ជាតិ
សង្គមជាតិ
ស​.​ស​.​យ​.​ក គាំទ្រ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​សន្តិភាព និង​ស្ថិរភាព​
17, Nov 2017 , 6:34 pm        
រូបភាព
ដោយ: ថ្មីៗ
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ដ៏​កម្រ​មួយ​ដែលទាក់ទងនឹង​សង្គមនយោបាយ ដោយ​ប្រកាស​គាំទ្រ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ក្នុងការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

 
​មូលហេតុ​ចំបង​របស់​ចលនា​យុវជន​ដ៏​ធំ​មួយ​នេះ​ដែល​គាំទ្រ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ដើម្បី​ស្ថិរភាព និង​សន្តិភាព​។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ស​.​ស​.​យ​.​ក បាន​រំ​ឮ​ក​ឡើងវិញ​អំពី​សង្គ្រាមស៊ីវិល​ច្រើន​ទសវត្សរ៍​ដែល​បានកើត​មាននៅ​កម្ពុជា និង​បាន​រារាំង​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា​។
 
​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សរសេរ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​យ៉ាង​ដូច្នេះ​៖«​មេរៀន​មួយ​ដ៏​សំខាន់​សម្រាប់​យុវជន​យើងទាំងអស់គ្នា​គឺថា កម្ពុជា​មិនអាច​ប្រថុយប្រថាន​ដោយ​យក​សន្តិភាព និង​ស្ថិរភាព ជា​ការដកពិសោធន៍​ណា​មួយទៀត​បានឡើយ​»​។​
 
​យុវជន ស​.​ស​.​យ​.​ក បានសរសេរថា ពួកគេ​ជា​សាក្សី​នៃ​ព្យាយាម​ថែរក្សា​សន្តិភាព និង​ស្ថិរភាព​របស់​កម្ពុជា​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​។ ជា​សន្តិភាព​ដែល​ពួកគេ​យល់ថា បានផ្តល់​ឱកាស​ពេញលេញ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព ចំណេះដឹង​ផ្ទាល់ខ្លួន និង​បាន​ចូលរួម​កសាង​សង្គមជាតិ​ទៀតផង​។​
 
​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​អំពាវនាវ​ដល់​ប្រជាជន​ខ្មែរ និង​ពិសេស​យុវជន បង្ហាញ​សាមគ្គីភាព និង​លើកតម្កើង​សន្តិភាព និង​ស្ថិរភាព ក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com