បទយកការណ៍ / បទសម្ភាសន៍
លោក សយ សាវុធ​៖ បុគ្គល​ដែល​ប៉ិន​ទាក់ទង​នឹង​ខ្លួនឯង អាច​ស្មោះត្រង់​នឹង​អ្នកដទៃ​
18, Nov 2017 , 9:39 pm        
រូបភាព
ដោយ:
​លោក សយ សាវុធ ជា​គ្រូ​បណ្តុះបណ្តាល​ភាពជា​អ្នកដឹកនាំ​ដែលមាន​ពិសោធន៍​ជាច្រើន​ឆ្នាំ​។ លោក សាវុធ បានបញ្ជាក់​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា ជោគជ័យ​របស់​បុគ្គល​ម្នាក់ ផ្តើមចេញពី​ភាព​ប៉ិនប្រសប់​នៃ​ការប្រាស្រ័យ​ទាក់ទង​របស់​បុគ្គល​នោះ​។ មានន័យថា មុននឹង​ពូកែ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ បុគ្គល​នោះ​ត្រូវ​ពូកែ​ទំនាក់ទំនង​នឹង​ខ្លួនឯង​ជាមុនសិន ត្រូវ​ដឹងថា​ខ្លួនឯង​ត្រូវការ​អ្វី​? ចូលចិត្ត​ខ្លួនឯង​ប៉ុណ្ណា​? ស្មោះត្រង់​នឹង​ខ្លួនឯង​ប៉ុណ្ណា​សិន ទើប​អាច​ស្មោះត្រង់​នឹង​អ្នកដទៃ​បាន​។​



​ដើម្បី​ជ្រាប​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង លោក ទីន សុខ​លីម អ្នកកាសែត នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក សយ សាវុធ ដូចតទៅ​៖

លោក ទីន សុខ​លីម​៖ តើ​អ្វី​ទៅជា​ទំនាក់ទំនង​? តើ​វា​មាន​សារៈសំខាន់​បែបណា​?

​លោក សយ សាវុធ​៖ ការទំនាក់ទំនង ជាការ​ផ្សារភ្ជាប់​ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត ឬ​ក្រុមមនុស្ស​ផ្សេងទៀត​។ មែនទែនទៅ​មនុស្ស​យើង មិនអាច​រស់នៅ​បាន តែម្នាក់ឯង​បានទេ ហើយ​ជីវិត​អាច​វែង ឬក៏​អាច​ខ្លី​។ ប្រសិនបើ​យើង​ចង់​រស់នៅ​មានន័យ លុះត្រាតែ​យើង ទទួលជោគជ័យ​បាន​ច្រើន ហើយ​ដើម្បី​ជោគជ័យ​បាន ត្រូវ​ផ្តើមចេញពី​យើង​ពូកែ​ប្រាស្រ័យ​ទាក់ទង បើ​មិន​ដូច្នេះ ធ្វើ​ឲ្យ​យើង​មិនអាច​សម្រេច​សមិទ្ធផល​បាន​ច្រើន​។

​លោក ទីន សុខ​លីម​៖ តើ​បុគ្គល​ម្នាក់ៗ ធ្វើខ្លួន​បែបណា​ទើប​ពូកែ​ទំនាក់ទំនង​?

​លោក សយ សាវុធ​៖ ខ្ញុំ​គិតថា​ការទំនាក់ទំនង​សំខាន់​ណាស់ និង​ដើម្បី​ឲ្យ​យើង​ជោគជ័យ​ក្នុងការ​ទំនាក់ទំនង គឺ​ផ្តើមចេញពី​ការទំនាក់ទំនង ជាមួយនឹង​ខ្លួនឯង​ជាមុនសិន​។ ទំនាក់ទំនង​នឹង​ខ្លួនឯង មានន័យថា​ខ្លួនឯង​ត្រូវការ​អ្វី​? ចូលចិត្ត​ខ្លួនឯង​ប៉ុណ្ណា​? យើង​ស្មោះត្រង់​នឹង​ខ្លួនឯង​ប៉ុណ្ណា​? អ្វី​ជា​គុណ​តម្លៃ​របស់​យើង​? យើង​ចង់​ឲ្យ​អ្នកដទៃ​និយាយ​បែបណា​ពី​យើង​? បន្ទាប់មក​យើង​ត្រូវ​រស់នៅ​ជាមួយ​គុណ​តម្លៃ​នោះ​។ មនុស្ស ជាទូទៅ​មិនបាន​ចាប់អារម្មណ៍​នឹង​ទំនាក់ទំនង​ជាមួយនឹង​ខ្លួនឯង​នេះ​ទេ ប៉ុន្តែ​បែរជា​ទៅ​គិតតែ​ពី​គេ ស្រលាញ់​គេ ចាប់អារម្មណ៍​គេ និង​ទំនាក់ទំនង​នឹង​គេ​។ មែនទែនទៅ មុននឹង​យើង​យកចិត្តទុកដាក់ និង​ទំនាក់ទំនង​ល្អ​នឹង​គេ​បាន យើង​ត្រូវ​ខ្លាំង នឹង​ទាក់ទង​ខ្លួនឯង​ជាមុន ហើយ​មនុស្ស​ម្នាក់ ដែល​យើង​ត្រូវ​រក្សា​ទំនាក់ទំនង និង​រក្សា​សន្យា​ឲ្យ​បាន​ច្រើន​បំផុត​នោះ គឺ​ខ្លួនឯង​។ យើង​ត្រូវ​ស្រលាញ់ ស្មោះត្រង់ និង​ច្បាស់លាស់​នឹង​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ជាមុនសិន នោះ​ទើប​យើង​អាច​ស្មោះត្រង់​នឹង​អ្នកដទៃ​បាន​។

​លោក ទីន សុខ​លីម​៖ តើ​យើង​ត្រូវ​រក្សា​ទំនាក់ទំនង​ល្អ​ដោយ​របៀប​ណា​?

​លោក សយ សាវុធ​៖ យើង​ត្រូវធ្វើ​វា​ជាប្រចាំ​។ អ្វី​ក៏ដោយ​ប្រសិនបើ​យើង​បង្កើត​វា ដោយ​មិន​ធ្វើ​វា​ជាប្រចាំ​ទេ វា​នឹង​រសាត់​បាត់អស់​។ មួយទៀត​យើង​ត្រូវមាន​ក្តី​ស្រមៃ​។ ថ្ងៃ​អនាគត​យើង​ចង់​ក្លាយ​ទៅ​មនុស្ស​បែបណា​?​មាន​ការងារ​យ៉ាងដូច​ម្តេច​? ការងារ​នេះ វា​ជះឥទ្ធិពល​ខ្លាំង​មែនទែន អីចឹង​យើង​ដាច់ខាត ត្រូវតែ​ល្អ​ជាមួយនឹង​ខ្លួនឯង និង​បន្ទាប់មក​ជាមួយ​អ្នកដទៃ​។ គេ​ជឿ និង​ទុកចិត្ត​យើង លុះត្រាតែ​យើង​ទុក​ចិត្តនឹង​ខ្លួនឯង​។

​លោក ទីន សុខ​លីម​៖ តើ​អ្វីដែល​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់ៗ មាន​បញ្ហា​ក្នុងការ​ទំនាក់ទំនង​?

​លោក សយ សាវុធ​៖ បើតាម​បទពិសោធន៍ និង​ការសង្កេត​របស់ខ្ញុំ  បុគ្គល​ដែលមាន​បញ្ហា​ក្នុង​ទំនាក់ទំនង គឺ​ដោយសារ​ពួកគេ​មាន​បញ្ហា​ជាមួយ​ខ្លួនឯង​។ ពួកគាត់​មិនល្អ​នឹង​ខ្លួនឯង មិន​គោរព ឲ្យ​តម្លៃ និង​ពេល​ចិត្ត​ខ្លួនឯង​។ មួយទៀត​អាចមកពី​គាត់​គ្មាន​ក្តី​ស្រមៃ​ទៅ​អនាគត ព្រោះ​មនុស្ស​ដែលមាន​ទំនាក់ទំនង​ល្អ គេ​មាន​ក្តី​ស្រមៃ និង​ថែរក្សា​សុខភាព​ឲ្យ​ល្អ ដែល​ធ្វើ​ឲ្យ​ប្រាកដថា គេ​អាច​នឹង​សម្រេច​ក្តី​ស្រមៃ​នោះ​។ ប៉ុន្តែ​ចំណុច​នេះ ខ្ញុំ​ពិបាក​នឹង​ឧទាហរណ៍​ពីព្រោះថា​បញ្ហា​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ មាន​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​ខ្ញុំ​អាច​កំណត់​ប្រភព​បញ្ហា​នោះ មកពី​ខាង​ណា​? គឺ​មកពី​បរិយាកាស​ការងារ និង​ការរស់នៅ​របស់​ពួកគេ​។ ដូច្នេះ​យើង​ត្រូវ​សួរ​ខ្លួនឯង ថា​តើ​យើង​រស់នៅ​កន្លែង​ដែលមាន​មជ្ឈដ្ឋាន​ល្អ​ហើយ ឬ​នៅ​? ប្រសិនបើ​មិនល្អ យើង​គួរតែ​ដកខ្លួន​ចេញ ទៅរក​បរិយាកាស​ដែល​ធ្វើ​ឲ្យ​អារម្មណ៍ល្អ​។​

លោក ទីន សុខ​លីម​៖  បុគ្គល​ដែលមាន​បញ្ហា​ក្នុងការ​ទំនាក់ទំនង តើ​ពួកគេ​ត្រូវ​ដោះស្រាយ​យ៉ាងណា​?

​លោក សយ សាវុធ​៖ ចំពោះ​បុគ្គល​ដែលមាន​បញ្ហា​ផ្ទាល់ខ្លួន គួរតែ​រក​មិត្តភក្តិ ឬ​បងប្អូន ដែល​អាច​ជជែក​គ្នា ពិភាក្សាបាន ពីព្រោះ​អ្នក​ដែលមាន​បញ្ហា ចង់បាន​គ្នា​ការ​ផ្តល់យោបល់ កម្លាំងចិត្ត​។ បុគ្គល​ដែល​ពូកែ​ប្រាស្រ័យ​ទាក់ទង  ក៏​ជាម​នុស្ស​ដែល​ពូកែ​ស្តាប់​ដែរ ហើយ​មនុស្ស​ដែល​ពូកែ​ដោះស្រាយ​បញ្ហា​នោះ ក៏​ពូកែ​ស្តាប់​ដែរ​។ ស្តាប់​រហូត​ដឹងថា​អ្នកនោះ មាន​បញ្ហា​អ្វី​ពិតប្រាកដ​។ មួយវិញទៀត សម្រាប់​ភាគី​ដែលមាន​បញ្ហា គួរតែ​ចេះ​អធ្យាស្រ័យ​គ្នា និង​ពិភាក្សា​រក​ដំណោះស្រាយ​។ ហើយ​បើ​អាច​គួរ​រក​ភាគី​ទី​៣ ដើម្បី​មួយ​សម្របសម្រួល​បញ្ហា ប្រសិនបើ​ភាគី​នីមួយៗ មិនអាច​សម្របសម្រួល​គ្នា​៕


Tag:
 សយ សាវុធ​
  ​ទំនាក់ទំនង
© រក្សាសិទ្ធិដោយ thmeythmey.com