ជាតិ
សង្គមជាតិ
ក្រសួងព័ត៌មាន ហាមការផ្សាយស្ប៉តគ្រឿងស្រវឹង ដែលមានស្ត្រីលើកដប ឬកែវស្រា ចាប់ពីឆ្នាំ២០១៨ទៅ
× ស្ប៉តគ្រឿងស្រវឹង ដែលបង្ហាញពីសកម្មភាពស្ត្រីលើកកែវស្រា ឬដបស្រា នឹងត្រូវរងការហាមចាក់ផ្សាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយ រយៈពេលមួយខែ ឬ១ឆ្នាំ។ មុននឹងអនុវត្តវិធានការនេះ ចាប់ពីឆ្នាំ២០១៨ទៅ ក្រសួងបានទុកពេល៣ ទៅ៤ ខែ ដើម្បីឲ្យម្ចាស់ផលិតស្រា ឬស្រាបៀរទាំងអស់ កែសម្រួលខ្លឹមសារក្នុងស្ប៉តពាណិជ្ជកម្មរបស់ខ្លួនឲ្យល្អប្រសើរ ចៀសវាងការផលិតស្ប៉តដែលមានខ្លឹមសារអវិជ្ជមាន ឬមានលក្ខណៈឃោសនាអូសទាញ ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ទទួលទានគ្រឿងស្រវឹង។
ក្រសួងព័ត៌មាន នឹងហាមផ្សាយស្ប៉តគ្រឿងស្រវឹងរយៈពេលមួយខែ បើស្ប៉តទាំងនោះមិនគោរពតាមសេចក្ដីណែនាំ និងគោលការណ៍របស់ក្រសួង ទាក់ទងនឹងការផលិតស្ប៉តផ្សាយពាណិជ្ជកម្ម និងរយៈ១ឆ្នាំ បើនៅតែបំពានគោលការណ៍របស់ក្រសួង។ លោក លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បញ្ជាក់ដូច្នេះប្រាប់សារព័ត៌មានថ្មីៗ រួចបនត្ថា ការអនុវត្តនេះ នឹងចាប់ផ្តើមពីឆ្នាំ២០១៨តទៅ ហើយក្រសួងទុករយៈពេលដែលនៅសល់នេះ ដើម្បីឲ្យម្ចាស់ផលិតស្រា ឬស្រាបៀរទាំងអស់ កែសម្រួលខ្លឹមសារក្នុងស្ប៉តពាណិជ្ជកម្មរបស់ខ្លួន។
បើតាមលោក ផុស សុវណ្ណ ចាប់ពីឆ្នាំ២២០១៨ រាល់ស្ប៉តផ្សព្វផ្សាយគ្រឿងស្រវឹង ត្រូវបានតម្រូវឲ្យយកមកចុះបញ្ជីការ នៅក្រសួងជាមុន មុននឹងផ្សព្វផ្សាយស្ប៉តទាំងនោះ។ នៅក្នុងស្ប៉តទាំងអស់ ហាមមានស្ដ្រីដាក់ភ្ជាប់ជាមួយនឹងការពិសាស្រា ឬស្រាបៀរ។ លោក ផុស សុវណ្ណ ពន្យល់បន្ថែមដូច្នេះ៖«តាមការផ្សាយទូទៅ ឃើញថាពាណិជ្ជកម្មមានរូបភាពមនុស្សស្រី និងមនុស្សប្រុសលើកដបស្រាបៀរ ដើម្បីទាក់ទាញអីចឹងទៅ យើងចង់ឲ្យមានរូបភាពហ្នឹងទេ។ ជាក់ស្តែងគោលដៅរបស់យើង គឺយើងចង់ឲ្យផ្សាយតែឡូហ្គោទេ ប៉ុន្តែយើងគិតថាជំហ៊ានដំបូង មិនអាចជោគជ័យទេ អីចឹងយើងធ្វើមួយជំហ៊ានៗសិន»។
អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក៏ស្នើឲ្យក្រុមហ៊ុនផលិតស្រាបៀរ និងផលិតគ្រឿងស្រវឹងទាំងអស់ ចូលរួមសហការក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនដោយការទទួលខុសត្រូវ ចៀសវាងការផលិតផលស្ប៉តដែលមានខ្លឹមសារអវិជ្ជមាន ដែលបង្ហាញពីការផ្ដល់រង្វាន់ ឬស្ប៉តដែលមានលក្ខណៈឃោសនាអូសទាញឲ្យប្រជាពលរដ្ឋពិសេសយុវជន ឈ្លក់វង្វេងនឹងគ្រឿងស្រវឹងជាដើម៕
Tag:
គ្រឿងស្រវឹង
ស្ប៉ត
ផុស សុវណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com