ប្លែកៗ
អន្តរជាតិ
បុរស​ម្នាក់​ប្រកាស​ផ្តល់​១​ម៉ឺន​ដុល្លារ​ដល់​អ្នក​ដែល​ណែនាំ​នារី​ល្អ​ម្នាក់​ឲ្យ​ខ្លួន​
19, Nov 2017 , 4:53 pm        
រូបភាព
ដោយ: ធីតា
​លោក Joe Cohen ប្រធាន​ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី​មួយ (Startup) នៅ​រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក កំពុង​ស្វែងរក​គូស្នេហ៍​ដែល​យល់ចិត្ត​ម្នាក់​។ សម្រាប់​អ្នក​ដែល​ណែនាំ​មិត្តស្រី​ឲ្យ​គាត់ លោក Joe នឹង​ផ្តល់​ប្រាក់រង្វាន់​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក ក្នុងករណី​ពួកគាត់​អាច​រក្សា​ទំនាក់ទំនង និង​មាន​ពេលវេលា​ស្វែងយល់​ចិត្ត​គ្នា​យ៉ាងហោចណាស់​៤​ខែ​។​



​តាមរយៈ​វែបសាយ SelftHacked  ដែល​ផ្តល់​សេវាកម្ម​បច្ចេកវិទ្យា​ទាក់ទង​នឹង​បញ្ហា​សុខភាព លោក Joe Cohen ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​មួយ​នេះ បានប្រកាស​រក​គូស្នេហ៍ ដោយ​លោក​បានរៀបចំ​ពី​លក្ខណៈសម្បត្តិ​ផ្ទាល់ខ្លួន និង​លក្ខខណ្ឌ​នានា​ទាក់ទង​នឹង​ការជ្រើសរើស​។​

​ឈានដល់​វ័យ​៣០​ឆ្នាំ លោក Joe ដែលជា​អ្នកជំនាញ​ផ្នែក​សុខាភិបាល ចង់​សម្រេច​បំណងប្រាថ្នា​ដ៏​ធំជាងគេ​ក្នុង​ជីវិត​របស់លោក នោះ​គឺ​ស្វែងរក​ឧ​ត្ត​ម​ភរិយា​ម្នាក់​។ «៦​ខែ​កន្លងមកនេះ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​លំនឹង និង​ជោគជ័យ​ផ្នែក​អាជីវកម្ម [...] ដូច្នេះ​ខ្ញុំ​គិតថា ខ្ញុំ​មិនអាច​រស់​ដោយ​ជោគជ័យ​តែម្នាក់ឯង​បានឡើយ​»​។ នេះ​ជាការ​អះអាង​របស់​អគ្គ​នាយក​ក្រុមហ៊ុន​វ័យក្មេង ដែល​ធ្លាប់​បរាជ័យ​ស្នេហា​ជាច្រើនលើក​។​

​ជាមួយនឹង​ការពិបាក​ជ្រើសរើស លោក Joe បានសម្រេច​ប្រកាស​តាម​ប្លុក​ក្នុង​វែបសាយ​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​។ ក្នុងនោះ លោក​បានប្រកាស​ផ្តល់ប្រាក់​១​ម៉ឺន​ដុល្លារ​អាមេរិក ដែល​អ្នក​ដែល​ណែនាំ​លោក​ឲ្យ​ស្គាល់​នារី​ល្អ​ម្នាក់​។ បន្ថែម​ពីលើ​នេះ លោក​ក៏​ផ្តល់ប្រាក់​លើកទឹកចិត្ត​ផងដែរ ចំនួន​២០០០​ដុល្លារ​អាមេរិក សម្រាប់​អ្នក​ដែល​ចែករំលែក​ព័ត៌មាន​របស់លោក​ទៅដល់​អ្នក​ដែលមាន​ជំនាញ​ណែនាំ​នារី​ល្អ​។​

​លោក​បាន​បញ្ជាក់ថា វិធីសាស្ត្រ​ជ្រើសរើស​គូស្នេហ៍​របស់លោក ដូចជា​យុទ្ធសាស្ត្រ​ទីផ្សារ​យ៉ាង​ដូច្នោះ​ដែរ​។ ជា​លក្ខខណ្ឌ អ្នក​ដែល​អាច​ទទួលបាន​ប្រាក់រង្វាន់​ពី​លោក ដរាបណា លោក និង​នារី [​ដែល​ត្រូវបាន​ណែនាំ​] អាច​រស់នៅ​យល់ចិត្ត​គ្នា​យ៉ាងហោចណាស់​៤​ខែ​។​

​លោក Joe បាន​លើកឡើងថា លោក​ប្រើ​យុទ្ធសាស្ត្រ​ជំនួស​ទៅ​អនុវត្ត​ក្នុង​យុទ្ធសាស្ត្រ​ជីវិត​របស់ខ្លួន ដើម្បី​ស្វែងយល់​បានដឹង​ច្បាស់​អំពី​នារី​ដែល​ចូលក្នុង​ជីវិត​របស់លោក តើ​នាង​ត្រូវការ​តែ​លុយ​របស់លោក ឬក៏​មាន​ស្នេហ៍​ស្មោះ​ពិតប្រាកដ​។​

​សម្រាប់​នារី​ដែល​លោក​ចង់បាន​នោះ ត្រូវតែ​ជាម​នុស្ស​ដែល​រស់នៅ Southern California ឬក៏​មានបំណង​រស់នៅ​ទីនោះ​ជាមួយ​លោក​។ ក្នុងករណី នារី​ណា​ម្នាក់​ស្ម័គ្រ​រួមរស់​ជាមួយ​លោក​ដោយ​ខ្លួនឯង លោក​នឹង​ផ្តល់ប្រាក់​១​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​សម្រាប់​នាង​ដើម្បី​យកទៅ​ធ្វើ​មូលនិធិ​សប្បុរសធម៌ ឬ​ធ្វើដំណើរ​ទេសចរណ៍​កម្សាន្ត​ទៅតាម​ការជ្រើសរើស​រប​ស់​នាង​។​

​លោក Joe អះអាងថា លោក​ទទួលបាន​ការទា​ក់​ទង​ជាច្រើន​តាម​សា​រលើ​បណ្តាញ​សង្គម ប៉ុន្តែ​លោក​មិនទាន់មាន​ការសម្រេចចិត្ត​យ៉ាងណា​នោះឡើយ​៕


Tag:
 ​ប្លែកៗ​
  Startup
© រក្សាសិទ្ធិដោយ thmeythmey.com