ បានបញ្ជាក់​ពី​ការយកចិត្តទុកដាក់រ​បស់​ខ្លួន​ក្នុង​ការតាមដាន​ដំណើរ​សវនាការ​ជំនុំជម្រះ​របស់​តុលាការ​កំពូល តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដែល​ចោទប្រកាន់​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​។​

«​សាលដីកា​នេះ នឹង​ពង្រឹងពង្រីក​ស្មារតី​គោរព និង​អនុវត្តតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​របស់​រដ្ឋ ស្របតាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​»​។ នេះ​ជាការ​គូស​បញ្ជា​ស់រ​បស់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយ​អះអាងថា សាលដីកា​តុលាការ​ជាន់ខ្ពស់​កាលពី​ម្សិលមិញ ជា​ដំណាក់កាល​ប្រវត្តិសាស្ត្ររ​បស់​កម្ពុជា​។​

​សម្តេច សាយ ឈុំ ដែលជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​នោះ បាន​អះអាងថា​៖ «​ព្រឹទ្ធសភា ចាត់ទុកថា អ្នកនយោបាយ និង​គណបក្ស​ដែល​ដាក់ខ្លួន​បម្រើ​ផលប្រយោជន៍​បរទេស ពិតជា​ធ្វើ​ឲ្យ​ខូចខាត​ដល់​ផលប្រយោជន៍​របស់​ប្រជា​ជាតិខ្មែរ​យ៉ាងធ្ងន់ធ្ងរ​បំផុត​»​។​
អត្ថបទទាក់ទង

​ក្នុង​អត្ថន័យ​ស្រដៀង​គ្នា រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​សម្តេច ហេង សំរិន បាន​លើកឡើងថា តុលាការ​កំពូល​ជា​ស្ថាប័ន មាន​សមត្ថកិច្ច​តែមួយគត់​ក្នុងការ​សម្រេចសេចក្តី​រំលាយ​គណបក្ស​ណាមួយ​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ រួមទាំង​ច្បាប់​ស្តីពី​គណបក្សនយោបាយ និង​ច្បាប់​ពាក់ព័ន្ធ​នានា​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន រដ្ឋសភា បាន​អះអាងថា ស្ថាប័ន​នីតិបញ្ញត្តិ​មួយ​នេះ​នៅតែ​បន្ត​បំពេញ​តួនាទី​ស្របតាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ជានិច្ច​។​

​ជាមួយគ្នា គ្រប់​បណ្តា​ស្ថាប័នរដ្ឋ សុទ្ធតែ​បានបង្ហាញ​ជំហរ​របស់ខ្លួន​ក្នុងការ​គាំទ្រ សាលដីកា​តុលាការ​កំពូល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា លើ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាមឃាត់​សិទ្ធិ​នយោបាយ​៥​ឆ្នាំ​របស់​មន្ត្រីជាន់ខ្ពស់​១១៨​រូប​របស់​គណបក្ស​មួយ​នេះ​៕


Tag:
 ​រដ្ឋសភា​
  ព្រឹទ្ធសភា​
  CNRP
  តុលាការ​កំពូល
© រក្សាសិទ្ធិដោយ thmeythmey.com