ជាតិ
នយោបាយជាតិ
ស្លាកផ្សេងៗរបស់ អតីតគណបក្សសង្គ្រោះជាតិ ត្រូវរុះរើបន្ទាប់ពីមានបញ្ជាពីក្រសួងមហាផ្ទៃ ទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិមុនរុះរើ(ថតនៅថ្ងៃទី១៦ ខែវិច្ឆិកា)
× ស្លាក បដា និងពាក្យស្លោក របស់អតីតគណបក្សសង្គ្រោះជាតិទូទាំងប្រទេសកម្ពុជា កំពុងត្រូវបានរុះរើជាបន្តបន្ទាប់ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ ក្រោយពីមានបញ្ជាយ៉ាងដាច់ណាត់ពីក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៧ ខែវិច្ឆិកា។ មិនតែប៉ុណ្ណោះស្នាក់ការកណ្ដាលរបស់អតីតគណបក្សសង្គ្រោះជាតិ ក៏ត្រូវរុះរើស្លាក បដា ពាក្យស្លោករបស់គណបក្សខ្លួន ចេញពីអគារនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះដែរ។
ដល់ថ្ងៃដែលស្លាក បដា និងពាក្យស្លោករបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវរុះរើចេញពីទីកន្លែងដែលធ្លាប់មានក្នុងប្រទេសកម្ពុជាហើយ។ នេះជាការអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ ដែលតម្រូវឲ្យរាជធានី ខេត្តទាំងអស់ អនុវត្តតាមសាលដីការរបស់តុលាការកំពូល ដែលបានរំលាយគណបក្សសង្គ្រោះជាតិ។ ស្នាក់ការកណ្ដាលនៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរុះរើស្លាក បដាផ្សេងៗរបស់ខ្លួន នៅព្រឹកថ្ងៃទី១៨ តែម្ដង។ សាលារាជធានីឲ្យដឹងថា បុគ្គលិកស្នាក់ការបក្សបានរុះរើដោយខ្លួនឯង បន្ទាប់ពីមានការជូនដំណឹងពីសាលារាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកម៉េត មាសភក្ដី បានប្រាប់សារព័ត៌មានថ្មីៗថា ថាការរុះរើនេះធ្វើឡើងទូទាំងប្រទេស តបតាមការបញ្ជាពីក្រសួងមហាផ្ទៃ មិនមែនមានតែរាជធានីភ្នំពេញនោះទេ។ សាលារាធានីនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា ការរុះរើនេះ នឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃដើម្បីបញ្ចប់ តែក្នុងករណីដែលស្នាក់ការណាមួយ របស់អតីតគណបក្សសង្គ្រោះជាតិនេះ មិនព្រមរុះរើដោយខ្លួនឯងនោះ សាលារាជធានីនឹងអនុវត្តតាមបញ្ជាដែលបានកំណត់។ លោក មាសភក្តី ពន្យល់ដូច្នេះ៖«ដោយសារតែយើងទើបតែបានលិខិតកាលពីម្សិលមិញដែរ ឥលូវនេះយើងកំពុងតែជូនដំណឹងទៅស្នាក់ការគណបក្សទូទាំងរាជធានៅភ្នំពេញ ជាមួយមន្ត្រីមូលដ្ឋានទាំងអស់ឲ្យចុះរុះរើស្លាកគណបក្សសង្គ្រោះជាតិ។ បើសិនជាគេមិនអនុវត្តតាមទេ យើងនិងធ្វើតាមបញ្ជាដែលបានកំណត់»។
បើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ការចុះរុះរើនេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ជាបន្ទាន់ ដោយតម្រូវឲ្យស្នាក់ការ ឬអគាររបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវរុះរើស្លាក បដា ឬពាក្យស្លោក ផ្សេងៗរបស់ខ្លួនចេញពីអគារ។ ចំណែកស្លាក ឬបដា នៅតាមទីសាធារណៈ មន្ត្រីមានសមត្ថកិច្ចត្រូវចាត់វិធានការរុះរើជាបន្ទាន់។ លើសពីនេះ ក្រសួងមហាផ្ទៃបានហាមមិនឲ្យមានសកម្មភាពណាពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូលឡើយ។ មិនតែប៉ុណ្ណោះក្រសួងមហាផ្ទៃ ក៏តម្រូវឲ្យមានការណែនាំដល់ប្រជាពលរដ្ឋ ដើម្បីអនុវត្តសាលដីការដែលរំលាយគណបក្សសង្គ្រោះជាតិ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងរាជធានី ខេត្តនីមួយៗ។
សូមបញ្ជាក់ថា តាមអំណាចនៃសាលដីការបស់តុលាការកំពូល គណបក្សសង្គ្រោះជាតិត្រូវបានរំលាយជាស្ថាពរ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា។ សាលដីការនេះ ក៏បានដកហូតសិទ្ធិរបស់ថ្នាក់ដឹកនាំគណបក្សនេះ ទាំង១១៨នាក់ មិនឲ្យធ្វើសកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធ និងនយោបាយឡើយ៕
Tag:
សង្គម
គណបក្សសង្គ្រោះជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com