ជាតិ
«​អណ្ដើក​ហ្លួង​»​សត្វ​ល្មូ​ន​តំណាង​កម្ពុជា ដែល​ជិត​ផុត​ពូជ​
18, Nov 2017 , 3:59 pm        
រូបភាព
​កោះកុង​៖ អណ្ដើក​ហ្លួង ឬ អណ្ដើក​សរសៃ ជា​អណ្ដើក​មួយ​ប្រភេទ​ក្នុងចំណោម​អណ្ដើក​ទាំង ២៥​ប្រភេទ ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​បំផុត​នៅលើ​សកលលោក​។ អណ្ដើក​ហ្លួង ជា​ប្រភេទ​អណ្ដើក​ដែល​ជិត​ផុត​ពូជ​នៅ​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ អណ្តើក​ហ្លួង ត្រូវបាន​ដាក់បញ្ចូល​ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០០៥​។  នៅ​កម្ពុជា មាន​ដែន​ជម្រក​អណ្ដើក​ហ្លួង​តែមួយគត់ គឺ​ក្នុង​តំបន់​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្នុង​ខេត្តកោះកុង​។



​អណ្ដើក​ហ្លួង​នៅ​កម្ពុជា ត្រូវបាន​គេ​គិតថា​ផុត​ពូជ​ទៅហើយ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០០០ រដ្ឋបាល​ជលផល និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​ចំនួន​សេសសល់​តិចតួច​របស់​វា​រស់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ខេត្តកោះកុង​។ បើតាម​អង្គការ WCS នៅ​ឆ្នាំ​២០០១ អង្គការ WCS បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល ចាប់ផ្ដើម​កម្មវិធី​ការពារ​សំបុក​ដោយមាន​ការចូល​រួម​ពី​ប្រជា​សហគមន៍​នៅ​ស្រុកស្រែ​អំបិល​។



​ដើម្បី​អភិរក្ស​សត្វ​អណ្ដើក​ហ្លួង​នៅ​កម្ពុជា អង្គការ  WCS និង​រដ្ឋបាល​ជលផល បានជ្រើសរើស​អតីត​អ្នកប្រមូល​ពង និង​កូនអណ្ដើក​ហ្លួង ឲ្យ​មក​ធ្វើការ​ងារ​ជា​បុគ្គលិក​របស់​គម្រោង ដើម្បី​ស្វែងរក និង​ការពារ​សំបុក​អណ្ដើក​ហ្លួង ជំនួស​ឲ្យ​ការប្រមូល​យក​ពង​ទៅ​លក់​។ បន្ថែម​លើ​នេះ ក្នុង​ឆ្នាំ​២០១៧​នេះ ពងអណ្ដើក​ហ្លួង​ចំនួន ១ សំបុក មាន​ពង​ចំនួន ១៤​គ្រាប់ ត្រូវបាន​អ្នកភូមិ​ន​ប្រទះឃើញ​នៅតាម​បណ្ដោយ​ឆ្នេរ​ព្រែក​ក្អោ​ង​ដែលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​។​

​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ខេត្តកោះកុង​នៃ​អង្គការ WCS បញ្ជាក់ថា សត្វ​អណ្ដើក​ហ្លួង​នៅ​កម្ពុជា ជា​ប្រភេទ​អណ្ដើក​ដែល​ជិត​ផុត​ពូជ និង​បាន​ចាត់ទុកជា​សត្វ​ល្មូ​ន​តំណាង​កម្ពុជា​ផងដែរ​។ ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​ខេត្តកោះកុង​នៃ​អង្គការ WCS​រូបនេះ បន្ថែមថា អង្គការ WCS និង​រដ្ឋបាល​ជលផល បាន​លែង​អណ្ដើក​ហ្លួង ទៅ​រស់នៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ដើម្បី​តាមដាន​ពី​ការ​បំលាស់​ទី ការប្រើប្រាស់​ទីជម្រក និង​ការរស់រាន​របស់​វា ព្រោះ​ទីតាំង​នេះ ជាទី​តាំងតែ​មួយគត់រ​បស់​អណ្ដើក​ហ្លួង​នៅ​កម្ពុជា​។​



​លោក សោម ស៊ីថា លើកឡើងថា បញ្ហា​ប្រឈម​សម្រាប់​អណ្ដើក​ហ្លួង កើតឡើង​ពី​ការកាប់បំផ្លាញ​ព្រៃឈើ ការ​បូម​ខ្សាច់ និង​ការនេសាទ​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ អង្គការ WCS បាន​អប់រំ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​ពី​សារប្រយោជន៍​របស់​អណ្ដើក​ហ្លួង  និង​ការអភិរក្ស​សត្វ​អណ្ដើក​ហ្លួង​នេះ​។​

​សូមបញ្ជាក់ថា អណ្ដើក​ហ្លួង មាន​រស់​នៅតែ​ក្នុងប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ ពិសេស​ចំនួន​របស់​ពួកវា​នៅលើ​សាកលលោក​មាន​ប្រមាណ​៥០០-៧០០​ក្បាល​ប៉ុណ្ណោះ​។ សម្រាប់​កម្ពុជា នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន​ក្នុង​ខេត្តកោះកុង មាន​អណ្ដើក​ហ្លួង​ចំនួន ១៩៣​ក្បាល រួមទាំង​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​មួយចំនួនទៀត​ផងដែរ​៕




Tag:
 អណ្ដើក​ហ្លួង​
  ព្រែក​ស្រែអំបិល​
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com