កីឡាអន្តរជាតិ
អន្តរជាតិ
​អ្នកវិភាគ​ថា Man City លេង​បាល់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ EPL
20, Nov 2017 , 2:58 pm        
រូបភាព
​ក្រុមអ្នកវិភាគ​កីឡាបាល់ទាត់​នៅ​អង់គ្លេស​សរសើរ Manchester City ថា​លេង​បាល់​បានល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នៃ​ក្របខណ្ឌ Premier League សម្រាប់​ការបង្ហាញ​ខ្លួន​នៅ​រដូវ​កាល​ថ្មី​នេះ​។​



«​ពួកគេ​កំពុង​លេង​បាល់ទាត់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស​។ ខ្ញុំ​គិតថា​យើង​កំពុង​សម្លឹងមើល​ក្រុម​ដែល​បង្ហាញខ្លួន​ល្អឥតខ្ចោះ​ក្នុង​រដូវ​កាល​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Garth Crooks អ្នកវិភាគ​របស់ BBC ដែល​សរសើរ​ក្រុម Manchester City បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ Leicester City ២-០ នា​កា​ប្រកួត​ក្របខណ្ឌ Premier League កាលពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែវិច្ឆិកា ដែលជា​ជ័យជម្នះ​ទី​១៦​ជាប់ៗ​គ្នា និង​ការចាប់ផ្តើម​ដ៏​ល្អ​បំផុត​នៅក្នុង​រដូវ​កាល ២០១៧-២០១៨​នេះ​។​


                Garth Crooks អ្នកវិភាគកីឡាបាល់ទាត់របស់ BBC

​ចំណែក អតីត​សមាជិក​ក្រុម Arsenal លោក Martin Keown ដែល​ធ្លាប់​ឆ្លងកាត់​ការប្រកួត​មិនដែល​ចាញ់​ជាមួយ​ក្រុម​នេះ​កាលពី​រដូវ​កាល ២០០៣-២០០៤ ជឿជាក់ថា​កូនក្រុម​របស់លោក Pep Guardiola អាច​នឹង​ប្រៀបធៀប​ជាមួយ​ក្រុម​កាំភ្លើង​ធំ​បាន​។​


               លោក Martin Keown អតីតខ្សែការាពារ Arsenal

​អតីត​ខ្សែការពារ​ជម្រើសជាតិ​អង់គ្លេស វ័យ​៥១​ឆ្នាំ​រូបនេះ បាន​ប្រាប់ Football Focus ថា​៖« «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ជាមួយ​ក្រុម​ដែល​ប្រកួត​មិន​ចាញ់​សោះ​ក្នុង​មួយ​រដូវ​កាល​។ ខ្ញុំ​សង្ឃឹមថា Man City នឹងមិន​ធ្វើ​នោះទេ ប៉ុន្តែ​យ៉ាងណា ពួកគេ​ហាក់ដូចជា​ដើរ​ផ្លូវ​នេះហើយ​។ ខ្ញុំ​មិនដឹងថា តើ​ក្រុម​មួយណា​នឹង​បញ្ឈប់​ភាពមិន​ដែល​ចាញ់​របស់​ពួកគេ​បាន​នោះទេ​»​។​
​ដោយឡែក អ្នកចាត់ការ​ថ្មី Leicester លោក Claude Puel ក្រោយ​ដឹកនាំ​ក្រុម​ចាញ់ ២-០ ក្នុងផ្ទះ​ខ្លួនឯង ក៏បាន​ហៅ​ក្រុម​រហស្សនាម​មេឃ​ខៀវ​នេះ​ថា​ជា​ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប​ផងដែរ​។​


លោក Claude Puel អ្នកចាត់ការក្រុម Leicester ដែលសរសើរ Man City ថាក្រុមល្អបំផុតនៅអឺរ៉ុប

​សូមបញ្ជាក់ថា ការប្រកួត​ពាន​លំដាប់​ទី​១​អង់គ្លេស បាន​ឆ្លងកាត់​ការប្រកួត​សប្តាហ៍​ទី ១២​ហើយ​។ ក្នុងនោះ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៤៦​ឆ្នាំ បាន​ជួយ​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ទីក្រុង Manchester ឈរ​នៅ​កំពូល​តារាង​មាន​៣៤​ពិន្ទុ បន្ទាប់ពី​ប្រកួត​ឈ្នះ​១១​លើក និង​ស្មើ​១​លើក​មិន​ស្គាល់​ចាញ់ នាំមុខ​ក្រុម​លេខ​២ Manchester United ដល់​ទៅ​៨​ពិន្ទុ​៕



Tag:
 បាល់ទាត់​
  Manchester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com