រថយន្ត
អន្តរជាតិ
កូរ៉េខាងជើង​នៅ​ជំពាក់​ថ្លៃ​រថយន្ត​១០០០​គ្រឿង​ដែល​ទិញ​ពី​ស៊ុយអែត​កាលពី​៤៣​ឆ្នាំមុន​
20, Nov 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ស៊ុយអែត​តែងតែ​រំលឹក​កូរ៉េខាងជើង​យ៉ាងហោចណាស់​ពីរ​លើ​ក្នុង​១​ឆ្នាំ​ទាក់ទង​នឹង​បំណុល​ដែល​ជំពាក់​ថ្លៃ​រថយន្ត VOLVO ១០០០​គ្រឿង​កាលពី​៤៣​ឆ្នាំមុន​។ នេះ​បើតាម​ការអះអាង​របស់​ភ្នាក់ងារឥណទាន​នាំចេញ​ស៊ុយអែត (EKN)​។​



​កាលពី​អំឡុង​ឆ្នាំ​១៩៧៤ កូរ៉េខាងជើង​បាន​បញ្ជា​ទិញ​សម្ភារៈ និង​បច្ចេកវិទ្យា​ទំនើបៗ​ពី​ប្រទេស​ឧ​ស្សហកម្ម ជាពិសេស​លោកខាងលិច​។ ក្នុងចំណោម​នោះ កូរ៉េខាងជើង​បាន​ទិញ​រថយន្ត VOLVO 144 ចំនួន​១០០០​គ្រឿង​ពី​ក្រុមហ៊ុន​នានា​នៅ​ស៊ុយអែត ដែលមាន​ទឹកប្រាក់​សរុប​៧៣​លាន​ដុល្លារ​អាមេរិក​។ រយៈពេល​៤​ទសវត្សរ៍​កន្លងមក​នេះ កូរ៉េខាងជើង​មិនបាន​សង​ប្រាក់​មួយ​សែន​ណា​ឡើយ ដែល​ធ្វើ​ឲ្យ​ទឹកប្រាក់​ឡើង​គុណ​ជា​៤ ដោយ​កើន​ឡើងដល់​៣៣០​លាន​ដុល្លារ​អាមេរិក​។​

​ក្នុង​របាយការណ៍​មួយ​របស់ខ្លួន​នៅ​ចុងឆ្នាំ​២០១៦ ភ្នាក់ងារឥណទាន​នាំចេញ​ស៊ុយអែត (EKN) បានបញ្ជាក់​ឲ្យ​ដឹងថា កូរ៉េខាងជើង​ជា​កូនបំណុល​ដ៏​ធំ​របស់​ស៊ុយអែត ក្នុងចំណោម​ប្រទេស​ចំនួន​១៣​ដែល​ត្រូវ​ទូទាត់​បញ្ជី លើកលែងតែ​ស៊ី​រី វេ​ណេ​ស៊ុយ​អេ​ឡា និង​ស៊ីម​បា​វ៉េ​។​

​របាយការណ៍​បាន​លើកឡើងថា ប្រទេស​ដែលជា​កូនបំណុល​របស់​ស៊ុយអែត បាន​សង​ប្រាក់​ជា​បន្តបន្ទាប់ លើកលែងតែ​កូរ៉េខាងជើង​មួយ​ប៉ុណ្ណោះ​ដែល​មិន​អើពើ​។

​ស៊ុយអែត​ស្ថិត​ក្នុងចំណោម​លោកខាងលិច​ដ៏​តិចតួច​ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយ​កូរ៉េខាងជើង​។ កាលពី​ខែតុលា ឆ្នាំ​២០១៦ មានការ​បញ្ជាក់ថា រថយន្ត VOLVO ទាំងនោះ កំពុង​ត្រូវបាន​ប្រើប្រាស់​នៅឡើយ​នៅ​កូរ៉េខាងជើង​។​

​អ្នក​ថតរូប​ជនជាតិ​ស៊ុយអែត និង​ជា​សហគ្រិន​ម្នាក់ ឈ្មោះ Tor Rauden Kallstigen បាន​ទៅ ដល់​ក្រុង​ព្យុងយ៉ាង​កាលពី​ឆ្នាំ​២០០៨ ក៏​ធ្លាប់​ឃើញ រថយន្ត VOLVO ដែល​ទិញ​ពី​ប្រទេស​របស់ខ្លួន​ផងដែរ​។ បើតាម​សេចក្តីរាយការណ៍​មួយចំនួន រថយន្ត​ខ្លះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​រត់​តាក់ស៊ី​៕


© រក្សាសិទ្ធិដោយ thmeythmey.com