កីឡាជាតិ
ជាតិ
កីឡា​៩​ប្រភេទ នឹង​បង្ហាញខ្លួន​ក្នុង​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​
19, Nov 2017 , 7:59 am        
រូបភាព
ដោយ:
​កីឡា​៩​ប្រភេទ នឹង​បង្ហាញខ្លួន​ក្នុង​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​២៤ ខែធ្នូ​ឆ្នាំ​២០៧ ខាងមុខ​។ ឆ្នាំនេះ បុណ្យ​សមុទ្រ​ដែល​រៀបចំឡើង​ក្រោម​ប្រធានបទ​«​ឆ្នេរសមុទ្រ​បៃតង​អនាគត គឺ​បច្ចុប្បន្ន​» ក៏មាន​ការសម្តែង​សិល្បៈ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​និង​កម្មវិធី​របស់​ក្រសួងទេសចរណ៍​ជាច្រើន​ផងដែរ​។ លើសពីនេះ មានការ​ប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​ផលិតផល ជា​លក្ខណៈ​អន្តរជាតិ​ទៀតផង​។



​ដើម្បី​អបអរ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ខេត្ត​កែប គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​នាំយក​កីឡា​ប្រពៃណី និង​កម្សាន្ត​សប្បាយ ចំនួន​៩​ប្រភេទ​ឲ្យ​ចូលរួម​។ កីឡា​ទាំងនោះ រួមមាន រត់ប្រណាំង ជិះ​កង់ ចំបាប់ ប្រដាល់​គុន​ខ្មែរ ទ្រី​យ៉ា​ត្លុង ស្គី​លើទឹក បាល់ទះ​ឆ្នេរ​ខ្សាច់ ទូកក្តោង និង​រាំ​អន្តរជាតិ​។

​ក្នុងនោះ​កីឡា​រត់ប្រណាំង (៣-៥​គីឡូម៉ែត្រ​) ទ្រី​យ៉ា​ត្លុង និង​ប្រណាំង​កង់​ចម្ងាយ​៤០​គីឡូម៉ែត្រ ធ្វើ​នៅមុខ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប នា​ថ្ងៃទី​២២, ២៣ និង​ទី​២៤ ធ្នូ ជា​បន្តបន្ទាប់​។ រីឯ​ប្រដាល់​គុន​ខ្មែរ ចំបាប់ ជិះ​ស្គី​លើទឹក ទូកក្តោង បាល់ទះ​ឆ្នេរ​ខ្សាច់ និង​កីឡា​រាំ​អន្តរជាតិ​រៀបចំ នៅ​ឆ្នេរ​ស្រី​ស នា​ថ្ងៃទី​២៣ ខែធ្នូ​។ លើកលែង​ចំបាប់ ធ្វើ​ថ្ងៃទី​២៤ បាល់ទះ​ឆ្នេរ​ខ្សាច់ ថ្ងៃទី​២៣​និង​ទី​២៤ ខែធ្នូ ខណៈ​ទូកក្តោង រៀបចំ​ធ្វើ​ពេញ​៣​ថ្ងៃ​តែម្តង​។   



​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ការប្រកួត​នេះ មិន​ផ្តោត​សំខាន់​លើ​លទ្ធផល ឬ​បច្ចេកទេស​ប៉ុន្មាន​ឡើយ ពោលគឺ​ជាការ​ប្រកួត​ល​ក្ខ​ណៈ           សប្បាយៗ ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ ចូលរួម​ដោយ​សេរី​។ តែ​លើកលែង​កីឡាប្រដាល់​គុន​ខ្មែរ និង​ទ្រី​យ៉ា​ត្លុង ដែល​ទាមទារ​កីឡាករ​ជំនាញ​ចូលរួម​។ 

​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​បន្ថែមថា ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​មក​ទស្សនា​តំបន់ឆ្នេរ​ខេត្ត​កែប​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ជំរុញ​ការអភិវឌ្ឍ​ផ្នែក​ហេ​ដ្ឋា​រចនាសម្ព័ន​ផ្លូវថ្នល់ និង​តំបន់​កម្សាន្ត​នៅ​ខេត្ត​នេះ​ទៀតផង​។ លើសពីនេះ ជួយ​បង្កើន​ចំណូល និង​លើកកម្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​



​ក្រៅពី​ការប្រកួត ក៏ដូចជា​សម្តែង​របស់​កីឡា​ទាំង​៩​ប្រភេទ​ខាងលើ ក៏មាន​ការសម្តែង​សិល្បៈ និង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួងទេសចរណ៍​។  លើសពី​ន​នេះ មានការ​ប្រគំ​តន្ត្រី និង​ការតាំងពិព័រណ៍​ផលិតផល​អន្តរជាតិ ដែល​អាច​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទស្សនា​កម្សាន្ត​ទៀតផង​។​

​គួររំលឹកថា ពិធីបុណ្យ​សមុទ្រ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១២  ដោយ​រៀបចំ​ដំបូង​នៅ​ខេត្ត​ព្រះសីហនុ និង​ឆ្នាំ​បន្ត​បន្ទាប់មក រៀបចំ​នៅ​ខេត្ត​កែប ខេត្តកំពត​ឆ្នាំ​កោះកុង និង​វិល​ដល់​ខេត្ត​ព្រះសីហនុ​វិញ នៅ​ឆ្នាំ​២០១៦ និង​ខេត្ត​កែប​ឆ្នាំ​២០១៧​នេះ​៕




Tag:
 បុណ្យ​សមុទ្រ​ខេត្ត​កែប​
  វ៉ា​ត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com