ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ខាតបង់​៖ នៅពេល​ឪពុកម្តាយ មិនបាន​ជួប​គ្រូ​របស់​កូន​
18, Nov 2017 , 9:57 am        
រូបភាព
«​ប្រឹង​ចំណាយ​ប្រាក់​ឲ្យ​កូន​រៀន តែ​មិន​ចាប់អារម្មណ៍​ទៅ​ជួប​គ្រូបង្រៀន​របស់​កូន វា​ជាការ​ខាតបង់​ដ៏​ធំ​មួយ​របស់​មាតាបិតា ឬ​អាណា​ព្យ​បាល​»​។ នេះ​ជា​ចំណុច​ខ្វះខាត​មួយ​របស់​ឪពុកម្តាយ​ជាច្រើន ដែល​លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​នៃ​សាលារៀន​ឯកជន​វេស​ឡាញ កំពុង​ខ្វល់ខ្វាយ​។​



​បើទោះជា​មានការ​កើនឡើង​ខ្លះ​នៃ​ចំនួន​ឪពុកម្តាយ និង​អាណាព្យាបាល​នៅក្នុង​ជំនួប​ជាប្រចាំ​រវាង គ្រូបង្រៀន និង​ឪពុកម្តាយ នៅ​សាលារៀន​វេស​ឡាញ​របស់លោក​ក៏ដោយ លោក ប៉ិច បូ​ឡែ​ន នៅ​មិនទាន់​ពេញចិត្ត​ឡើយ​ទេ​។ អគ្គនាយក​នៃ​ក្រុមហ៊ុន​សាលារៀន​វេស​ឡាញ​រូបនេះ បាន​បញ្ជាក់ថា ជំនួប​មាតាបិតា ឬ​អាណាព្យាបាល  ជាមួយនឹង​គ្រូបង្រៀន​របស់​កូន​ពួកគេ គឺជា​ម៉ែត្រ​វាស់​នៃ​ការអភិវឌ្ឍ​របស់​កូនៗ​របស់​ពួកគេ​។ សម្រាប់​អ្នក​អប់រំ​រូបនេះ វា​នឹង​ក្លាយជា​ការខាតបង់​មួយ នៅពេលដែល​ឪពុកម្តាយ​នានា​ដែល​ខិតខំ​ធ្វើ​ការរកចំណូល​ដើម្បី​ផ្គត់ផ្គង់​ការសិក្សា​របស់​កូនៗ ប៉ុន្តែ​ពួកគេ​មិន​បានមក​ស្តាប់​គ្រូបង្រៀន​ដែល​នឹង​បរិយាយ​អំពី​សកម្មភាព​សិក្សា​របស់​កូនៗ​ពួកគេ​នោះ​។​

«​បើ​យើង​សួរ​មាតាបិតា អាណាព្យាបាល​ថា តើ​ពួកគេ​ខិតខំ​ធ្វើការ​រាល់ថ្ងៃ​ដើម្បី​អ្វី​? ពួកគេ​នឹង​ឆ្លើយ​ភ្លាម​ថា គឺ​ដើម្បី​កូន​។ ប៉ុន្តែ​តើ​ហេតុអ្វី​បានជា​ពួកគេ​គាត់​កំណាញ់​ពេលវេលា​កន្លះ​ម៉ោង ដើម្បី​ស្តាប់​ពី​លទ្ធផល​នៃ​ការសិក្សា​របស់​កូន ឬ​ដើម្បី​អាច​ដឹង​តើ​ពួកគាត់​អាចជួយ​កូន​តាមរបៀប​ណា​?»​។ នេះ​ជាការ​កត់សម្គាល់​របស់ បូ​ឡែ​ន ដែល​អះអាងថា កូន​ដែលមាន​ឪពុកម្តាយ ឬ​អាណាព្យាបាល​សហការ​ជាមួយ​គ្រូបង្រៀន តែង​ទទួលបាន​ការអភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​។​

​តាមពិតទៅ មិន​ត្រឹមតែ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ការសិក្សា​តែមួយ​នោះទេ ដែល​គ្រូបង្រៀន​អាច​អធិប្បាយ​ប្រាប់​ឪពុកម្តាយ នៅពេល​មានកម្ម​វិធី​ជំនួប​ដែល​សាលារៀន​បានរៀបចំ​នោះ​។ ការប្រែប្រួល​នៃ​អត្តចរិត អាកប្បកិរិយា របៀប​គិត និង​ប្រតិកម្ម​ផ្សេងៗ​ទៀត​របស់​កូនៗ ក៏​គ្រូបង្រៀន​អាច​រ៉ាយរ៉ាប់​ប្រាប់​ឪពុកម្តាយ​ផងដែរ​។ នេះ​រឹតតែ​ជា​ចំណុច​សំខាន់​សម្រាប់​លោក ប៉ិច បូ​ឡែ​ន​។​

«​នៅ​ប្រទេស​ខ្លះ គេ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ធ្វើជា​ឪពុកម្តាយ​ទៀតផង​។ ហើយ​គេ​ត្រូវ​បង់​ថវិកា​ថ្លៃ​ណាស់ ដើម្បី​បាន​រៀនសូត្រ​វគ្គ​នេះ​។ បានន័យថា ឪពុកម្តាយ​ត្រូវ​ស្ថិតនៅ​ស្និទ្ធ​ជាមួយនឹង​សាលារៀន ដើម្បី​រួមគ្នា​អភិវឌ្ឍ​កូន​របស់​ពួកគេ​»​។ អគ្គនាយក​ក្រុមហ៊ុន​នៃ​សាលារៀន​វេស​ឡាញ​បានលើកឡើង​យ៉ាង​ដូច្នេះ ដោយ​រំ​ឮ​ក​បន្ថែមថា ប្រទេស​កាន់តែ​អភិវឌ្ឍ ការចូលរួម​របស់​ឪពុកម្តាយ​លើ​ការសិក្សា​របស់​កូន រឹតតែ​ចាំបាច់​៕






Tag:
 westline
  WEG
  Pech Bolene
  អប់រំ​
  ឪពុកម្តាយ​
© រក្សាសិទ្ធិដោយ thmeythmey.com