ជាតិ
រថយន្ត
គ្មានទៀតឡើយ សេវាកម្មជួលម៉ូតូ ឬរថយន្តឲ្យភ្ញៀវបរទេសបើកនៅសៀមរាប ជនបរទេសមិនមានសិទ្ធិជួលម៉ូតូ ឬរថយន្តបើកខ្លួនឯងសម្រាប់ដំណើរកម្សាន្តនៅសៀមរាបឡើយ។ រូបថត AFP
× សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប តាមរយៈសេចក្តីណែនាំរបស់ខ្លួនកន្លងទៅថ្មីៗនេះ បានប្រាប់ដល់ម្ចាស់អាជីវកម្ម ដែលមានសេវាកម្មជួលម៉ូតូ រថយន្តគ្រប់ប្រភេទ ឱ្យបញ្ឈប់ជួលដល់ភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តក្នុងខេត្តសៀមរាប។ ម្ចាស់អាជីវកម្មណា ដែលល្មើសនឹងសេចក្តីណែនាំនេះ នឹងត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ក្នុងករណីមានបញ្ហាអ្វីកើតឡើងជាយថាហេតុ។
ការចេញបំរាមនេះ ដោយសារកន្លងមក មានភ្ញៀវទេសចរបរទេសមួយចំនួន បានជួបគ្រោះថ្នាក់ចរាចរណ៍ ខ្លះមានស្លាប់ និងរបួស ដោយសារបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជាបើកបរហួសល្បឿនកំណត់ ស្ថិតក្នុងឥទ្ធិពលគ្រឿងស្រវឹង ប្រើប្រាស់ថ្នាំញៀន។ល។ នេះបើយោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លិខិតដដែល រដ្ឋបាលខេត្តសៀមរាបបានប្រាប់ដល់ម្ចាស់អាជីវកម្មជួល ការឱ្យខ្ចី ឬផ្តល់មធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដល់ជនបរទេស បញ្ឈប់ផ្តល់សេវាកម្មដល់ជនបរទេស ដែលបើកបរដោយខ្លួនឯង លើកលែងតែកង់ និងកង់អគ្គិសនី។ ម្ចាស់អាជីវកម្មទាំងអស់ ដែលមិនគោរពសេចក្តីណែនាំនេះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ ឬអាចផ្អាកទីតាំងអាជីវកម្មបណ្តោះអាសន្ន ឬបិទជាស្ថាពរ។ ចំណែកយានយន្តដែលឱ្យខ្ចី ឫជួល ត្រូវមានបំពាក់ ស្លាកលេខសម្គាល់យានយន្តឱ្យបាន ត្រឹមត្រូវ។
រដ្ឋបាលខេត្តសៀមរាប ក៏ឆ្លៀតលើកឡើងពីបញ្ហាជនបរទេស ដែលកំពុងធ្វើការនៅសៀមរាបផងដែរ។ ភ្ញៀវទេសរ ឬជនបរទេស ដែលកំពុងបំពេញការងារក្នុងសមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលប្រើប្រាស់យានយន្តមានទំហំស៊ីឡាំងក្រោម ១២៥ សង់ទីម៉ែត្រគូប ឬមាន ថាមពលអគ្គិសនីលើសពី១១ គីឡូវ៉ាត់ មិនតម្រូវឱ្យមានបណ្ណបើកបរឡើយ បើលើសពីនេះ ទំហំកំណត់នេះ តម្រូវឱ្យមានបណ្ណបើកបរ តាមច្បាប់ និងទៅតាមប្រភេទយានយន្តជាកំហិត៕
Tag:
ជួលម៉ូតូ-រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com