អន្តរជាតិ
មេទ័ព​នុយក្លេអ៊ែរ​អាមេរិក​៖ យោធា​នឹងមិន​ស្ដាប់​បញ្ជា​លោក ត្រាំ បើសិនជា​បញ្ជា​ខុសច្បាប់​
19, Nov 2017 , 8:59 pm        
រូបភាព
ឧត្តមសេនីយ៍ John Hyten មេបញ្ជាកម្លាំងយុទ្ធសាស្រ្តអាមេរិកដែលគ្រប់គ្រងនុយក្លេអ៊ែរទាំងអស់ (រូបភាព៖ Reuters)
ឧត្តមសេនីយ៍ John Hyten មេបញ្ជាកម្លាំងយុទ្ធសាស្រ្តអាមេរិកដែលគ្រប់គ្រងនុយក្លេអ៊ែរទាំងអស់ (រូបភាព៖ Reuters)
​ការប្រើប្រាស់​ពាក្យសម្ដី​គំរាម​ខ្លាំងៗ​នាពេល​កន្លងមក​រប​ស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​គេ​បារម្ភ​ថា សង្គ្រាម​នុយក្លេអ៊ែរ​អាច​ផ្ទុះឡើង​ដោយ​ចៀស​មិន​រួច ព្រោះ​ជា​ប្រធានាធិបតី​លោក ត្រាំ ជា​អ្នក​កាន់​សោរ​នុយក្លេអ៊ែរ​តែម្ដង​។ ប៉ុន្តែ​មេបញ្ជាការ​កម្លាំង​នុយក្លេអ៊ែរ​របស់​អាមេរិក បាន​អះអាងថា បញ្ជា​វាយប្រហារ​នុយក្លេអ៊ែរ​របស់លោក ត្រាំ នឹងត្រូវ​បដិសេធ បើសិន​វា​ជា​បញ្ជា​ខុសច្បាប់ ដ្បិត​កងទ័ព​មិនមែន​អង្គុយ​ស្ដាប់​តាម​បញ្ជា​ប្រធានាធិបតី​ឡើយ​។​



​ក្នុង​សប្ដាហ៍​នេះ នៅឯ​វិមាន​កា​ពី​តូ​ល ព្រឹទ្ធសភា​អាមេរិក​បាន​ជជែក​ដេញដោល​គ្នា​ខ្លាំង​លើ​សិទ្ធិ​ធ្វើសង្គ្រាម​នុយក្លេអ៊ែរ​រប​ស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ខណៈដែល​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង​លើ​កម្មវិធី​នុយក្លេអ៊ែរ អាច​បែក​ផ្កាភ្លើង​ក្លាយជា​សង្គ្រាម​មែន​នោះ​។ សមាជិក​ព្រឹទ្ធសភា​អាមេរិក ទាំង​ក្រុម​ប្រជាធិបតេយ្យ ទាំង​ក្រុម​សាធារណរដ្ឋ សុទ្ធ​តែមាន​មន្ទិល​លើ​បញ្ហា​នេះ ព្រោះ​លោក ត្រាំ មានអំណាច​ខ្លាំង​លើ​បញ្ហា​នេះ​ក្នុងនាម​ជា​អគ្គបញ្ជាការ​កំពូល​កង​ទ័ព​អាមេរិក​។​

​ស្របពេល​អ្នកនយោបាយ​អាមេរិក​កំពុង​ជជែក​គ្នា មេទ័ព​នុយក្លេអ៊ែរ​អាមេរិក គឺ​ឧ​ត្ត​ម​សេនីយ៍ John Hyten និយាយថា លោក​នឹងមិន​ស្ដាប់​បញ្ជា​របស់លោក ត្រាំ ទាំង​ងងឹតងងល់​ឡើយ​។ លោក John Hyten គឺជា​មេបញ្ជាការ​កម្លាំង​យុទ្ធសាស្ត្រ (STRATCOM) ដែល​គ្រប់គ្រង​លើ​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក​ទាំងអស់ ពោលគឺ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ មី​ស៊ី​ល​អន្តរទ្វីប​បំពាក់​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​អន្តរទ្វីប​បំពាក់​លើ​នាវាមុជទឹក​។​

​អំឡុងពេល​ចូលរួម​វេទិកា​សន្តិសុខ​អន្តរជាតិ​នៅ​កាណាដា​នៅ​ថ្ងៃទី​១៨ ខែ​វិ​ច្ឆ​កា លោក​ឧ​ត្ត​ម​សេនីយ៍ Hyten បានលើកឡើង​ពី​ច្បាប់​សង្គ្រាម​ដែល​ហាមឃាត់​ការប្រើប្រាស់​កម្លាំង​ហួសហេតុ​ដើម្បី​ឆ្លើយតប​ការវាយប្រហារ​របស់​ស​ត្រូវ និង​ការបង្ក​របួស​ដោយ​មិនចាំបាច់​។ បើតាម​សារព័ត៌មាន RT លោក Hyten បញ្ជាក់ថា បញ្ហា​ទាំងនេះ គឺជា​កត្តា​សំខាន់​ក្នុងការ​សម្រេចចិត្ត​ចុច​ប៊ូ​តុង​នុយក្លេអ៊ែរ ដែល​មិនមែនជា​រឿង​សាមញ្ញ​ឡើយ​។​

​ឆ្លៀតឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​អាមេរិក​រូបនេះ​ក៏​ពន្យល់​ពី​ដំណាក់កាល​មុន​ឈានដល់​ការប្រើប្រាស់​នុយក្លេអ៊ែរ​។ «​ក្នុងនាម​ជា​មេបញ្ជាការ STRATCOM ខ្ញុំ​មាន​តួនាទី​ផ្ដល់យោបល់​ឲ្យ​ប្រធានាធិបតី ឯ​គាត់​ចេញ​បញ្ជា​ថា​ត្រូវធ្វើ​អ្វី​។ ប្រសិនបើជា​បញ្ជា​ខុសច្បាប់ ខ្ញុំ​នឹង​ប្រាប់​វី​ញ​ថា លោក​ប្រធានាធិបតី នេះ​ជា​បញ្ជា​ខុសច្បាប់​។ ហើយ​យើង​នឹងមាន​ជម្រើស​ផ្សេងទៀត​ដើម្បី​ឆ្លើយតប​ស្ថានការណ៍​ទាំងអស់​។ វា​មិនមែនជា​រឿង​ស្មុគស្មាញ​ឡើយ​»​។ នេះ​ជា​រៀបរាប់​របស់លោក Hyten ។​

​ប្រមុខ​កម្លាំង​នុយក្លេអ៊ែរ​អាមេរិក​ដដែល​នេះ ក៏បាន​បង្ហើប​ដែរ​ថា យោធា​អាមេរិក​បាន​ត្រៀមខ្លួន​រួចស្រេច​ដើម្បី​ស្ដាប់​បញ្ជា​ដ៏​កម្រ​នេះ​ពី​មាត់​លោក ត្រាំ ។ លោក​ឧ​ត្ត​ម​សេនីយ៍ Hyten សង្ក​ត​ធ្ងន់​ថា យើង​មិនមែនជា​មនុស្ស​ល្ងង់​ទេ ហើយ​យើង​បានគិត​ជាច្រើន​ណាស់​លើ​បញ្ហា​នេះ ព្រោះ​ជា​អ្នកទទួលខុសត្រូវ យើង​ត្រូវតែ​គិតដល់​សេណា​រី​យ៉ូ​បែបនេះ​៕
    

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  John Hyten
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com