កីឡាជាតិ
ជាតិ
ស្វាយរៀងបន្តគ្រងកំពូលតារាងលើកទី១៧ ឯគីរីវង់បន្តមិនស្គាល់ឈ្នះ
× ព្រះខ័នរាជស្វាយរៀងបន្តគ្រងកំពូលតារាងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកប្រចាំសប្តាហ៍ទី២០ក្រោយលត់ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ៨-១ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ក្រុមខេមបូឌានថាយហ្គឺរនៅតែមិនអាចសងសឹកអគ្គស្នងការនគរបាលជាតិ(ប៉ូលិស)ក្រោយបន្តចាញ់ ៣-១ នាការប្រកួតជើងទី២។ ចំណែកក្រសួងការពារជាតិបន្តឈរលេខរៀងទី៤ ក្រោយធ្វើឲ្យគីរីវង់សុខសែនជ័យបន្តមិនស្គាល់ជ័យជម្នះជាលើកទី២០។
ការប្រកួតនាកីឡដ្ឋានខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី១៩ វិច្ឆិកា កីឡាករ Chigozie Prinwill បានរកគ្រាប់បាល់នាំមុខ ១-០ សម្រាប់ព្រះខ័នរាជស្វាយរៀងនៅនាទី១៨ មុនខ្សែប្រយុទ្ធ សុក សំណាង សម្រេចគ្រាប់ទី២នៅនាទីទី២៥។ ការប្រកួតដំណើរការបាន៣នាទី Kim Namgun បានបន្ថែម១គ្រាប់ទៀតសម្រាប់ស្វាយរៀង បន្ទាប់មកកីឡាករ សុក សំណាង សម្រេចគ្រាប់ទី២របស់ខ្លួននៅនាទីទី៤៤មុនចប់វគ្គទី១។
សម្រាប់ការប្រកួតវគ្គទី២កីឡាករ Bisan George, Kim Namgun និងកីឡាករ លី សារ័ត្ន បានបន្ថែមម្នាក់១គ្រាប់ជាបន្តបន្ទាប់នៅនាទី៦៨, ៨៦ និង៨៨សម្រាប់ព្រះខ័នរាជស្វាយរៀងដើម្បីបន្តនាំមុខក្នុងលទ្ធផល ៨-០ មុនកីឡាករ ណនសន សុភីណា រកគ្រាប់បាល់តាមពីក្រោយ ៨-១ ឲ្យស៊ីម៉ាក់នៅនាទី៩០+3មុនបញ្ចប់វគ្គទី២។ ជ័យជម្នះនេះបានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀងបន្តគ្រងកំពូលពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាក្នុងសប្តាហ៍ទី២០ដោយមាន៤៣ពិន្ទុ។ នេះជាការគ្រងកំពូលតារាងលើកទី១៧របស់ព្រះខ័នរាជស្វាយរៀង ខណៈសប្តាហ៍ទី១ប៉ូលិស រីឯសប្តាហ៍ទី២ និងទី៤ភ្នំពេញក្រោន។
ក្រុមគីរីវង់សុខសែនជ័យបានបន្តមិនស្គាល់ឈ្នះជាលើកទី២០ក្រោយចាញ់ក្រុមក្រសួងការពារជាតិក្នុងលទ្ធផល ៥-៣ នាការប្រកួតនៅកីឡដ្ឋានស្តាតចាស់។ ក្រោយមិនអាចស្វែងរកជ័យជម្នះក្នុងចំណោម២០ប្រកួតរបស់ខ្លួនធ្វើឲ្យក្រុមគីរីវង់សុខសែនជ័យស្ថិតក្នុងតំបន់ត្រូវកាត់ចេញពីក្របខណ្ឌលីកកំពូលធ្លាក់ទៅលេងក្នុងក្របខណ្ឌលីក២នារដូវកាលក្រោយ។ បច្ចុប្បន្នក្រុមនេះកំពុងឈរបាតតារាងដោយមាន៣ពិន្ទក្រោយស្មើ៣ និងចាញ់១៧។ ជ័យជម្នះនេះនាំឲ្យទ័ពទទួលបាន៣ពិន្ទុបន្ថែមដើម្បីបន្តឈរលេខរៀងទី៤ដោយមាន៣៩ពិន្ទុជាមួយជ័យជម្នះ១២លើក ស្មើ៣ និងចាញ់៥លើក ខណៈក្រុមនេះនៅសល់ពីរប្រកួតទៀត។
ចំណែកក្រុមខេមបូឌានថាយហ្គឺរនៅតែមិនអាចសងសឹកក្រុមអគ្គស្នងការនគរបាលជាតិដោយបន្តចាញ់ ៣-១ នាការប្រកួតជើងទី២កាលពីរសៀលថ្ងៃទី១៩ វិច្ឆិកា នៅកីឡដ្ឋានខេត្តសៀមរាប ខណៈជើងទី១ក្រុមនេះចាញ់ក្នុងលទ្ធផល ៥-២។ ការបរាជ័យនេះធ្វើឲ្យឱកាសប្រជែងតំបន់យក Top 4 របស់ក្រុមខេមបូឌានថាយហ្គឺរត្រូវបានបាត់បង់៕
Tag:
Cambodian League 2017
ស្វាយរៀង
ទ័ព
គីរីវង់សុខសែនជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com