អន្តរជាតិ
នាយក​រដ្ឋ​ម​ន្រី្ត​នូ​វែ​ល​សេ​ឡង់​បដិសេធថា លោក ត្រាំ មិនបាន​ច្រឡំ​លោកស្រី​ជាមួយ​ភរិយា​លោក ទ្រូ​ដូ ឡើយ​
20, Nov 2017 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​បដិសេធថា ប្រធានាធិបតី​អាមេរិក មិនបាន​ច្រឡំ​លោកស្រី​ជាមួយ​ភរិយា​លោក ចាស​ស្ទី​ន ទ្រូ​ដូ (Justin Trudeau)  ឡើយ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ម៉ានីល​កន្លងមក​។ អ្វីដែល​កើតឡើង​នោះ​គឺ លោកស្រី​គ្រាន់តែ​បាន​ឆ្លើយតប​លោក ត្រាំ ដែល​ចម្អក​ឲ្យ​ខ្លួន​រឿង​បោះឆ្នោត​កន្លងមក​ប៉ុណ្ណោះ​។​



​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ដា​លោកស្រី Jacinda Arderm  បាន​ទាត់ចោល​ពាក្យ​ចរចា​ម​អា​រ៉ា​ម​ថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ច្រឡំ​លោកស្រី​ថា ជា​ភរិយា​នាយករដ្ឋមន្ត្រី​កាណាដា​លោកស្រី Sophia ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​កន្លងមក​។​

​ការបកស្រាយ​របស់លោក​ស្រី​កើតឡើង ក្រោយ​មានការ​ចុះផ្សាយ​ថា លោក ត្រាំ ចំណាយពេល​ច្រើន​នាទី​ទម្រាំ​ដឹងថា លោកស្រី Arderm ជា​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​។ ក្នុង​កិច្ចប្រជុំ​នោះ​លោក ទ្រូ​ដូ បាន​ណែនាំ​ខ្លួន​លោកស្រី Arderm ព្រោះ​វា​ជា​វេទិកា​ប្រជុំ​ធំ​បំផុត​ដែល​លោកស្រី​ចូលរួម​ចាប់ពី​ឡើងកាន់តំណែង​ខែ​មុន​នោះ​។ 

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  លោកស្រី​បាន​អះអាងថា វា​គ្មាន​ការយល់ច្រឡំ​ដូច្នេះ​ទេ ប៉ុន្តែ​វា​មាន​មេដឹកនាំ​ម្នាក់ (​លោកស្រី​បដិសេធ​បង្ហើប​ឈ្មោះ​) ដែល​យល់​ខុស​ថា លោក ត្រាំ ច្រឡំ​លោកស្រី​ជាមួយ​ភរិយា​ជាមួយ​ភរិយា​លោក ទ្រូ​ដូ​។ លោកស្រី​ក៏បាន​រៀបរាប់​ពី​រឿងរ៉ាវ​នានា​ដែល​កើតឡើង​ប្រាប់​មិត្តភក្តិ​ខ្លួន​នៅ​នូ​វែ​ល​សេ​ឡង់ ក្រោយពេល​ចប់​កិច្ចប្រជុំ​ដែរ​។

​លោកស្រី​បានបង្ហាញ​អារម្មណ៍​សោកស្តាយ​ផងដែរ​ដែល​លោកស្រី​បាន​រៀបរាប់​រឿងរ៉ាវ​ក្នុង​កិច្ចប្រជុំ​ប្រាប់​គេឯង​។ នេះ​ក៏ដោយ​សារ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ទំនាស់ ឬ​ប្រទាំង​ប្រទើស​ផ្នែក​ការទូត​ជាដើម​ផង​។​

Arderm ប្រាប់​ត្រាំ ៖« ខ្ញុំ​ជាប់ឆ្នោត គ្មាន​អ្នក​បាតុកម្ម​ឡើយ​»

​យ៉ាងណាក៏ដោយ  រឿង​ដែល​បាន​កើតឡើង​ពាក់ព័ន្ធ​លោក ដូ​ណា​ល់ ត្រាំ គឺ​លោក​បាន​ចម្អក​ឲ្យ​លោកស្រី​រឿង​បោះឆ្នោត​កន្លងមក​។ ប៉ុន្តែ​លោកស្រី​បាន​តបត​ទៅ​លោក ត្រាំ ថា លោកស្រី​បាន​ជាប់ឆ្នោត​ដោយ​គ្មាន​អ្នក​បាតុកម្ម​តវ៉ា​ឡើយ​។​

​លោកស្រី​បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​នូ​វែ​ល​សេ​ឡង់ New Zealand Herald ដូច្នេះ​ថា​៖ «​ពេល​ខ្ញុំ​កំពុង​ឈរ​រង់ចាំ​បង្ហាញខ្លួន​ក្នុង​ពិធី​លាង​សាយភោជន៍​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​នៅ​ក្រុង​ម៉ានីល​កាលពី​សប្តាហ៍​មុន លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​មនុស្ស​ឈរ​នៅ​ជិត​ខ្លួន និង​ចង្អុល​ខ្ញុំ ហើយ​និយាយថា ‘​ស្រី្ត​ម្នាក់នេះ​បានធ្វើ​ឲ្យ​ប្រជាជន​នូ​វែ​ល​សេ​ឡង់​ជាច្រើន​នាក់​មិន​សប្បាយចិត្ត​’»​។​

​លោកស្រី​បន្តថា​៖ «​ប៉ុន្តែ​ខ្ញុំ​តប​ទៅវិញ​ថា ‘​លោក​ដឹងថា វា​មាន​ប្រជាជន​ប្រហែល ៤០​ភាគរយ​ប៉ុណ្ណោះ​ដែល​មិន​ពេញចិត្ត​។ លោក​ដឹង​ទេ​ថា វា​គ្មាន​អ្នកណាម្នាក់​បាតុកម្ម​ឡើយ​’»​។​

​ក្រោយ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​ឆ្នាំមុន លោក ដូ​ណា​ល់ ត្រាំ ប្រឈម​បញ្ហា​ជាច្រើន​ជាពិសេស​ចលនា​បាតុកម្ម​ប្រឆាំង​លោក និង​មានការ​ទាមទារ​ឲ្យ​សភា​ទម្លាក់​លោក​ពី​តំណែង​ផង​។

​ដោយឡែក​ពេល​សាកសួរ​រឿង​អារម្មណ៍​លោកស្រី​ពេល​ជួប​លោក ត្រាំ ជា​លើកដំបូង លោកស្រី​បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​ត្រាំ ជា​មនុស្ស​មិន​ប្រែប្រួល​។ លោក​ជាម​នុស្ស​តែមួយ​ដូចដែល​យើង​ឃើញ​ទោះ​នៅទីណា​ក៏ដោយ​ទាំង​កាយវិកា និង​ឥរិយាបថ​»៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  ចា​ស្ទី​ន ទ្រូ​ដូ​
  Jacinda Arderm
© រក្សាសិទ្ធិដោយ thmeythmey.com