បទយកការណ៍ / បទសម្ភាសន៍
តើ​និស្សិត​ត្រូវ​ត្រៀម​អ្វីខ្លះ មុននឹង​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​?
20, Nov 2017 , 7:39 am        
រូបភាព
ដោយ:
​លោក​បណ្ឌិត ហាប់ ផ​ល្ធី ជា​នាយក​ថ្នាក់​ក្រោយ​បរិញ្ញាបត្រ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​(RULE) និង​ជា​សាស្ត្រាចារ្យ ជំនាញ​នីតិ​ភូមិបាល និង​នីតិ​ទ្រព្យសម្បត្តិ​។  លោក​បណ្ឌិត​យល់ថា និស្សិត​ដែល​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ គួរតែ​ប្រឡង​ឲ្យ​ត្រូវ​នឹង​ជំនាញ​សិក្សា​របស់​ពួកគេ​។ ប្រសិនបើ​និស្សិត​ប្រឡង​ខុស​ជំនាញ នោះ​អាចធ្វើ​ឲ្យ​ភាគរយ ដែល​ប្រឡង​ជាប់​តិច​។ សម្រាប់​សាស្ត្រាចារ្យ​រូបនេះ មុននឹង​ប្រឡង​ចូល​ក្របខណ្ឌ និស្សិត​ត្រូវ​ខំ​រៀ​តាំងពី​ឆ្នាំ​ទី​១​មកម្ល៉េះ និង​ត្រូវ​រៀន​ត្រៀម​មុខ​វិទ្យា​ដែល​ក្រសួង​តម្រូវ​។ បន្ថែម​ពី​នោះ​ទៀត និស្សិត​រៀន និង​អនុវត្ត​វិញ្ញាសា​ចាស់ៗ ដែល​ធ្លាប់​ចេញ​ប្រឡង និង​បើ​អាច គួរ​សួរ​បទពិសោធន៍ អ្នក​ដែល​ប្រឡង​ជាប់​ក្រសួង​នោះ​។



​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​អាន​បទ​សម្ភាស​រវាង លោក ទីន សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក​បណ្ឌិត ហាប់ ផ​ល្ធី  ដូចតទៅ​៖

​លោក​ទីន សុខ​លីម​៖ តើ​និស្សិត​ដែល​ត្រៀមប្រឡង​ក្របខណ្ឌ​រដ្ឋ តើ​ពួកគេ​ត្រូវ​ត្រៀម​អ្វីខ្លះ​?

​លោក ហាប់ ផ​ល្ធី​៖ និស្សិត​ត្រូវ​ប្រឡង​តាម​ជំនាញ​របស់​ពួកគេ​។ ឧទាហរណ៍ ប្រសិនបើ​រៀន​ជំនាញ​ច្បាប់ ពួកគេ​អាច​ប្រឡង​ចូល​ស្ថាប័ន​ណា ដែលមាន​វិស័យ​ច្បាប់​។ បន្ទាប់មកទៀត និស្សិត​ត្រូវ​រៀន​ត្រៀម​មុខវិជ្ជា​ដែល​ស្ថាប័ន​តម្រូវ តើ​ស្ថាប័ន​នោះ មាន​ប្រឡង​មុខវិជ្ជា​អ្វីខ្លះ​? អាចមាន​មុខវិជ្ជា​វប្បធម៌​ទូទៅ អក្សរសាស្ត្រ​អង់គ្លេស និង​វិញ្ញាសា​ជំនាញ​។ បន្ថែម​ពី​នោះ​ទៀត គួរ​សួរ​បទពិសោធន៍ អ្នក​ដែល​ប្រឡង​ជាប់​ក្រសួង​នោះ​។

​លោក ទីន សុខ​លីម​៖ លោក​សាស្ត្រ​ចា​រ្យ​បាន​បញ្ជាក់ថា និស្សិត​ត្រូវ​ប្រឡង​ឲ្យ​ត្រូវ​នឹង​ជំនាញ​ដែល​ខ្លួន​រៀន ចុះ​ប្រសិនបើ​និស្សិត​ប្រឡង​ខុស​ជំនាញ​វិញ តើ​លោក​សាស្ត្រាចារ្យ​យល់​យ៉ាងណាដែរ​?

លោក ហាប់ ផ​ល្ធី​៖ ខ្ញុំ​មើលឃើញថា​និស្សិត​ភាគច្រើន ប្រឡង​មិនត្រូវ​នឹង​ជំនាញ​ដែល​ពួកគេ​រៀន​។ ការប្រឡង​បែបនេះ វា​អាចធ្វើ​ឲ្យ​ភាគរយ​ដែល​ប្រឡង​ជាប់​តិច​។ ប៉ុន្តែ​ពួកគេ​អាច​រៀន​ត្រៀម​បាន គ្រាន់តែ​ចំណាយពេល​ច្រើន​បន្តិច​។ អ្វីដែល​សោកស្តាយ ពួកគេ​មិនបាន​ប្រើប្រាស់​ជំនាញ​ដែល​ពួកគេ​បាន​រៀន​។​ដូច្នេះ​សាកលវិទ្យាល័យ​មាន​តួនាទី​សំខាន់ ក្នុងកា​បណ្តុះបណ្តាល​ជំនាញ​ទន់​មួយ​បន្ថែមទៀត បើទោះបីជា​ពួកគេ​ធ្វើ​ការខុស​ជំនាញ​ក្តី ក៏​ពួកគេ​អាច​រៀន​ការងារ​ផ្សេង​បានដែរ​។ សម្រាប់​និស្សិត​ខ្លួនឯង ក៏ត្រូវ​កំណត់​គោលដៅ​ខ្លួនឯង​ឲ្យ​ច្បាស់ មុននឹង​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ ថា​តើ​ពួកគេ​ចង់​ធ្វើ​អ្វី​នៅពេល​អនាគត​?



លោក ទីន សុខ​លីម​៖ លោក​បណ្ឌិត​យល់ឃើញ​ដូចម្ដេច​វិញ ចំពោះ​និស្សិត​ដែល​គាត់​រៀន​ចប់ ហើយ​ទៅធ្វើ​ការងារ​ខុស​ជំនាញ​?

​បណ្ឌិត ហាប់ ផ​ល្ធី​៖ ចំពោះ​បញ្ហា​នេះ យើង​មិនអាច​ទប់​ស្តា​ត់​បានទេ រឿង​និស្សិត​រៀន និង​ធ្វើ​ការខុស​ជំនាញ នៅក្នុង​ពិភព​សេដ្ឋកិច្ច​សេរី​នេះ ហើយក៏​គ្មាន​កន្លែង​ការងារ​ណាមួយ​ធានាថា និស្សិត​រៀន​ផ្នែក​នេះ នឹងត្រូវ​ធ្វើការ​ផ្នែក​ហ្នឹង​នោះដែរ​។ មានតែ​និស្សិត​ខ្លួនឯង​ទេ ដែល​ត្រូវ​សម្រេចចិត្ត​ធ្វើ​នៅ​ផ្នែក​ណា​? ហើយ ប្រសិនបើ​ឱកាស​ការងារ​មកដល់ គាត់​នៅតែ​ប្រកាន់​ថា​ទាល់តែ​ត្រូវ​ជំនាញ វា​អាចធ្វើ​ឲ្យ​ខាត​ពេល និង​បាត់បង់​ឱកាស​។ ហេតុ​ដូច្នេះហើយ បានជា​និស្សិត​រៀន​ចប់​ស្វែង​ការងារ​ធ្វើ ពួកគេ​មិន​ខ្វល់​ថា​ត្រូវ​ជំនាញ​ដែល​ខ្លួន​រៀន​នោះទេ​។ សំខាន់​ពួកគេ​មានការ​ងារ​ធ្វើ និង​ទទួល​ប្រាក់ខែ​សមរម្យ​។

​លោក ទីន សុខ​លីម​៖ លោក​សាស្ត្រ​ចារ្យយល់ថា តើ​និស្សិត​ដែល​គាត់​ធ្វើ​ការខុស​ជំនាញ មកពី​ទីផ្សារ​តូចចង្អៀត ឬ​មកពី​សមត្ថភាព​របស់​និស្សិត មិន​ឆ្លើយតប​ជាមួយ​តម្រូវការ​ទីផ្សារ​?

លោក ហាប់ ផ​ល្ធី​៖ ខ្ញុំ​គិតថា វា​ទង​នឹង​គុណភាព​នៃ​ការបណ្ដុះបណ្ដាល និង​ឱកាស​ការងារ​ដែល​យើង​ផ្ដល់ជូន ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។ អីចឹង សួរថា​យ៉ាងម៉េច​? ជាទូទៅ​ខ្ញុំ​មើលឃើញថា និស្សិត​រៀន​ពូកែ តែង​តែង​ធ្វើការ​ត្រូវ​ជំនាញ​។ ដូច្នេះហើយ ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅ​និស្សិត​ទាំងអស់ ត្រូវ​រៀន​ឲ្យ​ចេះ​ជំនាញ​ពិតប្រាកដ បើ​ពុំ​នោះទេ នៅ​ពេលចេញ​ធ្វើការ នឹង​ប្រឈមមុខ​នឹង​ការងារ​ដែល​គាត់​ធ្វើការ​នោះ ដោយសារតែ​គាត់​មានចំណេះ​មិន​គ្រប់គ្រាន់​។



លោក ទីន សុខ​លីម​៖ ងាក​មក​ការប្រឡង​វិញ មុននឹង​ប្រឡង តើ​និស្សិត​គួរ​រៀន​ត្រៀម​តាំងពី​ពេលណា​? ចុះ​សម្រាប់​និស្សិត​ទើបតែ​ភ្ញាក់ខ្លួន​ចង់​ប្រឡង​នោះ លោក​សាស្ត្រាចារ្យ​យល់​យ៉ាងណា​វិញ​?

លោក ហាប់ ផ​ល្ធី​៖ ទាក់ទង​នឹង​ការត្រៀមខ្លួន ខ្ញុំ​តែងតែ​ផ្ដល់យោបល់​ដល់​និស្សិត​ថា មិនមែន​ត្រៀម​ភ្លាមៗ​នោះទេ គឺ​ត្រៀម​តាំងតែ​ពី​ដើមទី​មកម្ល៉េះ​។ ឧទាហរណ៍​ថា គាត់​ចូលរៀន​ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច សំណួរ​សួរថា ហេតុអ្វី​បានជា​រៀន​ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​? អីចឹង​គាត់​ត្រូវ​ត្រៀមខ្លួន​តាំងពី​ឆ្នាំ​ទី​១​មកម្ល៉េះ​។ នៅ​ស្ថាប័នរដ្ឋ ឬ​ឯកជន ត្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក ត្រូវ​នឹង​ជំនាញ​ដែល​ខ្លួន​រៀន ពួកគេ​អាច​ប្រឡង ឬ​ដាក់ពាក្យ​សម្ភាស​បាន​។ ដូច្នេះ​ត្រៀមខ្លួន​ពេលណា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ត្រូវ​ត្រៀម​តាំងពី​ឆ្នាំ​ដំបូង​។ ចំពោះ​និស្សិត​ដែល​ទើបនឹង​ភ្ញាក់ខ្លួន ដោយសារ​ពួកគេ​មិនបាន​កំណត់​ទិសដៅ​ចង់​ធ្វើ​អ្វី​?  នៅពេល​រៀន​ចប់​ឆ្នាំ​ទី​៤ ទើប​ស្វែងរក​ការងារ​តែ​ម្តងនោះ វា​ជា​បញ្ហា​។ ប្រសិនបើ​មិនបាន​រៀន​ត្រៀម​ពីដំបូង​ផង វា​អាច​ជាការ​ចៃដន្យ បើ​និស្សិត​ប្រឡង​ជាប់​។ តែ​និស្សិត​មិន​គប្បី​ពឹង​លើ​ភាព​ចៃដន្យ​របស់ខ្លួន​នោះទេ​។ និស្សិត​ត្រូវ​ស៊ើប​ថា​ក្រសួង​ឬ ស្ថាប័ន​ហ្នឹង គេ​ជ្រើសរើស​ជំនាញ​ហ្នឹង​? ត្រូវ​ការប្រឡង​មុខវិជ្ជា​អ្វី​? ដូច្នេះ​គាត់​ត្រូវ​រៀន​ក្នុង​រយៈពេល​ខ្លី​ហ្នឹង លើ​មុខវិជ្ជា​ដែល​ក្រសួង​ឬ ស្ថាប័ន​នោះ​ប្រឡង​។ មួយវិញទៀត ត្រូវ​រៀន​វិញ្ញាសា​ធ្លាប់​ប្រឡង​ចេញ​មុនៗ គ្រាន់​ជាការ​អនុវត្ត ឬ​ជាការ​ត្រៀម​ទុក​។

លោក ទីន សុខ​លីម​៖ និស្សិត​មួយចំនួន​រៀន​ត្រៀម​ដោយ​ខ្លួនឯង និង​មួយចំនួនទៀត​រៀន​ជាក្រុម តើ​រវាង​ការរៀន​ទាំង​២​នេះ  លោក​សាស្ត្រាចារ្យ​យល់ឃើញថា តើ​ការរៀន​មួយណា​ល្អប្រសើរ​ជាង ? ហើយ​ការរៀន​នីមួយៗ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​បែបណា​?

​លោក ហាប់ ផ​ល្ធី​៖ ខ្ញុំ​យល់ឃើញថា វា​អាស្រ័យ​លើ​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។ ការរៀន​ជា​ក្រុម យើង​អាច​ចែករំលែក​ជាមួយគ្នា វា​ធ្វើ​ឲ្យ​គំនិត​ហ្នឹង​វា​មាន​ច្រើន​។ តែបើ​រៀន​ខ្លួនឯង គាត់​ត្រូវ​រៀន​ស្រាវជ្រាវ​រក​គំនិត​ផ្សេងៗ​យកមក​មើល ហើយ​គាត់​ទទួលបាន​គំនិត តាមរយៈ​ការអាន​សៀវភៅ​តែប៉ុណ្ណោះ គំនិត​ជាក់ស្ដែង ដែល​ឆ្លងឆ្លើយ​ភ្លាមៗ​គឺ​អត់​ទេ នេះ​ជា​បញ្ហា​។ ជា​យោបល់​ខ្ញុំ និស្សិត​គួរ​រៀន​ខ្លួនឯង​ផង និង​រៀន​ជា​ក្រុម​ផង ពីព្រោះ​វា​ជា​ជម្រើស​មួយ ដែល​ធ្វើ​ឲ្យ​និស្សិត មាន​ចំណងមិត្តភាព​។ ម្យ៉ាង​យើង​រស់នៅ​ក្នុងសង្គម យើង​មិនអាច​រស់នៅ​ម្នាក់ឯង​បានទេ​។ ដូច្នេះ​ការងារ​ជា​ក្រុម​ហ្នឹង ជា​ជម្រើស​ល្អ សម្រាប់​និស្សិត​ទូទៅ​នៅ​សាកលវិទ្យាល័យ​។

​លោក ទីន សុខ​លីម​៖ តើ​លោក​សាស្ត្រាចារ្យ មានការ​ណែនាំ​បែបណា ចំពោះ​និស្សិត​ដែលមាន​បំណង​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​?

​លោក ហាប់ ផ​ល្ធី​៖ ខ្ញុំ​គិតថា​និស្សិត​ម្នាក់ៗ គួរ​កំណត់​គោលដៅ​របស់ខ្លួន​ឲ្យ​បាន​ច្បាស់​។ ចំពោះ​និស្សិត​ដែល​រៀន​តាម​គ្នា​ដោយ​មិនមាន​គោលដៅ​នៅ​ឆ្នាំ​ទី​១ ក៏​មិន​អី​ដែរ​។  ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២​ទៅ និស្សិត​ត្រូវ​សម្រួច​ឥឡូវ​ថា បើ​គាត់​បាន​រៀន​មកដល់​ត្រឹម​ហ្នឹងហើយ គាត់​ត្រូវ​ដើរ​ផ្លូវ​ណា​? អីចឹង​គាត់​ត្រូវ​កំណត់​គោលដៅ​របស់គាត់​ឲ្យ​ច្បាស់ និង​អនុវត្ត​គោលដៅ​ដែល​គាត់​បានកំណត់​ហ្នឹង តាមរយៈ​ការធ្វើសកម្មភាព​។ ខ្ញុំ​ចង់​ជម្រាប​ថា ក្នុងនាម​ជា​និស្សិត មិន​គប្បី​ពឹង​លើ​វាសនា​របស់ខ្លួន​ទេ​។ នៅពេលដែល​ខ្លួន​យល់ឃើញថា ឥឡូវ ខ្លួន​ចង់​ក្លាយជា​មេធាវី​ម្នាក់ ដូច្នេះ​ខ្លួន​គាត់​ត្រូវ​រៀន​ច្បាប់ ឲ្យ​ចេះ​ច្បាស់លាស់ ចេះ​ជជែក​ដេញដោល ឲ្យ​ខ្លាំង​ដើម្បី​ឲ្យ​យើង​ក្លាយខ្លួនជា​មេធាវី​ដ៏​ល្បី​មួយរូប​៕




Tag:
 ហាប់ ផ​ល្ធី​
  RULE
 ​ប្រឡង​ក្របខណ្ឌ​រដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com