រថយន្ត
អន្តរជាតិ
សម្តេចប៉ាបបានកាដូ Lamborghini ដ៏ទំនើប ប៉ុន្តែព្រះអង្គដាក់លក់ដើម្បីសប្បុរសធម៌
× សម្តេចប៉ាប ហ្វ្រង់ស៊ីស ទទួលបានអំណោយរថយន្តដ៏ទំនើបមួយគ្រឿងម៉ូដែល Huracan ពីក្រុមហ៊ុនផលិតរថយន្ត Lamborghini ។ ទោះជាយ៉ាងណាក៏ ព្រះអង្គមិនបានប្រើប្រាស់រថយន្តនេះឡើយ ដោយព្រះអង្គសម្រេចព្រះទ័យយកវាទៅដាក់លក់ចេញថ្លៃ ដើម្បីមូលនិធិសប្បុរសធម៌។
ក្រុមហ៊ុន Lamborghini បានប្រគេនអំណោយរថយន្តប្រភេទកីឡា Lamborghini Huracan ដ៏ថ្មីសន្លាង ដល់សម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស ដោយរថយន្តនោះ មានពណ៌ស និងឆ្នូតពណ៌លឿង។ តំណាងក្រុមហ៊ុន បានយកទៅថ្វាយដល់សម្តេចប៉ាបផ្ទាល់នៅបុរីវ៉ាទីកង់ កាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា កន្លងមក។
ដោយសារតែសម្តេចប៉ាប ហ្វ្រង់ស៊ីស មានរថយន្តជាច្រើនរួចទៅហើយ ជាពិសេសរថយន្តដែលនៅសេសសល់ពីសម្តេចប៉ាបមុនៗ ព្រះអង្គបានសម្តេចព្រះទ័យយករថយន្តនោះដាក់លក់ចេញថ្លៃនៅក្រុមហ៊ុន Sotheby។
មិនមានការបញ្ជាក់ពីតម្លៃនៃរថយន្តដែលសម្តេចសង្ឃទទួលបានពីក្រុមហ៊ុន Lamborghini នោះឡើយ ប៉ុន្តែបើតាមអត្រាតម្លៃរថយន្តប្រភេទ Huracan កាលពីឆ្នាំ២០១៤ មានមានតម្លៃប្រមាណ១៨៣ ០០០អឺរ៉ូ [ជាង២០ម៉ឺនដុល្លារអាមេរិក]។ តម្លៃដែលសម្តេចប៉ាបដាក់លក់ដេញថ្លៃក៏ប្រហាក់ប្រហែលគ្នាផងដែរ។
កាសែតបារាំង Le Figaro បានផ្សាយឲ្យដឹងថា ថវិកាដែលទទួលបានពីការលក់រថយន្ត Lamborghini Huracan នឹងយកទៅប្រើប្រាស់សម្រាប់គម្រោងសាងសង់លំនៅដ្ឋានដល់សហគមន៍គ្រឹស្តសាសនា នៅតំបន់ Ninive ប្រទេសអ៊ីរ៉ាក់ ដែលការបំផ្លាញដោយក្រុមឧទ្ទាមជីហាត។
សម្រាប់ដំណើរទូទៅ សម្តេចសង្ឃ ប៉ាប ហ្វ្រង់ស៊ីស ប្រើប្រាស់រថយន្ត Ford Focus ដ៏សាមញ្ញមួយ៕
© រក្សាសិទ្ធិដោយ thmeythmey.com