អន្តរជាតិ
WHO និង UNFCCC ប្តេជ្ញា​ជួយ​ពង្រឹង​វិស័យ​សុខាភិបាល​ប្រទេស​ក្រីក្រ​ឆ្លើយតប​ការប្រែប្រួល​អាកាសធាតុ​
18, Nov 2017 , 5:26 am        
រូបភាព
រូបភាព៖ គណនី twitter ផ្លូវការអង្គការសុខភាពពិភពលោក WHO
រូបភាព៖ គណនី twitter ផ្លូវការអង្គការសុខភាពពិភពលោក WHO
Bonn៖ អង្គការ​សុខភាព​ពិភពលោក (WHO) និង លេខាធិការដ្ឋាន​នៃ​អនុ​ញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (UNFCC Secretariat) បាន​ចុះ​អនុស្សារនៈ​យោគយល់​គ្នា​មួយ​ក្នុង​សន្និសីទ​អាកាសធាតុ​លើក​ទី​២៣ (COP23) នៅ​អាល្លឺម៉ង់​។ ស្ថាប័ន​អន្តរជាតិ​ទាំងពីរ​ប្តេជ្ញាចិត្ត​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណៈ​ដែល​រង​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​។​
 
​ខណៈដែល​ការជជែក​គ្នា​រក​ដំណោះស្រាយ​ចំពោះ​ការប្រែប្រួល​អាកាសធាតុ​នៅ​បន្ត ប្រជាជន​នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​បាន​រងគ្រោះ​រួចទៅហើយ​ដោយសារ​ផលប៉ះពាល់​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​នោះ​។ ផលប៉ះពាល់​លើ​សុខ​ភាពជា​កង្វល់​ដ៏​ធំ​របស់​បណ្តា​ប្រទេស​ក្រីក្រ​ទាំងនោះ​។​
 
​នៅក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី ២៣ (COP23) នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់ អង្គការ​សុខភាព​ពិភពលោក​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​លេខាធិការដ្ឋាន​ប្រែប្រួល​អាកាសធាតុ​ដើម្បី​បន្ត​ដោះស្រាយ​បញ្ហា​សុខភាព​សាធារណៈ​ដែល​រង​ផលប៉ះពាល់​ពី​ការឡើង​កម្តៅ​នៃ​ផែនដី​។ 
 
​លេខាធិការ នៃ​អនុ​ញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លោកស្រី Patricia Espinosa បាន​ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​រីករាយ​ដែល​ស្ថាប័ន​ទាំងពីរ​ពង្រឹង​សម្ព័ន្ធភាព​ឲ្យ​កាន់តែ​ខ្ពស់​។ កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ត្រូវការ​ភាគី​ទាំងអស់​ចូលរួម ប្រសិន​យើង​ចង់​សង្គ្រោះ​ផែនដី ធានា​សុខុមាលភាព​ប្រជាជន និង​ផែនដី​នៅពេល​អនាគត​»​។​
 
​លោកស្រី​បាន​ឆ្លៀត​រំលឹក​ផងដែរ​ពី​ផលប៉ះពាល់​ដែល​បង្កឡើង​ពី​ការប្រែប្រួល​អាកាសធាតុ​លើ​សុខភាព​ប្រជាជន​លើ​ពិភពលោក ដែល​វា​បញ្ជាក់ថា ពិភពលោក​មិនអាច​ព្រងើយកន្តើយ​ឬ​បង្អែរ​បង្អង់​យូរ​បានឡើយ​។ 
 
«​ប្រជាជន​ជាច្រើន​បាន​ជួប​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​ព្រោះ​ការប្រែប្រួល​អាកាសធាតុ ដូចជា​បំពុល​ខ្យល់ រលក​កម្តៅ បំពុល​ទឹក និង​អាកាសធាតុ​មិន​ទៀងទាត់​ផ្សេងទៀត​។ បើ​យើង​ចួ​ល​រួម​ទាំងអស់គ្នា យើង​អាច​សម្រេច​គោលដៅ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​យើង​ក៏​អាច​ចួ​ល​រួមចំណែក​លើក​ស្ទូ​យ​សុខុមាលភាព​ប្រជាជន​រាប់ពាន់​លាន​នាក់​ដែរ​»​។​
 
​អនុស្សារណៈ​យោគយល់​គ្នា​ដែល​ត្រូវបាន​បង្កើត​រួមគ្នា​រវាង​ស្ថាប័ន​អន្តរជាតិ​ទាំងពីរ​នេះ​នឹង​ជួយ​រួមចំណែក​គាំទ្រ​ប្រទេស​នានា​លើ​ពិភពលោក​ក្នុង​ការពង្រឹង​ប្រសិទ្ធភាព​សុខាភិបាល​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ជារួម​វា​នឹង​ជំរុញ​ការកសាង​ភាព​អត់ធន់​នឹង​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ក៏ដូចជា​គាំទ្រ​ប្រទេស​ដែលមាន​ប្រព័ន្ធ​សុខ​ភិ​បាល ខ្សោយ​នោះ​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​អាច​ធានាបាន​ថា ពិភពលោក​អាច​សម្រេច​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​នៅក្នុង​ឆ្នាំ ២០៣០ ខាងមុខ​ផង​។​
 
​ដោយឡែក អគ្គនាយក​នៃ​អង្គការ​សុខភាព​ពិភពលោក​លោក Tedros Adhanom Ghebreyesus កត់សម្គាល់​ផងដែរ​ថា ការដោះស្រាយ​បញ្ហា​សុខាភិបាល​ដែល​រង​ការគំរាមកំហែង​ដោយ​ការប្រែប្រួល​អាកាសធាតុ​នេះ​ជា​រឿង​សំខាន់​សម្រាប់​ពិភពលោក​។ 
 
«​ការប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​សុខភាព​របស់​យើងទាំងអស់គ្នា​។ សុខភាព​ក្មេងជំនាន់ក្រោយ​ទូទាំង​ពិភពលោក​គឺ​ពឹង​លើ​យើងទាំងអស់គ្នា​ដែល​ត្រូវ​ចាប់ផ្តើម​រក​ដំណោះស្រាយ​នៅពេលនេះ​»​។  
 
​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ពិភពលោក​នឹង​ប្រឈម​កំណើន​គ្រោះមហន្តរាយធម្មជាតិ​ដូច​ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត កង្វះ​អាហារូបត្ថម្ភ រលក​កម្តៅ និង​បញ្ហា​ផ្សេងទៀត​ដែល​គំរាមកំហែង​សុខភាព​ប្រជាជន​ជាពិសេស​ជន​ងាយ​រងគ្រោះ​និង​ក្រីក្រ​ផង​។ របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការសហប្រជាជាតិ​បង្ហាញថា ចន្លោះ​ពី​ឆ្នាំ ២០៣០ ដល់ ២០៥០ ចំនួន​អ្នកស្លាប់​កើនឡើង​រហូតដល់ ២៥​ម៉ឺន​នាក់​រាល់​ឆ្នាំ​ដោយសារ​បញ្ហា​នេះ​៕
 

Tag:
 WHO
  UNFCCC
  COP23
© រក្សាសិទ្ធិដោយ thmeythmey.com