អន្តរជាតិ
ប្រធានសភា​ឥណ្ឌូណេស៊ី​ត្រូវ​ឃាត់ខ្លួន​ក្នុង​មន្ទីរពេទ្យ ព្រោះ​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​
20, Nov 2017 , 10:59 pm        
រូបភាព
ប្រធានសភាឥណ្ឌូណេស៊ី Setya Novanto ដែលអង្គុយលើរទេះរុញ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំង (រូបភាព៖ AP)
ប្រធានសភាឥណ្ឌូណេស៊ី Setya Novanto ដែលអង្គុយលើរទេះរុញ ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំង (រូបភាព៖ AP)
​ប្រធានសភា​ឥណ្ឌូណេស៊ី Setya Novanto ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ជុំវិញ​ករណី​អំពើពុករលួយ​។ លោក Novanto ដែល​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យក្រុង​ហ្សា​ការ​តា​ដើម្បី​ព្យាបាល​បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវបាន​នាំខ្លួន​ទៅកាន់​មន្ទីរឃុំឃាំង​មួយកន្លែង​ដោយ​មន្ត្រី​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​។ លោក Novanto បាន​បដិសេធ​រាល់​ការចោទប្រកាន់​ខាងលើ និង​មិនបាន​ចូលខ្លួន​តាម​ការកោះហៅ​ជាច្រើនលើក ក្រោមលេស​មាន​អភ័យ​ឯក​សិទ្ធ​សភា​។​



​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូណេស៊ី (KPK) បាន​ចាប់ខ្លួន​ប្រធានសភា Setya Novanto ដល់​មន្ទីរ​តែម្ដង​លើ​សំណុំរឿង​អាស្រូវ​ពុករលួយ​ដែលមាន​ទំហំ​ប្រាក់​ដល់​ទៅ​១៧០​លាន​ដុល្លារ​ក្នុង​ការធ្វើ​អត្តសញ្ញាណ​បណ្ណ​អេ​ឡិច​ត្រូ​និ​ច​។ លោក Novanto បានគេច​វេស​មិន​បង្ហាញខ្លួន​តាម​ការហៅ​ជាច្រើន​សប្ដាហ៍​មក ហើយ​កាលពី​សប្ដាហ៍​មុន​ក៏​ចូល​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យ​ក្រោយ​ជួប​គ្រោះ​ចរាចរណ៍​រួចមក​។​

​បើតាម​សារព័ត៌មាន Today លោក Novanto ត្រូវបាន​ឃុំខ្លួន​នៅឯ​ស្នាក់​របស់ KPK ក្នុង​រដ្ឋធានី ហ្សា​ការ​តា​។ អនុប្រធាន​គណៈកម្មកា​រ​ប្រឆាំង​អំពើពុករលួយ លោក Laode Muhammad Syarif និយាយថា លទ្ធផល​ពី​គ្រូពេទ្យ​បានបង្ហាញ​ពី​ស្ថានភាព​ល្អប្រសើរ​របស់លោក Novanto ដែល​មិនចាំបាច់​ទទួលបាន​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ឡើយ​។ ដូច្នេះ ការឃាត់ខ្លួន​នេះ​ក៏​មិនចាំបាច់​ពន្យារពេល​អ្វី​ទៀត​ដែរ​។  

​ប្រធានសភា​ឥណ្ឌូណេស៊ី​រូបនេះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន ខណៈ​កំពុង​ជិះ​រថយន្ត​សំដៅ​ទីស្នាក់ការ​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​។ លោក Fredrich Yunadi ជា​មេធាវី និយាយថា ប្រធាន​គណបក្ស Golkar រូបនេះ បាន​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​។ ជាមួយនឹង​អាវកាក់​ពណ៌​ទឹកក្រូច​សម្រាប់​ជន​ត្រូវ​ឃាត់ខ្លួន លោក Novanto និយាយ​ទាំង​អង្គុយ​លើ​រទេះរុញ​ថា លោក​មិន​នឹកស្មាន​មានការ​ចាប់ខ្លួន​ទាំងយប់​ឡើយ ហើយ​លោក​គួរ​មាន​ពេល​ដើម្បី​ព្យាបាល​ជំងឺ​សិន​។

​ជុំវិញ​សំណុំរឿង​ពុករលួយ​នេះ តុលាការ​ពិសេស​មួយ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្វែងរក​ការពិត​កាលពី​ខែមីនា​។ ប៉ូលិស​ប្រឆាំង​អំពើពុករលួយ​អះអាងថា មនុស្ស​ប្រហែល​៨០​នាក់ ដែល​ភាគច្រើន​ជា​សមាជិកសភា និង​ក្រុមហ៊ុន​ធំៗ បាន​កេងចំណេញ​ថវិកា​ចំនួន​មួយ​ភាគបី​នៃ​ថវិកា​ទាំងអស់​សម្រាប់​ចំណាយ​ក្នុង​គម្រោង​បង្កើត​អត្តសញ្ញាណ​បណ្ណ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី​ជាង​២៥៥​លាន​នាក់​។​

​លោក Novanto ជាប់​ឈ្មោះ​ជា​ជនសង្ស័យ​ក្នុងករណី​អំពើពុករលួយ​ដ៏​ធំ​នេះ​ក្នុង​ខែកក្កដា តែ​លោក​ក៏បាន​បដិសេធ​ជា​ហូរហែរ​រហូតមក​ដែរ​។ ចំណែកឯ​សម្ព័ន្ធមិត្ត​នយោបាយ​របស់លោក Novanto ក៏បាន​ស្នើ​ឲ្យ​លោក​គោរព​តាមច្បាប់​រដ្ឋ​ដែរ​។  ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ បាន​ប្រាប់​ឲ្យ​លោក Novanto គោរព​តាម​នីតិវិធី​ច្បាប់ ស្របពេល​ដែល​លោក​អនុ​ប្រ​ធានា​ធិ​ប​តូ យូ​សូ​ហ្វ កាឡា ដែលជា​សមាជិក​បក្ស Golkar ដែរ បាន​ប្រាប់​ឲ្យ​លោក Novanto ត្រៀមខ្លួន​ប្រឈមមុខ​ផ្លូវច្បាប់​ផងដែរ​៕       


Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com