ជាតិ
នយោបាយជាតិ
LDP ប្រាប់ទៅ គ.ជ.ប ថា ខ្លួនមិនទទួលយកអាសនៈរបស់ CNRP ឡើយ
× ភ្នំពេញ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បដិសេធក្នុងការទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការសម្រេចរំលាយ កាលពីថ្ងៃទី១៦ វិច្ឆិកា។ ការមិនព្រមយកនេះ ធ្វើឡើងស្របពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រាប់ឲ្យគណបក្សនយោបាយចំនួន៦ រៀបចំឈ្មោះបេក្ខជនទទួលយកអាសនៈរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការរំលាយនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងទទួលបានអាសនៈរដ្ឋសភា អាសនៈក្រុមប្រឹក្សាស្រុក អាសនៈឃុំ-សង្កាត់មួយចំនួន របស់គណបក្សសង្គ្រោះជាតិ។ នេះបើយោងតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ប៉ុន្តែយ៉ាងណាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) មិនទទួលយកកៅអីរបស់គណបក្សសង្គ្រោះជាតិ ដែលខ្លួនអាចទទួលបានតាមរយៈការបែងចែក ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ឡើយ។ លិខិតគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចុះហត្ថលេខាដោយ លោក អ៊ី សាំងឡេង អនុប្រធានបក្ស ដែលបានផ្ញើទៅ គ.ជ.ប បានបញ្ជាក់ដូច្នេះថា៖«សូមបញ្ជាក់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា គណបក្សនឹងមិនទទួលយកអាសនៈណាមួយ ដែលផ្ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ»។
បន្ថែមពីលើនេះអគ្គលេខាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក ចិន ថុន បាននិយាយថា មូលហេតុគណបក្សលោក មិនទទួលយកកៅអីរបស់គណបក្សសង្គ្រោះជាតិ ដោយសារតែប្រជាពលរដ្ឋបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ដូច្នេះគណបក្សមិនគួរទៅអង្គុយកៅអីនោះទេ។ លោក ចិន ថុន បានលើកយកពាក្យសម្តីលោក ខឹម វាសនា ប្រធានគណបក្ស ប្រាប់សារព័ត៌មានថ្មីថា៖«ប្រសាសន៏ដ៏មានតម្លៃរបស់ប្រមុខបក្ស(ខឹម វាសនា) ធ្លាប់បានលើកឡើងថា យើងមិនសាកសមទៅធ្វើជាអ្នកតំណាងឲ្យពលរដ្ឋ(អ្នកគាំទ្រCNRP)ទាំងនោះទេ ហើយមនុស្សទាំងនោះ ក៏មិនសាកសមឲ្យយើងទៅបម្រើពួកគាត់ដែរ …»។
តាមវិសោធនកម្មច្បាប់ខាងលើនេះ អាសនៈទាំង៥៥ ក្នុងរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ នឹងត្រូវបែងចែកទៅឲ្យគណបក្សនានាក្នុងអំឡុងពេលយ៉ាងយូរ៧ថ្ងៃ លើកលែងតែគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ គណបក្សនយោបាយទាំង៦ ដែលត្រូវទទួលបានអាសៈពីការបែងចែកនេះ រួមមានគណបក្សហ្វ៊ុន ស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិកម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។
ចំណែកអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៥,០០៧ របស់គណបក្សសង្គ្រោះជាតិ ក៏នឹងត្រូវបែងចែកទៅគណបក្សផ្សេង យ៉ាងយូរ២សប្តាហ៍ខាងមុខដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com