អន្តរជាតិ
ចិន ផ្តល់អនុសាសន៍បីចំណុចដល់មីយ៉ាន់ម៉ាដើម្បីដោះស្រាយវិបត្តិក្នុងស្រុក រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (ឆ្វេង) ជួបជាមួយលោកប្រធានាធិបតីមីយ៉ាន់ម៉ា Htin Kyaw នៅក្រុង Naypydaw នាថ្ងៃទី២០ ខែវិច្ឆិកា។ រូបថត AFP
× រដ្ឋាភិបាលក្រុងប៉េកាំង បានលើកឡើងពីដំណោះស្រាយបីជំហានដល់រដ្ឋាភិបាលក្រុងណៃពិដោរដើម្បីដោះស្រាយវិបត្តិនៅក្នុងរដ្ឋ Rakhine ដែលបាននិងកំពុងតែទទួលការបន្ទោសខ្លាំងពីសហគមន៍អន្តរជាតិ ។ ក្រុងប៉េកាំង ក៏បានមានសង្ឃឹមថា អនុសាសន៍នេះ នឹងទទួលបានការស្វាគមន៍ពីមីយ៉ាន់ម៉ា និងបង់ក្លាដែស ដែលជាភាគីពាក់ព័ន្ធខ្លាំងបំផុតនោះ ។
ទំនងជាមិនអាចទ្រាំមើលនឹងភ្នែកចំពោះវិបត្តិដែលបានកើតមាននៅក្នុងប្រទេសជិតខាងរបស់ខ្លួន គឺមីយ៉ាន់ម៉ា រដ្ឋាភិបាលក្រុងប៉េកាំង នៅថ្ងៃ១៩ វិច្ឆិកា បានលើកឡើងជាអនុសាសន៍បីចំណុចសម្រាប់មីយ៉ាន់ម៉ា និងបង់ក្លាដែសដើម្បីបញ្ចប់ចំណុចវិវាទលើវិបត្តិជនភៀសខ្លួន នៅក្នុងរដ្ឋ Rakhine ។
បើតាមប្រភពព័ត៌មាន Reuters លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានស្នើឲ្យមីយ៉ាន់ម៉ា និងបង់ក្លាដែស ដោះស្រាយវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា តាមរយៈ «ការពិគ្រោះយោបល់» ហើយមីយ៉ាន់ម៉ា ក៏គួរតែធានាឲ្យបាននូវ «បទឈប់បាញ់មួយ» ។ រីឯចំណុចទីបី និងចំណុចចុងក្រោយនោះ ភាគីពាក់ព័ន្ធ គួរតែមានដំណោះស្រាយ ដែលអាចអនុវត្តក្នុងរយៈពេលវែងផងដែរ ។
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ គិតចាប់ពីការប៉ះទង្គិចនៅខែសីហាមក មានជនភៀសខ្លួនជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា ជាង៦០ម៉ឺននាក់ហើយ បានភៀសខ្លួនចេញពីរដ្ឋ Rakhine របស់មីយ៉ាន់ម៉ាទៅកាន់បង់ក្លាដែស ដោយពួកគេ បានអះអាងថា ពួកគេ រងការគំរាមកំហែងពីសំណាក់អាជ្ញាធរ ។ បច្ចុប្បន្ន មីយ៉ាន់ម៉ា និងបង់ក្លាដែស ក៏កំពុងតែចរចាគ្នាដើម្បីបញ្ជូនជនភៀសខ្លួនទៅត្រលប់ទៅកាន់ប្រភពដើមផងដែរ ។
ជុំវិញបញ្ហានេះដែរ មីយ៉ាន់ម៉ា បានរងនូវការបន្ទោស និងថ្កោលទោសពីសហគមន៍អន្តរជាតិច្រើន ។ គួរកត់សម្គាល់ដែរនោះ ស្ថាប័នក្រោមដំបូលអង្គការសហការសហប្រជាជាតិ ដែលរួមមាន មហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ សុទ្ធសឹងតែបានចេញសេចក្តីថ្លែងការណ៍ និងសេចក្តីសម្រេចជាបន្តបន្ទាប់ដើម្បីឲ្យអាជ្ញាធរមីយ៉ាន់ម៉ាបញ្ចប់ហិង្សា និងធានាឲ្យបានការពារសិទ្ធិមនុស្សដល់ជនរងគ្រោះនៅក្នុងរដ្ឋ Rakhine ៕
Tag:
មីយ៉ាន់ម៉ា
ចិន
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com