អន្តរជាតិ
អ្នកការទូត​កូរ៉េខាងជើង ប្រាប់​ហេតុផល​បី ដែល​កូរ៉េខាងជើង ត្រូវតែ​ឈ្នះ​សង្គ្រាម​លើ​អាមេរិក​
20, Nov 2017 , 7:59 pm        
រូបភាព
លោកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំរាជធានីបាងកក Mun Song-mo
លោកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំរាជធានីបាងកក Mun Song-mo
ដោយ:
​មិន​ខុសពី​ប្រមុខ​កំពូល​របស់ខ្លួន​ឡើយ បេសកជន​ពិសេស​កូរ៉េខាងជើង​ប្រចាំ​ក្រុង​បាងកក បាន​អះអាងថា កូរ៉េខាងជើង មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ការ​ឈ្នះ​រាល់​សង្គ្រាម​ជាមួយនឹង​អាមេរិក ។ ក៏ប៉ុន្តែ កូរ៉េខាងជើង ចង់បាន​សន្តិភាព​ក្នុង​តំបន់​ជាង ប្រសិនបើ​ក្រុង​វ៉ាស៊ីនតោន ព្រម​បញ្ឈប់​ការប៉ុនប៉ង​កម្ទេច​ខ្លួន​នោះ ។



​លោក​អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំរាជធានី​បាងកក Mun Song-mo បាន​ថ្លែងថា​៖«​យើង មិន​ចង់​បង្ក​សង្គ្រាម​ឡើយ ។ យើង ចង់បាន​សន្តិភាព ។ ប៉ុន្តែ ប្រសិន យើង​ត្រូវបាន​គេ​វាយប្រហារ នោះ​យើង នឹង​ប្រយុទ្ធ ហើយ​យើង ត្រូវតែ​ឈ្នះ​» ។ នេះ​បើ​យោងតាម​កិច្ចសម្ភាសន៍​របស់​អគ្គ​រដ្ឋទូត​ជាមួយនឹង​សារព័ត៌មាន​ថៃ ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​២០ វិច្ឆិកា ។

​លោក​អគ្គរដ្ឋទូត ក៏បាន​ប្រាប់​ពី​ហេតុផល និង​ទំនុកចិត្ត​របស់ខ្លួន ដែល​កូរ៉េខាងជើង​ត្រូវតែ​ឈ្នះ​ចំពោះ​សង្គ្រាម​ដោយ​សម្អាង​បី​កត្តា ។ ទីមួយ កូរ៉េខាងជើង មាន​អ្នកដឹកនាំ​ដ៏​អស្ចារ្យ ដែល​នោះ​គឺ លោក​ប្រធានាធិបតី គីម ជុង​អ៊ុន ។ ទី​ពីរ ប្រជាជន និង​កងទ័ព​កូរ៉េខាងជើង តែងតែ​ធ្វើការ​ជិតស្និទ្ធ​ជាមួយគ្នា​ក្រោម​ការបង្គាប់បញ្ជា​របស់​ប្រមុខ​កំពូល ។ និង​ទី​បី និង​ជា​ចំណុច​ក្រោយ​នោះ គឺ​បច្ចុប្បន្ន កូរ៉េខាងជើង មាន​អាវុធ​នុយក្លេអ៊ែរ ។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល ។

​នៅពេលដែល​អ្នកសារព័ត៌មាន The Nation សួរ​អំពី​លទ្ធភាព​នៃ​ការចរចា លោក​អគ្គរដ្ឋទូត បាន​តប​វិញ​ថា តើ​ការចរចា​អាច​កើតឡើង​យ៉ាងដូចម្តេច បើ​សូម្បីតែ​ប្រធានាធិបតី​អាមេរិក បាន​ថ្លែង​ក្នុង​វេទិកា​អង្គការសហប្រជាជាតិ​ហើយ​ថា ខ្លួន​នឹង​កម្ទេច​កូរ៉េខាងជើង​ហើយ​នោះ ។

​ជាមួយនឹង​ការបន្ទោស​អង្គការសហប្រជាជាតិ​ក្នុងការ​បណ្តែតបណ្តោយ​ឲ្យ​អាមេរិក​អនុវត្ត​វិធាន​ខុសច្បាប់​ប្រឆាំង​កូរ៉េខាងជើង បេសកជន​កូរ៉េខាងជើង​រូបនេះ ក៏បាន​ផ្ញើ​សារ​ទៅកាន់​ពិភពលោក​ដែលថា​៖«​កូរ៉េខាងជើង ចង់បាន​សន្តិភាព ។ កូរ៉េខាងជើង មិនបាន​ចង់បាន​សង្គ្រាម​ដែល​បំផ្លាញ​គ្រប់យ៉ាង និង​សម្លាប់​ប្រជាជន​ច្រើន​នាក់​នោះទេ ។ ប៉ុន្តែ​ប្រសិនបើ​សត្រូវ​វាយប្រហារ​យើង យើង​គ្មាន​ជម្រើស​អ្វី ក្រៅពី​ប្រយុទ្ធ​ការពារ​ខ្លួន​ឡើយ​។​»៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com